ស្ថាប័ន​ហ្សា​កាត់​នៅ​រដ្ឋ​ស្លាង​ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ឧបត្ថម្ភ​ថវិការ​៧១.២០០​ដុល្លារ​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា​

ដោយ​ ៖ សំរឹត ថ្ងៃទី 21 ធ្នូ 2011ម៉ោង 16:49:58

​ភ្នំពេញ​ ៖​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះ​ បណ្ដាល​វិជ្ជាជីវៈ​និង​ជា​ប្រធាន​អង្គការ​ មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លី​ម​កម្ពុជា​បាន​ ចូលរួម​បិទ​វគ្គ​បណ្ដុះបណ្ដាល​គរុកោសល្យ​ ដល់​គ្រូ​បង្គោល​អ៊ិ​ស្លា​ម​កម្ពុជា​២០០​ នាក់​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ ខែធ្នូ​ នៅ​ភូមិ​ រការ​ ខេត្ដកំពង់ចាម​ ។​

​វគ្គ​បណ្ដុះបណ្ដាល​បាន​ដំណើរការ​រយៈពេល​៤​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១១​ ដោយ​មានការ​ឧបត្ថម្ភ​ ពី​លោក​ Dato​ Aidit​ Bin​ Ghazali​ សមា​ ជិ​ក​នៃ​ក្រុមប្រឹក្សា​សាសនា​អ៊ិ​ស្លា​ម​ ស្ថាបន​ ហ្សា​កាត់​នៅ​រដ្ឋ​ស្លាង​(SELAGOR)​ ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ឧបត្ថម្ភ​ថវិកា​ ៧១.២០០​ដុល្លារ​ សម្រាប់​បណ្ដុះបណ្ដាល​ គរុកោសល្យ​ដល់​គ្រូ​បង្គោល​អ៊ិ​ស្លា​ម​ កម្ពុជា​ទូ​ទាំង​ប្រទេស​៨០០​នាក់​ ។​
​លោក​សឹម​ សុ​ព្រី​ អភិបាលរង​ខេត្ដ​ កំពង់ចាម​ បាន​លើក​ឡើង​ថា​ យើង​ជា​ គ្រូបង្រៀន​ត្រូវ​មាន​សមត្ថភាព​បច្ចេក​ ទេស​ក្នុង​ការ​បង្រៀន​និង​មាន​សីលធម៌​ រស់នៅ​ល្អ​ អត្ដ​ចរិតល្អ​ ត្រូវធ្វើ​ជា​គំរូ​ល្អ​ ចំពោះ​សិស្ស​ ទើប​ការ​សាបព្រោះ​ចំណេះ​ ដឹង​ដល់​សិស្ស​ទទួល​បាន​លទ្ធផល​ល្អ​ ។​

​លោក​ Dato​ Aidit​ Bin​ Ghazali​ សមាជិក​នៃ​ក្រុមប្រឹក្សា​សាសនា​អ៊ិ​ស្លា​ម​បាន​ថ្លែង​ថា​ នៅ​ថ្ងៃ​ទី​២៦​ រហូត​ដល់​ ថ្ងៃ​ទី​៣០​ ខែធ្នូ​នេះ​ ក្រុមការងារ​របស់​ លោក​នឹង​បន្ដដំណើរ​ទៅ​បើក​វគ្គ​បណ្ដុះ​ បណ្ដាល​រយៈពេល​៤​ទៀត​នៅ​ខេត្ដក្រចេះ​ដែល​នឹង​មាន​គ្រូ​ចូលរួម​២០០​នាក់​ ។​

​លោក​អូ​ស្មាន​ ហា​ស្សាន់​ បាន​ថ្លែង​ អំណរ​គុណ​ចំពោះ​ស្ថា​ប​ន័​ហ្សា​កាត់​នៅ​ រដ្ឋ​ស្លាង​ (SELAGOR)​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហគមន៍​អ៊ិ​ស្លា​ម​នៅ​កម្ពុជា​ ជា​ពិសេស​ ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​ កម្ពុជា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​ លោក​បាន​ផ្ដាំផ្ញើ​ដល់​គ្រូ​បង្គោល​ទាំងអស់​ត្រូវ​យកចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ​ ទៅ​អនុវត្ដ​បង្រៀន​ ដល់​សិស្ស​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ឱ្យ​ពួក​គេ​ក្លាយជា​សិស្ស​ល្អ​ មិត្ដ​ល្អ​ កូន​ល្អ​ និង​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម​ដើម្បី​ រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ដែល​មាន​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ ។​

​បន្ទាប់​មក​លោក​អូ​ស្មាន​ ហា​ស្សាន់​ និង​គណៈប្រតិភូ​ម៉ា​ឡេ​ស៊ី​បាន​ចែក​វិញ្ញាបនបត្រ​ជូន​គ្រូ​បង្គោល​អ៊ិ​ស្លា​ម​កម្ពុជា​ ២០០​នាក់​ ដែល​មក​ពី​ខេត្ដកំពង់ចាម​ ខេត្ដកំពង់ធំ​ និង​ខេត្ដសៀមរាប​ និង​បាន​ ឧបត្ថម្ភ​ថវិកា​ម្នាក់ៗ​១២​ម៉ឺន​រៀល​ដែល​សរុប​ថវិកា​ទាំងអស់​២៤​លាន​រៀល​៕