
ស្ថាប័នហ្សាកាត់នៅរដ្ឋស្លាង ប្រទេសម៉ាឡេស៊ីបានឧបត្ថម្ភថវិការ៧១.២០០ដុល្លារជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា
ដោយ ៖ សំរឹត ថ្ងៃទី 21 ធ្នូ 2011ម៉ោង 16:49:58
ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈនិងជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជាបាន ចូលរួមបិទវគ្គបណ្ដុះបណ្ដាលគរុកោសល្យ ដល់គ្រូបង្គោលអ៊ិស្លាមកម្ពុជា២០០ នាក់ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ នៅភូមិ រការ ខេត្ដកំពង់ចាម ។
វគ្គបណ្ដុះបណ្ដាលបានដំណើរការរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ ដោយមានការឧបត្ថម្ភ ពីលោក Dato Aidit Bin Ghazali សមា ជិកនៃក្រុមប្រឹក្សាសាសនាអ៊ិស្លាម ស្ថាបន ហ្សាកាត់នៅរដ្ឋស្លាង(SELAGOR) ប្រទេសម៉ាឡេស៊ី បានឧបត្ថម្ភថវិកា ៧១.២០០ដុល្លារ សម្រាប់បណ្ដុះបណ្ដាល គរុកោសល្យដល់គ្រូបង្គោលអ៊ិស្លាម កម្ពុជាទូទាំងប្រទេស៨០០នាក់ ។
លោកសឹម សុព្រី អភិបាលរងខេត្ដ កំពង់ចាម បានលើកឡើងថា យើងជា គ្រូបង្រៀនត្រូវមានសមត្ថភាពបច្ចេក ទេសក្នុងការបង្រៀននិងមានសីលធម៌ រស់នៅល្អ អត្ដចរិតល្អ ត្រូវធ្វើជាគំរូល្អ ចំពោះសិស្ស ទើបការសាបព្រោះចំណេះ ដឹងដល់សិស្សទទួលបានលទ្ធផលល្អ ។
លោក Dato Aidit Bin Ghazali សមាជិកនៃក្រុមប្រឹក្សាសាសនាអ៊ិស្លាមបានថ្លែងថា នៅថ្ងៃទី២៦ រហូតដល់ ថ្ងៃទី៣០ ខែធ្នូនេះ ក្រុមការងាររបស់ លោកនឹងបន្ដដំណើរទៅបើកវគ្គបណ្ដុះ បណ្ដាលរយៈពេល៤ទៀតនៅខេត្ដក្រចេះដែលនឹងមានគ្រូចូលរួម២០០នាក់ ។
លោកអូស្មាន ហាស្សាន់ បានថ្លែង អំណរគុណចំពោះស្ថាបន័ហ្សាកាត់នៅ រដ្ឋស្លាង (SELAGOR) ប្រទេសម៉ាឡេស៊ី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សហគមន៍អ៊ិស្លាមនៅកម្ពុជា ជាពិសេស ជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅ កម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោកបានផ្ដាំផ្ញើដល់គ្រូបង្គោលទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅអនុវត្ដបង្រៀន ដល់សិស្សនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យពួកគេក្លាយជាសិស្សល្អ មិត្ដល្អ កូនល្អ និងពលរដ្ឋល្អនៅក្នុងសង្គមដើម្បី រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំប្រកបដោយគតិបណ្ឌិត ។
បន្ទាប់មកលោកអូស្មាន ហាស្សាន់ និងគណៈប្រតិភូម៉ាឡេស៊ីបានចែកវិញ្ញាបនបត្រជូនគ្រូបង្គោលអ៊ិស្លាមកម្ពុជា ២០០នាក់ ដែលមកពីខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប និងបាន ឧបត្ថម្ភថវិកាម្នាក់ៗ១២ម៉ឺនរៀលដែលសរុបថវិកាទាំងអស់២៤លានរៀល៕
