
ឆ្នាំ២០១០សេដ្ឋកិច្ចចិនវ៉ាដាច់ជប៉ុន ឆ្នាំ២០២៥វ៉ាដាច់សហរដ្ឋអាមេរិក
ដោយ ៖ ថ្ងៃទី 28 ធ្នូ 2011ម៉ោង 10:53:02
នៅឆ្នាំ២០១០ ជាលើកទីមួយបង្អស់ ផលិតផលដុលក្នុងស្រុករបស់ប្រទេសចិនមានទំហំធំជាងផលិតផលដុលក្នុងស្រុករបស់ប្រទេសជប៉ុន គឺប្រមាណ ៥ ៨៧៨ ៦០០លានដុល្លារ ទល់នឹង ៥ ៤៧៤ ២០០លានដុល្លារ។ ជាផ្លូវការ មហាយក្សចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ នៅពីមុខប្រទេសជប៉ុន និងនៅពីក្រោយសហរដ្ឋអាមេរិក។
តាមពិតទៅ តាំងពីពាក់កណ្ដាលឆ្នាំ២០១០ម្ល៉េះ ពួកសេដ្ឋវិទូបានអះអាងក្រៅផ្លូវការថា ចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ដោយសារថា បើតាមការគន់គិតមើលរបស់ពួកគេផលិតផលដុលក្នុងស្រុករបស់ចិន បានវ៉ាឈ្នះផលិតផលដុលក្នុងស្រុករបស់ជប៉ុនតាំងពីដំណាច់ខែមិថុនា ឆ្នាំ២០១០ម្ល៉េះ។
យ៉ាងណាក៏ដោយ សេដ្ឋកិច្ចចិនវ៉ាឈ្នះសេដ្ឋកិច្ចជប៉ុនឆាប់ជាងការប្រមើលឃើញ ពីព្រោះកាលពីជិត១០ឆ្នាំមុននេះ ពួកសេដ្ឋវិទូមួយចំនួនបាននាំគ្នាអះអាងថា គេនឹងត្រូវចាំដល់ឆ្នាំ២០១៥ឯណោះ ទើបអាចឃើញផលិតផលដុលក្នុងស្រុករបស់ចិនអាចកើនស្មើផលិតផលដុលក្នុងស្រុករបស់ជប៉ុន។
តាមពិតទៅ ស្ថានភាពប្រែប្រួលលឿនជាងការគ្រោងទុកនេះ ជាផលវិបាកដែលហូរចេញពីវិបត្ដិសេដ្ឋកិច្ចសកលដែលបានកើតឡើងនៅចុងឆ្នាំ២០០៨។ វិបត្ដិសេដ្ឋកិច្ចសកលបានកាត់បន្ថយមិនតិចទេ សន្ទុះសេដ្ឋកិច្ចរបស់បណ្ដាប្រទេសឧស្សាហកម្មជឿនលឿនដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុនជាដើម។ ទន្ទឹមនេះ វិបត្ដិសេដ្ឋកិច្ចសកលមិនបានប៉ះពាល់ខ្លាំងឡើយដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារតែថ្នាក់ដឹកនាំចិនបានសម្រេចចាត់វិធានការទាន់ពេលវេលានិងដោយមិនសំចៃលុយឡើយដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ ។
ម្ល៉ោះហើយបានជានៅពេលនេះសេដ្ឋកិច្ចចិនកាន់តែទៅមុខ និងទៅលឿនបើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចធំៗដទៃទៀត។ គឺនៅក្នុងបរិបទនេះហើយដែលនៅចុងឆ្នាំ២០០៩ ចិនបានវ៉ាឈ្នះប្រទេសអាល្លឺម៉ង់ដោយបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ខាងនាំទំនិញទៅក្រៅប្រទេស។ គឺនៅក្នុងបរិបទដូចគ្នានេះហើយដែរដែលចិនបានវ៉ាឈ្នះប្រទេសជប៉ុន៥ឆ្នាំមុនការគ្រោងទុក ដោយបានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ក្នុងឆ្នាំ២០១០។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនមិនអាចវ៉ាឈ្នះសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខទៅកើតទេ ពីព្រោះនៅក្នុងគ្រានេះ សេដ្ឋកិច្ចអាមេរិកនៅខ្លាំងជាងសេដ្ឋកិច្ចចិនយ៉ាងតិច៣ដងឯណោះ ។ យោងទៅតាមការប្រមើលឃើញរបស់ធនាគារ Goldman Sachs ក៏ដូចរបស់ធនាគារពិភពលោកប្រទេសចិនត្រូវរង់ចាំដល់ឆ្នាំ២០២៥ ទើបអាចវ៉ាឈ្នះសហរដ្ឋអាមេរិកបាន នៅលើវិស័យសេដ្ឋកិច្ច។
យ៉ាងណាមិញ នៅម្ខាងអាជ្ញាធរចិនពិតជាមានមោទនភាពដោយសេដ្ឋកិច្ចនៃប្រទេសខ្លួនបានវ៉ាឈ្នះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ។ ក៏ប៉ុន្ដែនៅម្ខាងទៀត ទីក្រុងប៉េកាំងក៏ត្រូវចេះបន្ដដាក់ខ្លួនតទៅទៀតដែរ ដោយហេតុតែប្រទេសចិនជាប្រទេសដែលកំពុងអភិវឌ្ឍនៅឡើយ បានន័យថាគុណភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនៅមានលក្ខណៈអន់ខ្សោយ បើប្រៀបធៀបទៅនឹងគុណភាពនៃកំណើនសេដ្ឋកិច្ចរបស់ជប៉ុន។
គួរកត់សម្គាល់ថា ផលិតផលដុលក្នុងស្រុករបស់ប្រជាជនចិនម្នាក់ៗមានប្រមាណតែ ៣ ៦០០ ដុល្លារ តែប៉ុណ្ណោះ ទល់នឹង ៣ ៧៨០០ ដុល្លារ សម្រាប់ប្រជាជនជប៉ុនម្នាក់ៗ។
ក្រៅពីនេះ ថ្នាក់ដឹកនាំចិនក៏យល់ដឹងដែរពីលក្ខណៈផុយស្រួយខ្លះនៃសេដ្ឋកិច្ចរបស់ប្រទេសខ្លួន រួមមានជាអាទិ៍ការពឹងផ្អែកខ្លាំងជ្រុលពេកទៅលើការនាំទំនិញចេញទៅលក់នៅបរទេស ។ អ៊ីទចឹងហើយបានជារដ្ឋាភិបាលបាននឹងកំពុងបន្ដខ្នះខ្នែងជម្រុញឱ្យមានកំណើនឧបភោគបរិភោគនៅក្នុងប្រទេស ក្នុងគោលដៅរក្សាកំណើនសេដ្ឋកិច្ចឱ្យនៅគង់វង់យូរឆ្នាំតទៅមុខទៀត ៕
