រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ថា​នឹង​បញ្ចប់​ លែង​ឲ្យ​មាន​អន​ក្ខ​រ​ជននា​ឆ្នាំ​២០១៥

ដោយ​ ៖ សំរឹត|ថ្ងៃទី 29 ធ្នូ 2011 ម៉ោង 12:53:11

​ភ្នំពេញៈ​  នៅ​ក្នុង​មុំ​ទី​១​នៃ​ចតុកោណ​ទី​៤​បាន​កំណត់​ថា​ ការ​កសាង​សមត្ថភាព​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ គឺ​អ្វីៗ​ទាំងអស់​សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ សម​ធម៌ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​យើងឆ្ពោះទៅ​រក​ការ​កសាង​សង្គម​កម្ពុជា​ ជាមួយ​សុខ​សន្ដិ​ភាព ​និងសម្បូររុងរឿង​ ជា​ពិសេស​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ជា​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​ បានកំណត់​ថា​នឹង​បញ្ចប់​លែង​ឲ្យ​មាន​អន​ក្ខ​រ​ជន​ ឬ​បញ្ចប់​ការងារ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​នា​ ឆ្នាំ​២០១៥​។ ​នេះ​បើ​តាម​ប្រសាសន៍​ឲ្យ​ដឹង​ពី​លោក​ កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឳកាស​បិទ​សន្និបាត​បូក​សរុប​វាយតម្លៃ​ការងារ​អប់រំ​ យុវជន​ និង​កីឡា​រាជធានី​ភ្នំពេញ​ សម្រាប់​ឆ្នាំ​ សិក្សា​២០១០-២០១១​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​សិក្សា​២០១១-២០១២​ ដែល​បាន​ប្រ​ព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ខែធ្នូ ឆ្នាំ២០១១ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​រាជធានី​ភ្នំ​ពេ​ញ​(​អូ​បែក​ក្អម​) ​។​

តាម​របាយ​ការ​ណ៍ឲ្យ​ដឹង​ពី​លោក ​ជា​ ជាតិ​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន ​និង​កីឡា​រាជធានី​ថា​ ការងារ​អប់រំ​កុមារ​តូច​នៅ​រាជធានី​មាន​សា​លា ម​តេ្ដ​យ្យ​សិក្សា​២៣ ​កើន​៥​សា​លា​ ដែល​ទើប​បញ្ចូល​ពី​ខេត្ដកណ្ដាល​ ថ្នាក់​ម​តេ្ដ​យ្យ​ក្នុង​សាលា​បឋម​សិក្សា​១៧៥​ ថ្នាក់​ម​ត្ដេ​យ្យ​សហ​គម​ន៍ ១៣​ និង​អប់រំ​កុមារ​តូច​តាម​ផ្ទះ​១១​មាន​សិស្ស​សរុប​១៧.៥២៨​នាក់​ ស្រី​៨.៨៦៩​នាក់​។​ សាលា​បឋម​សិក្សា​មាន​១៦៤​ កើន​៤៩​សាលា​សិស្ស​សរុប​១៣៣.០៦១​នាក់​។​ កុមារ​អាយុ​៦​ឆ្នាំ​ បាន​ចូល​រៀន​ថ្នាក់​ទី​១​ស្មើនឹង​៩៩,៥៩%​ និង​កុមារ​អាយុ​ពី​៦​ទៅ​១១​ឆ្នាំ​បាន​ចូល​រៀន​នៅ​ថ្នាក់​ទី​១​ ដល់ទី​៦​នៃ​បឋម​សិក្សា​៩៥,១០%​។​ អនុ​វិទ្យាល័យ​មាន​៣៣​  វិទ្យាល័យ​មាន​៣៣​ សិស្ស​មធ្យម​ សិក្សា​បឋម​ភូមិ​មាន​៥០.៩២០​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ​ចំនួន​១៧.០៤៦​នាក់​។​ សិស្ស​ទុតិយភូមិ​សរុប​៤៦.០៣៥​នាក់​ ហើយ​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​១៩.៤៥៦​នាក់​។​ សរុប​មកសាលា​ចំណេះ​ទូទៅ​សាធារណៈ​មាន​២៥៦​សាលា​ គ្រូ​១១.២០៨​នាក់​ សិស្ស​២៥៤.៧៧៨​នាក់​ សាលា​ចំណេះ​ទូទៅ​ឯកជន​មាន​១៧១​សាលា​ គ្រូ​២.៩២៦​នាក់​ សិស្ស៤៤.៦១០​នាក់​ សាលា​ភាសាបរទេស​ និង​អប់រំ​វិជ្ជាជីវៈ​មាន​២៣២​សាលា​ គ្រូ​៣.៦៦៦​នាក់​ សិស្ស​៨៦.២០៣​នាក់​ ។​

សម្រាប់​ទិ​សដៅ​អនុវត្ដ​ន៍បន្ដ​ក្នុង​ឆ្នាំ​សិក្សា​២០១១​ និង​ឆ្នាំ​សិក្សា​២០១២​នេះ​ លោក​ ជា​ ជាតិ​ បាន​បន្ដ​ថា​ ត្រូវ​បន្ដ​ប្រមូល​កុមារ​តូច​ចាប់ពី​អាយុ​៥​ឆ្នាំ​ឡើង​ ឲ្យ​សិក្សា​ម​តេ​យ្យ​សហ​គម​ន៍ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៧០​ភាគរយ​ ។​ ពង្រីក​ការ​អនុវត្ដ​កម្មវិធី​សាលា​កុមារ​មេត្រី​ ដោយ​គូរ​រូបភាព​តាម​ជញ្ជាំង​អគារ​របង​។​ ពង្រឹង​ ​និង​ពង្រីក​ថ្នាក់​មតេយ្យក​ម្រិ​ត​ខ្ពស់​ក្នុង​សាលា​បឋម​សិក្សា​។​ បញ្ចូល​ភាសាបរទេស​ក្នុង​ម៉ោង​សិក្សា​ដើម្បី​បម្រើ​ចំណង់​ចំណូលចិត្ដ​របស់​មាតាបិតា​ អាណាព្យាបាល​សិស្ស​។​ ត្រូវ​បង្កើន​អត្រា​ពិត​ចូល​រៀន​ថ្មី​ឲ្យ​បាន​៩៩%​និង​អត្រា​ពិត​នៃ​ការ​សិក្សាឲ្យ​បាន​៩៦%​ នៅ​បឋម​សិក្សា​។​

ក្នុង​ឳកាស​នេះ​ដែរ ​លោក​ កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​ផ្អែក​លើ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ន៍រាជធានី​ភ្នំពេញ​ (២០០៥​ដល់​ ២០១៥)​ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ​ជំរុញ​ការ​អប់រំ​ មូលដ្ឋាន​៩​ឆ្នាំ​ តាម​រយៈ​ការ​ប្រមូល​កុមារ​ឲ្យ​ចុះ​ឈ្នោះ​ចូល​រៀន​នៅ​បឋម​សិក្សា ​និង​មធ្យមសិក្សា​បឋម​ភូមិ​ឲ្យ​បាន​កាន់តែ​ច្រើន​ជា​អតិបរមា​ប្រកបដោយ​សមធម៌​ គុណ​ភាព​។​ ផែនការ​ទាំង​អស់នេះ​ យើង​បាន​អនុវត្ដ​ន៍ប្រកបដោយ​ជោគជ័យ​ជា​ជំហាន់ៗ​រួច​មក​ហើយ​ ទាំង​ការ​អប់រំ​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រ​ព័ន្ធ ដោយ​ផ្ដោត​គោលដៅ​សំខាន់ៗ​ទៅ​លើ​ការ​បង្ក​លក្ខណៈ និង​ផ្ដល់​ឳកាស​បាន​ស្មើៗ​គ្នា​ដល់​កុមារ​ និង​យុវជន​គ្រប់​រូប​បាន​ចូល​រៀន​ដែល​យើ​បាន​ចាត់​ទុក​ថា​ នេះ​ជា​ការ​រួមចំណែក​ក្នុង​យុទ្ធសាស្ដ្រ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ ។​

លោក​បាន​បន្ដ​ថា​ ជា​គោលដៅ​បន្ដ​របស់​សាលា​រាជធានី​ភ្នំពេញ​យើង ​គឺ​និង​ពង្រីក​បរិមាណ​សាលារៀន​ឲ្យ​បាន​គ្រប់​ភូមិ​ សង្កាត់​ និង​ការ​បង្កើត​អនុ​វិទ្យាល័យ​ក្នុង​សាលា​បឋម​សិក្សា​ដែល​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​វិទ្យាល័យ​ អនុ​វិទ្យាល័យ​ តាម​អនុ​សាស​ន៍របស់​សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន​សែន​ គឺ​ដើម្បី​ផ្ដល់​ឳកាស​និង​បង្ក​លក្ខណៈ​ ឲ្យ​ដល់​កុមារ​ និង​យុវជន​បាន​ចូល​រៀនគ្រប់ៗ​គ្នា​ ពិសេស​កុមារី​។​ មាន​តែ​កម្មវិធី​សមាហរណកម្ម​នេះ​ ទើប​យើង​អាច​ទទួល​ជោគជ័យ ឲ្យ​ស្រប​តាម​ផែនការ​យុ​ទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល​បាន​កំណត់​ថា​នឹង​បញ្ចប់​លែង​ឲ្យ​មាន​អន​ក្ខ​រ​ជន​ ឬ​ក៏​បញ្ចប់​ការងារ​អប់រំ​ សម្រាប់​ទាំងអស់​គ្នា​នា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ៕​