ថើប​ហើយ​ស្នេហ៍​ឬ​នៅ​

ដោយ​ ៖ |ថ្ងៃទី 24 ធ្នូ 2011 ម៉ោង 13:54:33

សំណួ​រៈ​ ពេល​ប្រឡង​ឆ្នាំ​នេះ​ប្អូន​មិន​បាន​ទទួល​និទ្ទេស​ល្អ​ឡើយ​ខ្ញុំ​មានការ​តូច​ចិត្ដជា​ខ្លាំង​ជួន​ពេល​នោះ​ មាន​បុរស​ម្នាក់​បាន​សុំ​ស្គាល់​។​ គេ​បាន​និយាយ​លួងលោម​និង​លើកទឹកចិត្ដ​ខ្ញុំ​ឱ្យ​ចេះ​ពុះពារ​នូវ​ការ​លំបាក​។​ ខ្ញុំ​តែង​​ចាត់​ទុក​ថា​ គេ​ជា​បងប្រុស​តែ​ប៉ុណ្ណោះ ​តែ​គេ​ឱ្យ​ ខ្ញុំ​ដឹង​ថា​ គេ​ចង់ឱ្យ​មិត្ដភាព​នោះ​ស៊ីជម្រៅ​ជាង​​នេះ​បន្ដិច​ ខ្ញុំ​មិន​យល់​អ្វី​ជាង​នេះ​ទេ​។​ តែ​ពេល​​មិន​បាន​ជួប​គេ​ខ្ញុំ​ហាក់ដូចជា​ ​នឹក​​ ពេល​ជួប​​មុខ​ខ្ញុំ​រីករាយ​ប្លែក​ អៀន​ចង់​គេច​មុខ​ពេល​ឈរ​ជិត​គេ​ខ្ញុំ​ហាក់ដូចជា​កូន​ក្មេង​ (​ព្រោះ​ខ្ញុំ​អាយុ​​២០​ឆ្នាំ​ឯ​គេ​៣៨​ឆ្នាំ​)​ គេ​ចាស់​ជាង​ខ្ញុំ​ច្រើន​។​ ព្រោះតែ​ហេតុនេះ​ហើយ​ ខ្ញុំ​ដូច​ជា​មានការ​​អៀនខ្លួន​ណាស់​ព្រោះ​វា​ពុំ​សម​នឹង​គ្នា​។​ នៅ​​ពេល​ដើរ​តាម​ផ្លូវ​គេ​តែង​ហៅ​ថា​ឪពុក​ និង​ កូន​ ឬ​មួយ​ឯង​ស្រស់​ស្អាត​យ៉ាងនេះ​ ម្ដេច​ក៏​​​​​ដើរ​ជាមួយ​តា​ចាស់​អ៊ី​​ចឹ​ង​?​ ខ្ញុំ​ពុំដែល​យកចិត្ដទុកដាក់​ស្ដាប់​សំដី​ទាំងនោះ​ឡើយ​ ប៉ុន្ដែ​ពេល​ត្រលប់​ដល់​ផ្ទះ​ ខ្ញុំ​បាន​គិត​និង​វែកញែក​ឡើង​ថា​ សំដី​ទាំងនោះ​ត្រឹមត្រូវ​ណាស់​ឬ​មក​ពី​ខ្ញុំ​ចិត្ដទន់​ពេក​?​ មក​ដល់​ឥឡូវនេះ​ខ្ញុំ​ពុំ​ទាន់​ទទួល​ពាក្យ​ ​​ស្រលាញ់​​ ​ពី​គេ​ឡើយ ​តែ​ខ្ញុំ​បាន​ថើប​គេ​រួច​ទៅ​ហើយ​ តើ​ការ​ថើប​​នេះ​​គឺជា​ការ​ទទួល​ពាក្យ​ស្រលាញ់​ដែរ​ឬ​​ទេ​?​ គេ​តែង​ធ្វើ​ចិត្ដ​ហាក់ដូចជា​គូស្នេហ៍​របស់ខ្ញុំ​ហើយ​គេ​បាន​ទុក​ឪ​កាស​ឱ្យ​ខ្ញុំ​ពីរ​ឆ្នាំ​ដើម្បី​ធ្វើការ​សម្រេចចិត្ដ​ ។​ តើ​ខ្ញុំ​ត្រូវធ្វើ​ដូច​ម្ដេច​ ?

​ពូ​នគរវត្ដៈ​

​គូស្នេហ៍៍​របស់​ប្អូន​ហាក់ដូច​ ជា​ពុំ​សូវ​​ទុកចិត្ដ​ខ្លួនឯង​អំពី​រឿង​នេះ​។​ តើ​មាន​នរណា​​ដែល​កំណត់ពេល​ពីរ​ឆ្នាំ​ដើម្បី​ពិចារណា​ តើ​ស្រលាញ់​យ៉ាងណា​។​ នេះ​ជា​សេចក្ដី​ស្នេហា​ ពុំ​មែន​ជា​គម្រោងការ​សាងសង់​អ្វីមួយ​ឡើយ​។​ បើ​ពិនិត្យ​ឱ្យ​ដិត​ដល់​ទៅ​គេ​ប្រហែល​​ជា​ពុំ​ទាន់​ចាស់​ប៉ុន្មាន​ឡើយ​ ជួនកាល​អាយុ​គេ​ច្រើន​តែ​ចិត្ដគំនិត​របស់​គេ​ពុំ​ទាន់​ចាស់​ទេ​។​ ការ​ថើប​របស់​ជនជាតិ​អាស៊ី​យើង​មាន​អត្ថន័យ​ទូលំទូលាយ​ និង​មាន​មនោសញ្ចេតនា​យ៉ាង​​ជ្រាលជ្រៅ​ជាង​ជនជាតិ​អឺរ៉ុប​ ប៉ុន្ដែ​ពុំ​មែន​បាន​សេចក្ដី​ថា​ក្នុង​ចិត្ដ​ពិត​ប្រាកដជា​ត្រូវ​ស្រលាញ់​ ​ឬ​ទទួល​ពាក្យ​ ​​ស្រលាញ់​​ ពី​គេ​ឡើយ​ ជា​ពិសេស​ចំពោះ​ស្ថានភាព​ចំពោះ​មុខ​ប្អូន​ហាក់ដូចជា​មានចិត្ដ​ ​​គិត​ខ្លី​​​ បន្ដិច​។​ ត្រូវ​ចេះ​តាំងចិត្ដ​ធ្វើការ​អង្កេត​ឱ្យ​បាន​ល្អិតល្អន់ ​(​គេ​អាច​ជា​កញ្ជ្រោង​ចាស់​)​ កុំ​ញញឹម​ក្នុង​ចិត្ដ​ដោយ​គ្រាន់តែ​​ឮ​​គេ​ថា​ ហើយ​​ថើប​​បន្ដិច​ក៏​ ជឿចិត្ដ​ស្ដូក​នោះ​។​ រាល់​ការ​ធានា​ ការ​លើ​ក​ហេតុផល​ដោយ​រៀបរាប់​ពី​បំណង​ចេញពី​បបូរ​​មាត់​សុទ្ធ​ជា​តែ​អារម្មណ៍​ចំពោះ​ ​​ការ​ពិត​ ជួន​​​​​​​​​​កាល​មិន​អាច​សម​តាម​បំណង​ដូចដែល​​បាន​​គ្រោងទុក​នោះ​ធ្វើឲ្យ​ប្អូន​រិ​ត​តែ​​​វ័ណ្ឌក​​ពិបាក​​រក​ដំណោះស្រាយ​។​ ផ្ទុយ​ទៅ​វិញ​យើង​គួរ​ តែ​យល់​ឃើញ​ខ្លួនឯង​ថា​ បេះដូង​រញ្ជួយ​ព្រោះ​​តែ​ស្រលាញ់​គេ​ពិត​ ហើយ​រូបគេ​ក៏​មាន​លក្ខណៈ​​គ្រប់គ្រាន់​ (​មិនមែន​សំ​​ដៅ​លើ​ទ្រព្យសម្បត្ដិ​)​ អាច​ផ្ញើ​វាសនា​លើ​គេ​បាន​។​ ប្អូន​អាច​ទទួល​​យល់ព្រម​ដោយ​យក​ទំនៀមទម្លាប់​ជា​ចំណង​​ចំពោះ​គេ​នោះ​ទើប​ជីវិត​ប្អូន​ទៅ​អនាគត​ មិន​មានការ​ស្ដាយក្រោយ​។​ តែបើ​ចិត្ដ​ប្អូន​សង្កេត​​ឃើញ​ថា​គេ​មិន​អាច​ផ្ញើ​អនាគត​បាន​ប្អូន​ត្រូវ​ហ៊ាន​​សម្រេចចិត្ដ​កាត់​ផ្ដាច់​រាល់​ការ​ទាក់ទង​កុំឱ្យ​អូស​បន្លាយ​តទៅ​ទៀត​ ឬ​បើសិនជា​អាច​មានឱកាស​​ឃ្លាតឆ្ងាយ​ពី​គ្នា​ក្នុង​រយៈពេល​ណាមួយ​ដើម្បី​អាច​លុប​បំបាត់​ស្នាម​​​ច្រេះ​ស៊ី​​​ សំខាន់​បំផុត​​គឺ​ពេលនេះ​ប្អូន​ស្ថិត​ក្នុង​វ័យ​សិក្សា​ត្រូវ​ខំ​ហាត់​​ចិត្ដ​ធ្វើ​ជា​គ្រូពេទ្យ​វះកាត់​ពី​ឥឡូវនេះ​ទៅ​ ពិត​​ជា​ធ្វើ​ឱ្យ​អនាគត​ដ៏​រុងរឿង​ជា​ពុំខាន​ ៕