
វិធីសាមញ្ញជួយកែលម្អស្មារតីចងចាំ
ដោយ ៖ ថ្ងៃទី 23 ធ្នូ 2011ម៉ោង 14:12:32
សម្ពាធការងារនិងការគិតគូរដល់ជីវភាពរស់នៅទំនើបតែងតែជាមូលហេតុធំមួយធ្វើឱ្យថមថយស្មារតីចងចាំរបស់អ្នក ។ តាមការស្រាវជ្រាវថ្មីៗនេះរបស់សហរដ្ឋអាមេរិក មានមនុស្សរហូត ៨០% ដែលត្រូវបានសួរថាពួកគេជានិច្ចកាល ឬពេលខ្លះជាជនរងគ្រោះពីការឧស្សាហ៍ភ្លេច ។ ដូច្នេះហើយតើត្រូវធ្វើយ៉ាងម៉េចដើម្បីដោះស្រាយស្ថានភាពបែបនេះ ? ។ ចម្លើយគឺលោកអ្នកគួរធ្វើកិច្ចការសាមញ្ញដូចខាងក្រោមៈ
១.កត់ត្រាពីកង្វល់របស់លោកអ្នក
ខួរក្បាលរបស់មនុស្សគ្រាន់តែផ្ទុកបានបរិមាណព័ត៌មានមួយជាកំណត់ ។ ហេតុដូច្នេះអ្នកមិនត្រូវប្រែក្លាយខួរក្បាលខ្លួនឱ្យទៅជាបញ្ហាពិបាក ដោយផ្ទុកព័ត៌មានមួយចំនួន ឬកង្វល់មិនចាំបាច់ឡើយ ។ ល្អបំផុតអ្នកត្រូវកត់ត្រាពីកង្វល់និងកំហឹងទាំងអស់របស់ខ្លួនលើក្រដាសដើម្បីឱ្យខួរក្បាលអ្នកធូរស្រាលប្រមូលហើយផ្ដុំមកលើការងារទាំងឡាយផ្សេងៗទៀត ។ តាមអ្នកជំនាញវេជ្ជសាស្ដ្របានពន្យល់ថា ការសរសេរពីកង្វល់មួយចំនួនមកលើក្រដាសវាមិនគ្រាន់តែជួយអ្នកបន្ថយបានភាពតានតឹងទេ តែវាថែមទាំងជួយឱ្យអ្នកកំចាត់ចោលអ័រម៉ូន cortisol ដែលជាអ័រម៉ូនមួយប្រភេទ មានឥទ្ធិពលយ៉ាងខ្លាំងដល់ស្មារតីចងចាំ ។
២.ការស្ដាប់ចម្រៀង
ទង្វើនេះស្មានថាពិបាកជឿ ប៉ុន្ដែប្រសិទ្ធភាពរបស់វាត្រូវបានអ្នកជំនាញផ្នែកវេជ្ជសាស្ដ្រទាំងឡាយបញ្ជាក់ថាពិត ។ សកម្មភាពចងចាំទាមទារចំណុចជាច្រើនខុសប្លែកគ្នាក្នុងខួរក្បាលធ្វើការព្រមគ្នាដូចជាសោតវិញ្ញាណវេទនារម្មណ៍ ជីវហាវិញ្ញាណ ឃានវិញ្ញាណ...។ ម្ល៉ោះហើយខួរក្បាលងាយតឹងតែងនិងហេវហត់ ។ នៅពេលអ្នកស្ដាប់ចម្រៀងមួយបទ ចំណុចទាំងឡាយក្នុងខួរក្បាលត្រូវបានស្រាល ហើយវាអាចនឹងមានពេលវេលាដើម្បីទុកព័ត៌មានមួយចំនួនទើបតែជ្រៀតចូល ។ ក្រៅពីនោះ បើសិនជាក្រោយមកអ្នកបានភ្លេចពីអ្វីៗមួយចំនួនដែលខ្លួនធ្លាប់បានរៀនសូត្រ អ្នកអាចស្ដាប់ឡើងវិញនូវបទចម្រៀងមុន និងព័ត៌មានមួយចំនួនដែលអ្នកបានបញ្ចូលឡើងសាជាថ្មី ។ ទង្វើនេះអាចជួយឱ្យអ្នកនឹកឃើញដល់បរិមាណព័ត៌មានរហូតដល់ ៧០% ដែលអ្នកបានរៀន ។
៣.អ្នកជំនាញវេជ្ជសាស្ដ្រជប៉ុនបានរកឃើញ
ការទំពារស្ករកៅស៊ូជំរុញដល់សកម្មភាពរបស់ចំណុចរក្សាទុកស្មារតីចងចាំ ។ ការជំរុញទាំងនេះជួយឱ្យស្មារតីចងចាំកែលម្អបានដោយវិធីមួយបន្ដបន្ទាប់ ប៉ុន្ដែបានតែក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ។ ម្យ៉ាងទៀតការទំពារស្ករកៅស៊ូថែមទាំងបន្ថយបរិមាណអ័រម៉ូនបង្កឱ្យមានស្ដ្រែសដែលជាមូលហេតុនាំឱ្យបាត់បង់ស្មារតីចងចាំ ។
៤.បន្ថយប្រើទូរស័ព្ទ
ទូរស័ព្ទឥឡូវនេះបានក្លាយជាមធ្យោបាយទំនាក់ទំនងព័ត៌មានមួយយ៉ាងទូលំទូលាយបំផុត ប៉ុន្ដែពុំសូវមានមនុស្សយល់ដឹងពីគ្រោះថ្នាក់របស់វាឡើយ ។ ការប្រើប្រាស់ទូរស័ព្ទញឹកញាប់នឹងជះឥទ្ធិពលយូរអង្វែងដល់ស្មារតីចងចាំដោយសាររលកសំឡេងឆ្លងចូលត្រចៀក ហើយជះឥទ្ធិពលដល់ប្រព័ន្ធសរសៃប្រសាទ ។ ការអភិវឌ្ឍន៍របស់ទូរស័ព្ទក្នុងជីវភាពរស់នៅទំនើបបានបកស្រាយមួយផ្នែកដល់ស្មារតីចងចាំ ៕
