
អាជ្ញាធរខេត្តមណ្ឌលគិរីដឹកនាំមន្ត្រីរាជការកងកម្លាំងសិស្សានុសិស្សរួមគ្នាសំអាតទីធ្លាសាធារណៈ
ដោយ ៖ ឦសាន្ត ថ្ងៃទី 15 ធ្នូ 2011ម៉ោង 13:27:41
ខេត្តមណ្ឌលគិរីៈ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១នេះ លោកចាន់ យឿន អភិបាលនៃគណអភិបាលខេត្តមណ្ឌលគិរីបានដឹកនាំ និងចលនារួមគ្នាក្នុងការសម្អាតបរិស្ថានក្នុងក្រុងសែនមនោរម្យ ដើម្បីទីក្រុងស្អាតរមនីយរដ្ឋានស្អាត សេវាកម្មល្អ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឆ្លើយតបទៅនឹងកំណើនភ្ងៀវទេសចរណ៍នាពេលបច្ចុប្បន្ន ដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជាយើង។
នាឱកាសនោះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត ស្នងការ ស្នងការរង ប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរកសិកម្មខេត្ត កងកម្លាំង លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស រួមនិងប្រជាពលរដ្ឋសរុបជិតមួយពាន់នាក់ ។
លោក ឈិត សុផល ប្រធានមន្ទីរបរិស្ថានខេត្តបានឲ្យដឹងថា ការរួមគ្នា្ជជួយសម្អាតទីក្រុងឲ្យបរិស្ថានល្អ គឺមានអត្ថប្រយោជន៍ជាច្រើនដូចជាសុខមាភាពល្អ សោភ័ណភាពស្អាត ទីក្រុងស្អាត រមនីយរដ្ឋានស្អាត សេវាកម្មល្អ ទាំងអស់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងជំរុញផ្សព្វផ្សាយ គ្រប់ស្ថាប័ន និងប្រជាពលរដ្ឋឲ្យរួមគ្នាសម្អាតបរិស្ថាន។ លោកបានបន្តទៀតថា បើទោះបី នៅតាមទីក្រុង រមនីយរដ្ឋានមានសេវាប្រមូលសម្រាមយ៉ាងណាក៏ដោយ ក៏មិនបានស្អាតមួយរយភាគរយនោះដែរ ទល់តែយើងទាំងអស់គ្នារួមគ្នាជួយសម្អាត ថែទាំ ទើបបរិស្ថានជុំវិញខ្លួនយើងបរិសុទ្ឋ និងមានសោភ័ណភាពល្អ ដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិ។
លោកឧត្តមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ស្នងការនៃស្នងការដ្ឋាននគរខេត្ត ក៏បានឲ្យដឹងដែរថា ថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងចូលរួមជិតមួយរយនាក់ផងដែរ ក្នុងយុទ្ឋនាការសម្អាតបរិស្ថាននៅថ្ងៃនេះ។ លោកបានបន្តទៀតថា កងកម្លាំងប្រដាប់មិនត្រឹមតែមានតួនាទីការពារសន្តិសុខសណ្តាប់ធ្នាប់ និងការពារប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែមានភារកិច្ចក្នុងការចូលរួមសម្អាតបរិស្ថានគ្រប់ទីកន្លែងទាំងអស់គ្នាផងដែរ។
យុវសិស្សឈ្មោះ ហេង តារា សិស្សវិទ្យាយហ៊ុនសែនមណ្ឌលគិរី មានចំណាប់អាម្មណ៍ដែរថា សិស្សទាំងអស់គ្នាមកចូលរួមនាពេលនេះមានភាពសប្បាយរីករាយ ដោយបានចូលរួមសម្អាតបរិស្ថានជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ នៅក្នុងក្រុងសែនមនោរម្យ នាព្រឹកនេះ បើទោះបីមិនមានកម្មវិធីរួមគ្នាថ្ងៃនេះ ក៏សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅគ្រប់សាលារៀនទូទាំងប្រទេស បានធ្វើពលកម្មក្នុងសាលារៀនដែរ ព្រោះក្នុងមួយសប្តាហ៍សិស្សទាំងអស់គ្នាត្រូវយកថ្ងៃព្រហស្បតិ៍ជាថ្ងៃពលកម្មដើម្បីសម្អាតទីធ្លារក្នុងសាលារៀនឲ្យ មានសោភ័ណភាពស្អាត និងបរិស្ថានល្អ ៕
