
រាជរដ្ឋាភិបាលកម្ពុជាកំណត់ថានឹងបញ្ចប់ លែងឲ្យមានអនក្ខរជននាឆ្នាំ២០១៥
ដោយ ៖ សំរឹត ថ្ងៃទី 29 ធ្នូ 2011ម៉ោង 12:53:11
ភ្នំពេញៈ នៅក្នុងមុំទី១នៃចតុកោណទី៤បានកំណត់ថា ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស គឺអ្វីៗទាំងអស់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើងឆ្ពោះទៅរកការកសាងសង្គមកម្ពុជា ជាមួយសុខសន្ដិភាព និងសម្បូររុងរឿង ជាពិសេសការអភិវឌ្ឍវិស័យអប់រំជាទិសដៅរបស់រាជរដ្ឋាភិបាល បានកំណត់ថានឹងបញ្ចប់លែងឲ្យមានអនក្ខរជន ឬបញ្ចប់ការងារអប់រំសម្រាប់ទាំងអស់គ្នានា ឆ្នាំ២០១៥។ នេះបើតាមប្រសាសន៍ឲ្យដឹងពីលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញក្នុងឳកាសបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សម្រាប់ឆ្នាំ សិក្សា២០១០-២០១១ និងលើកទិសដៅការងារឆ្នាំសិក្សា២០១១-២០១២ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ(អូបែកក្អម) ។
តាមរបាយការណ៍ឲ្យដឹងពីលោក ជា ជាតិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីថា ការងារអប់រំកុមារតូចនៅរាជធានីមានសាលា មតេ្ដយ្យសិក្សា២៣ កើន៥សាលា ដែលទើបបញ្ចូលពីខេត្ដកណ្ដាល ថ្នាក់មតេ្ដយ្យក្នុងសាលាបឋមសិក្សា១៧៥ ថ្នាក់មត្ដេយ្យសហគមន៍ ១៣ និងអប់រំកុមារតូចតាមផ្ទះ១១មានសិស្សសរុប១៧.៥២៨នាក់ ស្រី៨.៨៦៩នាក់។ សាលាបឋមសិក្សាមាន១៦៤ កើន៤៩សាលាសិស្សសរុប១៣៣.០៦១នាក់។ កុមារអាយុ៦ឆ្នាំ បានចូលរៀនថ្នាក់ទី១ស្មើនឹង៩៩,៥៩% និងកុមារអាយុពី៦ទៅ១១ឆ្នាំបានចូលរៀននៅថ្នាក់ទី១ ដល់ទី៦នៃបឋមសិក្សា៩៥,១០%។ អនុវិទ្យាល័យមាន៣៣ វិទ្យាល័យមាន៣៣ សិស្សមធ្យម សិក្សាបឋមភូមិមាន៥០.៩២០បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន១៧.០៤៦នាក់។ សិស្សទុតិយភូមិសរុប៤៦.០៣៥នាក់ ហើយបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ១៩.៤៥៦នាក់។ សរុបមកសាលាចំណេះទូទៅសាធារណៈមាន២៥៦សាលា គ្រូ១១.២០៨នាក់ សិស្ស២៥៤.៧៧៨នាក់ សាលាចំណេះទូទៅឯកជនមាន១៧១សាលា គ្រូ២.៩២៦នាក់ សិស្ស៤៤.៦១០នាក់ សាលាភាសាបរទេស និងអប់រំវិជ្ជាជីវៈមាន២៣២សាលា គ្រូ៣.៦៦៦នាក់ សិស្ស៨៦.២០៣នាក់ ។
សម្រាប់ទិសដៅអនុវត្ដន៍បន្ដក្នុងឆ្នាំសិក្សា២០១១ និងឆ្នាំសិក្សា២០១២នេះ លោក ជា ជាតិ បានបន្ដថា ត្រូវបន្ដប្រមូលកុមារតូចចាប់ពីអាយុ៥ឆ្នាំឡើង ឲ្យសិក្សាមតេយ្យសហគមន៍ យ៉ាងហោចណាស់ឲ្យបាន៧០ភាគរយ ។ ពង្រីកការអនុវត្ដកម្មវិធីសាលាកុមារមេត្រី ដោយគូររូបភាពតាមជញ្ជាំងអគាររបង។ ពង្រឹង និងពង្រីកថ្នាក់មតេយ្យកម្រិតខ្ពស់ក្នុងសាលាបឋមសិក្សា។ បញ្ចូលភាសាបរទេសក្នុងម៉ោងសិក្សាដើម្បីបម្រើចំណង់ចំណូលចិត្ដរបស់មាតាបិតា អាណាព្យាបាលសិស្ស។ ត្រូវបង្កើនអត្រាពិតចូលរៀនថ្មីឲ្យបាន៩៩%និងអត្រាពិតនៃការសិក្សាឲ្យបាន៩៦% នៅបឋមសិក្សា។
ក្នុងឳកាសនេះដែរ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយផ្អែកលើផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍រាជធានីភ្នំពេញ (២០០៥ដល់ ២០១៥)ដោយបានដាក់ចេញនូវវិធានការជំរុញការអប់រំ មូលដ្ឋាន៩ឆ្នាំ តាមរយៈការប្រមូលកុមារឲ្យចុះឈ្នោះចូលរៀននៅបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិឲ្យបានកាន់តែច្រើនជាអតិបរមាប្រកបដោយសមធម៌ គុណភាព។ ផែនការទាំងអស់នេះ យើងបានអនុវត្ដន៍ប្រកបដោយជោគជ័យជាជំហាន់ៗរួចមកហើយ ទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយផ្ដោតគោលដៅសំខាន់ៗទៅលើការបង្កលក្ខណៈ និងផ្ដល់ឳកាសបានស្មើៗគ្នាដល់កុមារ និងយុវជនគ្រប់រូបបានចូលរៀនដែលយើបានចាត់ទុកថា នេះជាការរួមចំណែកក្នុងយុទ្ធសាស្ដ្រនៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។
លោកបានបន្ដថា ជាគោលដៅបន្ដរបស់សាលារាជធានីភ្នំពេញយើង គឺនិងពង្រីកបរិមាណសាលារៀនឲ្យបានគ្រប់ភូមិ សង្កាត់ និងការបង្កើតអនុវិទ្យាល័យក្នុងសាលាបឋមសិក្សាដែលស្ថិតនៅដាច់ឆ្ងាយពីវិទ្យាល័យ អនុវិទ្យាល័យ តាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន គឺដើម្បីផ្ដល់ឳកាសនិងបង្កលក្ខណៈ ឲ្យដល់កុមារ និងយុវជនបានចូលរៀនគ្រប់ៗគ្នា ពិសេសកុមារី។ មានតែកម្មវិធីសមាហរណកម្មនេះ ទើបយើងអាចទទួលជោគជ័យ ឲ្យស្របតាមផែនការយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលបានកំណត់ថានឹងបញ្ចប់លែងឲ្យមានអនក្ខរជន ឬក៏បញ្ចប់ការងារអប់រំ សម្រាប់ទាំងអស់គ្នានាឆ្នាំ២០១៥ខាងមុខនេះ ៕
