
រថយន្តប៊ើសធំវែងតម្លៃ១០លានដុល្លារ
ដោយ ៖ លោក ឯក ថ្ងៃទី 24 ធ្នូ 2011ម៉ោង 14:39:55
កំពូលរថយន្ដបើស Sheikh ផលិតឡើងដោយចំណាយលុយ១០លានដុល្លារនៅក្នុងប្រទេសសហព័ន្ធ អារ៉ាប់ អេមៀរ៉ាត (UAE) ដែលគេប្រើវាដើម្បីដឹកភ្ញៀវពីអាបុយដាប៊ី ទៅឌូបេ (Abu Dhabi and Dubai)។ ក្នុងចម្ងាយផ្លូវ៧៥ម៉ាយ រថយន្ដបើសទំនើបនេះប្រើពេលតែ ៣០នាទីប៉ុណ្ណោះ។ រថយន្ដទំនើប Sheikh នេះបានផលិតឡើងដោយនិស្សិតសាកលវិទ្យាល័យ Delft Technology នៅក្នុងប្រទេសហូឡង់ ក្រោមការត្រួតពិនិត្យរបស់លោកសាស្ដ្រាចារ្យ Wubbo Ockels ដែលនៅឆ្នាំ១៩៨៥ សាស្ដ្រាចារ្យរូបនេះធ្លាប់ចូលរួមក្នុងបេសកកម្មបង្ហោះយានអវកាស Challenger´s STS-614 ។ លោកនិងក្រុមរបស់លោកបានចំណាយពេលដល់ទៅ៣ឆ្នាំដើម្បីផលិត Sheikh នេះ ។
កំពូលរថយន្ដបើសនេះមានបណ្ដោយ១៥ម៉ែត្រ ទទឹង២,៥ម និងកម្ពស់១,៦៥ម កសាងឡើងដោយជាតិកាបោន (Super-light carbon) ជាតិអាលុយមីនីញ៉ូម និងកញ្ចក់សរសៃ (Fiber glass) ។ កម្លាំងរបស់វារុញដោយ Lithium polymer power electric motor 530bhp ។ វាអាចដឹកភ្ញៀវបាន២៣នាក់។ រថយន្ដ Sheikh មានកង់៦ ដែលក្នុងនោះមានកង់២គូនៅខាងក្រោយអាចវិលចុះឡើងដោយសេរីទោះជាលឿនក្ដី យឺតក្ដី ។ រថយន្ដ Sheikh នេះ វាបង្ហាញជាសញ្ញាមួយថ្មីទៀតនៃភាពជឿនលឿនរបស់មនុស្សនិងការវិវត្ដរបស់បច្ចេកវិទ្យា។ នៅខាងក្នុងរថយន្ដបំពាក់ទៅដោយបរិក្ខារទំនើប ប្រព័ន្ធបើកបរបានបំពាក់បច្ចេកទេសខ្ពស់ ការពារបាននូវឧបសគ្គ ប្រព័ន្ធតាមដាន និងមានប្រព័ន្ធទាក់ទងទំនើបបំផុត មានប្រព័ន្ធត្រួតពិនិត្យ ពោងខ្យល់ T.V អ៊ីនធើណេត និងម៉ាស៊ីនត្រជាក់ ៕
