
នាងខ្ញុំនៅសល់តែបេះដូងរឹងដូចថ្ម
សំណួរៈ ឪពុកម្ដាយនាងខ្ញុំទទួលបានសុភមង្គលអស់កាល១៨ឆ្នាំទៅហើយ។ គាត់នៅក្បែរគ្នាទោះបីពួកគាត់បង្កើតបាននាងខ្ញុំតែម្នាក់គត់ក៏ដោយ។ ប៉ុន្ដែក្នុងរយៈកាល៣ឆ្នាំកន្លងមកសុភមង្គលត្រូវបានរលាយបាត់ដោយសារឥទ្ធិពលរបស់គ្រួសារខាងឪពុកដោយសារសតិអារម្មណ៍របស់ឪពុកនាងខ្ញុំប្រែប្រួលនឹងដោយសារការវាយលុករបស់នាងសាវីអាយុ៣៣ឆ្នាំមិនទាន់មានគ្រួសារកំពុងរស់នៅទីរួមខេត្ដបាត់ដំបងជាកន្លែងដែលឪពុកនាងខ្ញុំធ្វើការ។
នាងខ្ញុំត្រូវឈឺចាប់និងអាម៉ាស់បំផុតចំពោះការប្រែប្រួលរបស់ឪពុក។ ឃើញថាគ្មានសង្ឃឹមក្នុងការបញ្ចុះបញ្ចូលឪពុកនាងខ្ញុំឱ្យត្រលប់ក្រោយវិញ ម្ដាយនាងខ្ញុំដាច់ចិត្ដចុះហត្ថលេខាលែងលះគ្នាពេលដែលនាងខ្ញុំទើបតែមានអាយុ២០ឆ្នាំ។ ប៉ុន្ដែការបែកបាក់របស់ឪពុកម្ដាយបានបណ្ដាលឱ្យនាងខ្ញុំបាត់បង់នូវលក្ខណៈធម្មជាតិរួសរាយរបស់យុវវ័យ។ នាងខ្ញុំជានិច្ចកាលបិទជិតបេះដូងមិនចង់ប្រាស្រ័យទាក់ទងជាមួយមិត្ដប្រុសណាមួយឡើយ។ នាងខ្ញុំស្គាល់មិត្ដភក្ដិជាច្រើនរួមទាំងមនុស្សចាស់ គេសុទ្ធតែសរសើរនាងខ្ញុំថា ស្រស់ស្អាត ឆ្លាតវៃ សុភាពរាបសា ។ ប៉ុន្ដែពាក្យសរសើរទាំងនោះសុទ្ធតែមិនធ្វើឱ្យនាងខ្ញុំមានសុភមង្គលឡើយវាគ្រាន់តែធ្វើឱ្យនាងខ្ញុំមានទុក្ខព្រួយថែមទៀត ដោយសារនាងខ្ញុំនឹកគិតដល់អ្នកម្ដាយ។ ម្ដាយនាងខ្ញុំក៏ស្រស់ស្អាតស្លូតបូតរមទម្យ។ អ៊ីងចឹងហើយ...នាងខ្ញុំមានពាក្យថា “ខ្ញុំមានបេះដូងរឹងដូចថ្ម”។ មានតែមនុស្សប្រុសម្នាក់គត់ដែលមិនតូចចិត្ដនឹងអាកប្បកិរិយាព្រងើយកន្ដើយរបស់នាងខ្ញុំអស់រយៈកាល២ឆ្នាំកន្លងមកហើយ ទោះបីនាងខ្ញុំមិនបាននាំមកឱ្យគេនូវក្ដីសង្ឃឹមណាមួយក៏ដោយ។ គេបានដឹងច្បាស់ពីស្ថានភាពគ្រួសារនាងខ្ញុំ។ ជួនកាលនាងខ្ញុំមានអារម្មណ៍ឯកោបំផុត ពេលខ្លះនាងខ្ញុំក៏ចង់ស្រលាញ់និងត្រូវឱ្យគេស្រលាញ់ដែរ។
មានអ្នកកំឡោះម្នាក់ដែលជួនកាលបានធ្វើឱ្យបេះដូងនាងខ្ញុំញាប់ញ័រស្រេកឃ្លានមនោសញ្ចេតប៉ុន្ដែនាងខ្ញុំខ្លាចណាស់។ កាលពីមុនឪពុកនាងខ្ញុំមិនបានស្រឡាញ់ម្ដាយនាងខ្ញុំដោយស្នេហាមួយល្អូកល្អឺនស្ថិរភាពឡើយ។ នាងខ្ញុំបារម្ភថាថ្ងៃណាមួយនោះជីវិតនាងខ្ញុំកើតឡើងនូវសោកនាដកម្មជាថ្មីដូចជាជីវិតម្ដាយនាងខ្ញុំនៅពេលនេះដែរបើទោះជាខ្ញុំសន្និដ្ឋានបានថា អ្នកកំឡោះនោះអាចនឹងមិនដូចឪពុកនាងខ្ញុំក៏ដោយ។
ខ្ញុំចង់ជម្រាបសួរមកខាងនគរវត្ដថា តើនាងខ្ញុំគួរតែប្រកាន់យកអាក្បបកិរិយាយ៉ាងណាទើបត្រឹមត្រូវ?
ពូនគរវត្ដៈ
ការខាតបង់អំពីមនោសញ្ចេតនារបស់ឪពុកម្ដាយវាបង្កជាការប៉ះទង្គិចមួយយ៉ាងខ្លាំងចំពោះនាងឱ្យនាងមានអារម្មណ៍ឆាប់ប្រតិកម្ម។ ប៉ុន្ដែបើសិនជាសកម្មភាពខុសឆ្គងរបស់ឪពុកនាងធ្វើឱ្យនាងលែងមានទំនុកចិត្ដទៅលើសេចក្ដីស្នេហាល្អបវរស្មោះត្រង់បរិសុទ្ធរបស់បុរសមួយចំនួនផ្សេងទៀតនោះគឺមិនត្រឹមត្រូវនិងយុត្ដិធម៌ចំពោះពួកគេទេ។ នាងត្រូវក្រឡេកមើលអ្នកកំឡោះដែលបានយល់ច្បាស់ពីស្ថានភាពគ្រួសាររបស់នាងហើយគេនៅតែព្យាយាមដើរក្បែរនាងអស់កាល២ឆ្នាំកន្លងមកហើយ ជាមួយនឹងពន្លឺភ្នែកនិងសម្រែកបេះដូងមួយដ៏កក់ក្ដៅ ស្រេកឃ្លាន បានស្រលាញ់ និងត្រូវបានគេស្រលាញ់ពេញចិត្ដនោះ។
បើសិនការពិភាល់ដាស់ប្រាប់នាងថា គេបានស្រលាញ់នាងនោះ នាងត្រូវតែឆ្លើយតបគេវិញឱ្យបានត្រឹមត្រូវ ។ យើងជឿជាក់ថាម្ដាយនាងក៏ចង់ឱ្យនាងត្រូវបានគេស្រលាញ់ហើយទទួលបានសុភមង្គលដែរ។ នេះជាការបំពេញមកវិញយ៉ាងធំបំផុតនូវអ្វីដែលនាងបានបាត់បង់ ដែលការបាត់បងនោះបណ្ដាលមកពីវិបត្ដិរបស់ឪពុកនិងអ្នកម្ដាយបន្សល់ឱ្យនាង ៕
