
គ្រូប្រដាល់រត់ម៉ូតូឌុបរកប្រាក់ចិញ្ចឹមសិស្សគុន ស្តារកេរិ៍្តឈ្មោះឪពុកឡើងវិញ
ដោយ ៖ ក. សុទ្ធំ ថ្ងៃទី 05 ធ្នូ 2011ម៉ោង 13:48:32
ម្ចាស់ក្លឹបប្រដាល់ក្បាច់បុរាណខ្មែរមួយកន្លែងដែលខ្លួនគាត់ទើបនឹងបង្កើតវាឡើង ក្រៅពីបង្ហាត់សិស្សលោកបានយកពេលសេសសល់ពីការបង្ហាត់សិស្សទៅប្រកបរបរបន្ថែមទៀតគឺរត់ម៉ូតូឌុបដើម្បីបង្គ្រប់ជីវភាពក្នុងគ្រួសារដ៏ធំមួយដែលមានគ្នាទាំងអស់ជិត២០នាក់។
ដោយស្ថិតលើក្បាលមានមួកនិងអាវមានស្នាមទឹកអំបិលសៗគូសវាសក្រវេមក្រវាមនៅលើផង ក្រៅពីនេះគេអាចមើលឃើញនូវតំណក់ញើសហូរកាត់ជើងសក់រហាម ឯភ្នែកគាត់ក្រឡេកក្រឡាប់ម្ដងឆ្វេងម្ដងស្ដាំដូចពេលដែលគាត់កំពុងបង្ហាត់ដល់សិស្សគុន យ៉ាងដូច្នោះដែរ។ តាមពិតលោកមិនស្ថិតក្នុងពេលបង្ហាត់ទេ គឺលោកកំពុងរំពៃរកម៉ូយសោះ។ ទង្វើរបស់គ្រូម្នាក់នេះធ្វើឱ្យគេនឹក ឃើញទៅដល់ម្ចាស់ក្លឹបប្រដាល់ធំៗនៅភ្នំពេញ និងខេត្ដខ្លះដែលពុំបានខ្វាយខ្វល់បែបនេះទេ គឺម្ចាស់ក្លឹបទាំងនោះអង្គុយរំភើយពិភាក្សាគ្នានៅតាមតៀមកាហ្វេ សើចក្អាកក្អាយសប្បាយចិត្ដមិនភ័យព្រួយពីការមិនមានឧិកាសឱ្យសិស្សឡើងប្រកួតទេ តែសម្រាប់លោកគ្រូម្នាក់នេះគឺព្រួយចង់បានសិស្សឡើងប្រកួត។ កាលណាបានប្រកួតគឺបានកម្រៃខ្លះសម្រាលក្លឹបមិនខានតែគ្មានឱកាសសោះដោយគេយកលេសថា ក្លឹបគេកើតរាប់ឆ្នាំមកហើយ។
មុធីជាអ្នកជិតខាងគ្រូប្រដាល់រូបនេះបានឱ្យដឹងថា វាស្ទើរតែរៀងរាល់ថ្ងៃដែលលោកគ្រូ ឈិន ខ្វាន់ចៃ អង្គុយចាំចាប់ម៉ូយនៅក្រោមស្ពានអាកាសនេះ ហើយគួរឱ្យអាណិតគាត់ដែរ ដែលគាត់ជាគ្រូប្រដាល់ម្នាក់ បែរជាធ្លាក់ខ្លួនមករត់ម៉ូតូឌុបដូចពួកគេបែបនេះ។
បុរសម្នាក់ដែលពិពណ៌នាខាងលើឈ្មោះ ឈិន ខ្វាន់ចៃ អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅខេត្ដបាត់ដំបង។ លោកជាអតីតអ្នកប្រដាល់កាលពីឆ្នាំ១៩៧០បា្លយ។ លោកប្រកបរបរជាអ្នករត់ឌុបបន្ថែមដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ និងចិញ្ចឹមក្លឹបដែលទើបនឹងបង្កើត។
លោកម្ចាស់ក្លឹបបានពោលពាក្យត្អូញត្អែរថា បើមិនឆ្លៀតពេលខ្លះទេគឺវាពិតជាអ្នកក្នុងគ្រួសារគ្មានអ្វីបរិភោគទេ ព្រោះសិស្សគុនទាំងអស់មិនធ្វើអ្វីទេ ក្រៅពីរង់ចាំឡើងលើសង្វៀនប្រកួតនិងមិនដឹងថាវាមាននៅពេលណាផងនោះ។
មូលហេតុដែលលោកតស៊ូទាំងត្រដាបត្រដួសខិតខំលះបង់កម្លាំងកាយចិត្ដនិងពេលវេលាទាំងលំបាក ដើម្បីបង្កើតបានក្លឹបកីឡាប្រដាល់ មួយមានឈ្មោះថា “ក្លឹបមកុដរាជសីហ៍” មានទីតាំងនៅម្ដុំក្បាលថ្នល់ជិតស្ពានអាកាសបែបនេះក៏ព្រោះតែលោកមានបំណងចង់រក្សាកេរ្ដិ៍ឈ្មោះឪពុកខ្លួនដែលធ្លាប់មានភាពល្បីល្បាញគួរសមកាលពីអតីតកាលនោះគឺ លោក ឈិន ខ្វាន់។ ពិសេសខ្លួនលោកដែលជាអ្នកងប់ងុលនិងស្រឡាញ់ចង់លើកស្ទួយវិស័យកីឡាប្រដាល់ក្បាច់បុរាណខ្មែរទៀតផងនោះ ទើបបានជាលោកឯកភាពនឹងលោក គង់ ចាន់ ធីណា បង្កើតក្លឹបមួយនេះឡើងមានអាយុ៤មកខែហើយ និងមានកីឡាករសរុបជាង១០នាក់ ហើយទីតាំងហ្វឹកហាត់សព្វថ្ងៃគឺជួលគេក្នុង១ខែ៥០ដុល្លារ ។
លោក ឈិន ខ្វាន់ចៃ បានប្រាប់ទៀតថា ខ្ញុំស្រឡាញ់កីឡាប្រដាល់ណាស់ ហើយខ្ញុំមិនបោះបង់អាជីពនេះចោលទេ ព្រោះខ្ញុំចង់រក្សាកេរ្តិ៍ឈ្នោះឪពុកឱ្យល្បីឡើងវិញ។ ខ្ញុំសុខចិត្ដរត់ម៉ូតូឌុបដើម្បីរកប្រាក់ដោះទ័ល និងសន្សំប្រាក់កាសខ្លះសម្រាប់ទិញឧបករណ៍ ហ្វឹកហាត់នៅក្នុងក្លឹប ព្រោះសម្ភារៈដែលហ្វឹកហាត់សព្វថ្ងៃមានតែបាវសាក់១ ដែលយកបាវយើងធម្មតាយកមកដាក់ដីខ្សាច់ សម្រាប់ដាក់ឱ្យសិស្សហាត់រៀន។ ម្យ៉ាងវិញទៀតទីធ្លានេះក៏តូចចង្អៀតគ្រាន់តែឈរហាត់៤នាក់ពេញអស់ទៅហើយ។
គ្រូបង្វឹករូបនេះបន្ដទៀតថា ពេលព្រឹកឆ្លៀតរត់ម៉ូតូឌុប ឯពេលរសៀលចាប់ពីម៉ោង២ទៅលោកបង្ហាត់សិស្សរហូតដល់ម៉ោង៦ និង៣០នាទីល្ងាច។
សព្វថ្ងៃពិតជាជួបការលំបាកបន្ដិចមែន តែលោកសុខចិត្ដស៊ូទ្រាំដោយមិនត្អួញត្អែរឡើយ ហើយក៏មានសប្បុរសជនមួយចំនួនបាន ជួយជាថវិកានិងសម្ភារៈផ្សេងៗដែរ តែមិនគ្រប់គ្រាន់ទេ ព្រោះមានសិស្សខ្លះស្នាក់នៅហូបចុកជាមួយតែសិស្សខ្លះគេហូបចុកនៅផ្ទះរបស់គេ។ លោកមានបំណងស្វែងរកការឧបត្ថម្ភបន្ថែមទៀតដែរ ព្រោះក្លឹបរបស់លោកនៅថ្មីថ្មោងហើយមិនទាន់មានកីឡាករណាម្នាក់បានឡើងសង្វៀនប្រកួតរកបានចំណូលនៅឡើយទេ។ លោកបានអះអាងថាៈ “ខ្ញុំមានកីឡាករសម្រាប់ការប្រកួតគីឡូធ្ងន់ៗ ហើយខ្ញុំធានាថា ពួកគេសុទ្ធតែវាយនិងមានល្បិចវាយបានល្អ។ គឺគេវាយអស់ពីសមត្ថភាព បើទោះជាគេចាញ់ក៏ចាញ់ទាំងល្អមើលដែរ ” ។
