
ថែទាំនិងព្យាបាលស្បែកដែលឆាប់ប្រតិកមម្មប្រសិនបើអ្នកមានស្បែកមិនសូវរលោងម៉ដ្ឋស្អាត
ដោយ ៖ ថ្ងៃទី 24 ធ្នូ 2011ម៉ោង 11:49:45
ដោយសារតែឧស្សាហ៍ឡើងកន្ទួលរមាស់និងមានប្រតិកម្មផ្សេងៗ នោះអ្នកគួរតែស្វែងយល់ដឹងនូវវិធីថែទាំស្បែកឱ្យបានល្អប្រពៃ ជាពិសេសគឺត្រូវយល់ដឹងអំពីជម្ងឺសើស្បែកមួយចំនួនដែលតែងកើតមាននៅលើផ្ទៃមុខនិងរាងកាយរបស់អ្នក។ ម្យ៉ាងវិញទៀត អ្នកមិន គួរតូចចិត្ដអស់សង្ឃឹមអន់ចិត្ដនឹងព្រេងវាសនាដែលកំណត់ឱ្យអ្នកកើតមកមានស្បែកមិនម៉ដ្ឋសរលោងស្អាតដូចគេឯងនោះ ព្រោះថា តាមការស្រាវជ្រាវកន្លងទៅនេះគឺមាននារីប្រមាណជា៤០ភាគរយគឺពិតជាមានស្បែកគ្រើមនិងឆាប់ប្រតិកម្មជាទីបំផុត។ ដូច្នេះចូរអ្នក តាមដាននិងស្វែងយល់ដឹងអំពីជម្ងឺសើស្បែកដែលតែងកើតមានជារឿយៗទៅលើយុវវ័យភាគច្រើន និងវិធីថែទាំព្យាបាលឱ្យឆាប់ជា សះស្បើយដូចតទៅៈ
ស្នាមដៅពីកំណើត (Port Wine Stains)
តើនោះគឺជាអ្វីទៅ? តាមការពិតទៅស្នាមដៅពីកំណើតច្រើនតែងលេចចេញជាទ្រង់ទ្រាយធំឬតូចទៅតាមមនុស្សម្នាក់ៗដែលមាន ស្នាមដៅនោះដែលតែងមានស្នាមជាំពណ៌ស្វាយឬក៏ពណ៌ក្រហមព្រឿងៗដែលជាទូទៅស្បែកនៅត្រង់ម្ដុំស្នាមដៅនោះច្រើនតែ ក្រាស់ជាងស្បែកនៃកន្លែងដទៃទៀត។
វិធីថែទាំព្យាបាល
ស្នាមដៅជាំពីកំណើតពិបាកនឹងធ្វើឱ្យជ្រះចេញពីរាងកាយទៅតាមពេលវេលាដោយឯកឯងណាស់ តែអ្នកអាចទៅធ្វើការវះកាត់ឬក៏ព្យាបាលដោយកាំរស្មីឡាស៊ែរ ដោយគ្រូពេទ្យឯកទេស។ ម្យ៉ាងទៀតប្រសិនបើស្នាមដៅនោះមិនសូវជាំក្រមៅពេកទេ អ្នកអាចប្រើផលិតផលសំអាងលាបមុខបន្លំគេឯងបាន ដូចជាប្រើផលិតផល Daniella Suggests Viel Cover Cream ដែលជាផលិតផល ពិសេសសម្រាប់ជួយលាក់បំពួនបិទបាំងស្នាមដៅពីកំណើតនោះ។
ជម្ងឺជាំក្រហមមុខ (Rosacea)
តើនោះគឺជាអ្វីទៅ? គឺជាអាការៈជាំក្រហមស្បែកដ៏ធ្ងន់ធ្ងរ ជាពិសេសនៅត្រង់ថ្ពាល់ទាំងសងខាង ថ្គាម ច្រមុះ និងចង្កា។ ជួនកាលក៏មានមុខតូច-ធំ ឬក៏ពងខ្ទុះនៅពីលើស្នាមជាំនោះទៀតឬក៏នៅព័ទ្ធជុំវិញបរិវេណដែលកំពុងតែជាំក្រហមនោះផង។ អាការៈជាំក្រហមមុខនេះជាទូទៅតែងតែកើតមានដោយសារការតានតឹងអារម្មណ៍ខ្លាំង ពិបាកចិត្ដ គិតច្រើន ដោយសារតែការបំពុលពីបរិយាកាសនិងទទួលការពុលពីចំណីអាហារសម្បូរជាតិគីមីច្រើនខុសធម្មតា ហើយអាការៈជាំក្រហមមុខនោះនឹងរឹតតែធ្ងន់ធ្ងរថែមទៀតកាលបើអ្នកឧស្សាហ៍សេពគ្រឿងស្រវឹង ផឹកទឹកក្ដៅខ្លាំង ដោយទទួលទានអាហារដែលសម្បូរគ្រឿងច្រើន។ ដើម្បីជាជំនួយដល់ការលុបបំបាត់ស្នាមជាំក្រហមមុខឱ្យជ្រះបន្ដិចម្ដងនោះអ្នកគួរប្រើហ្វូមលាងមុខផ្សំពីរុក្ខជាតិផ្សេងៗមានលាយទឹកដោះគោដូចជាផលិតផល Daniella Herbal Cleanse Milk Tristle ។ ចំណែកឯវិធីដ៏ប្រសើរបំផុតនៅក្នុងការលាក់បំបាំងស្នាមជាំក្រហមមុខនោះ អ្នកគួរប្រើផលិតផលផាត់មុខដែលមានលាយរុក្ខជាតិពណ៌បៃតងដូចជា Body Shop Prebase in Green ដោយអ្នកគួរលាបនៅលើផ្ទៃមុខជាស្រទាប់ស្ដើងៗត្រង់តំបន់ដែលឡើងជាំក្រហមនោះទើបលាបម្សៅ ទឹកខាប់ៗ ឬម្សៅហុយធម្មតាជាក្រោយ។
ជម្ងឺតាអក (Eczema)
តើនោះគឺជាអ្វីទៅ? នៅពេលដែលស្បែកអ្នកចាប់ផ្ដើមពងកន្ដួលរមាស់និងបង្កការពងខ្ទុះហៀរទឹករងៃនៅលើស្បែកមុខឬនៅលើរាងកាយ ហើយធ្វើឱ្យរមាស់ខ្លាំងចង់តែអេះនោះគឺជាជម្ងឺតាអកហើយ។ ជម្ងឺតាអក តែងកើតមានឡើងដោយសារតែស្បែកប្រតិកម្មជាមួយនឹងចំណីអាហារដែលជំហានដំបូងអ្នកគួរធ្វើការកត់សម្គាល់ដោយខ្លួនឯងនូវប្រភេទអាហារណាខ្លះដែលទទួលទានរួចហើយតែងប្រតិកម្មឱ្យអ្នកកើតរមាស់នោះ។
វិធីព្យាបាល
តាមការពិតស្បែកដែលកើតជម្ងឺតាអកតែងឆាប់ប្រតិកម្ម និងឆាប់ទទួលអារម្មណ៍ឈឺចាប់រមាស់ជាទីបំផុត។ ហេតុដូច្នេះហើយកាលបើអ្នកភ័ន្ដច្រឡំយកផលិតផលផ្ដេសផ្ដាសមកលាបពីលើនោះពិតជានឹងកាន់តែបង្កឱ្យជម្ងឺតាអកអ្នករាលដាលធ្ងន់ធ្ងរខ្លាំងឡើង ។ ប្រការប្រសើរបំផុតនោះគឺអ្នកត្រូវរក្សាបរិវេណដែលកើតជម្ងឺតាអកនោះឱ្យសើមរលើបរលោងជានិច្ចដោយប្រើប្រាស់ផលិតផលសម្រាប់លាបពីលើ ដូចជា Cream E-៤៥ ឬក៏ប្រើផលិតផល Aveno ដែលអាចបញ្ឈប់កុំឱ្យបរិវេណដែលកើតតាអកនោះរាលដាលធំខ្លាំងពេក។ អ្នកអាចលាបផលិតផលខាងលើនោះពីលើបរិវេណដែលកើតតាអកជាស្រទាប់ស្ដើងៗបំផុត រួចទើបប្រើផលិតផលរក្សាសំណើមឱ្យបានយូរដូចជាផលិតផល Armani Hydroglow ដែលជាជំនួយធ្វើឱ្យស្បែកសើមល្អ និងមិនបង្កឱ្យមានការរមាស់គួរឱ្យចង់អេះនោះឡើយ ៕
