
ឆ្កែសត្វចិញ្ចឹមនិងជាអាហារជប់លៀងៈ តម្រូវការសាច់ឆ្កែនៅវៀតណាមកំពុងកើនឡើង
ដោយ ៖ កាំង សុធា ថ្ងៃទី 02 មករា 2012ម៉ោង 09:57:10
“បញ្ហាគឺថា ឆ្កែមិនទាន់មានចំនួនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់ការធ្វើជំនួញនោះទេ ជាពិសេសក្នុងអំឡុងពេលចូលឆ្នាំថ្មីវៀតណាមដែលមានន័យថា ឆ្កែនឹងត្រូវនាំចូលមកពីប្រទេសថៃ។ តាមការប៉ាន់ស្មានថា មានឆ្កែចំនួន២ម៉ឺន៥ពាន់ ក្បាលក្នុងមួយខែៗ ឬលើសពីនេះត្រូវនាំមកពីប្រទេសថៃ”។
ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមរីកលូតលាស់ ហើយប្រជាពលរដ្ឋកាន់តែមានទ្រព្យធនច្រើនឡើង ជំនួញសត្វឆ្កែទាំងស្លាប់និងនៅរស់កំពុងកើនឡើងដែរ។
ឥឡូវនេះមនុស្សកាន់តែច្រើនកំពុងទិញពូជសត្វក្នុងតម្លៃខ្ពស់ដើម្បីចិញ្ចឹមជាសត្វក្នុងផ្ទះ ហើយនិន្នាការបែបនេះមិនធ្វើឱ្យការធ្វើជំនួញសត្វឆ្កែរបស់ប្រទេសនេះថយចុះឡើយ។ ទោះជាសាច់ឆ្កែត្រូវបានដាក់នៅលើចានជាមួយទឹកជ្រលក់បង្គាឬសត្វឆ្កែត្រូវបីនៅលើដៃរបស់ស្ដ្រីអ្នកមានទ្រព្យធនម្នាក់ក៏ដោយក៏សត្វឆ្កែជាសត្វដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅ វៀតណាម។ លោក ង្វៀន ជុង ថាញ់់ (Nguyen Trung Thanh) វ័យ៤១ឆ្នាំ កំពុងពិសាអាហារពេលល្ងាចនៅឯភោជនីយដ្ឋានមួយដែលលក់សាច់ឆ្កែនៅទីក្រុងហាណូយ។ លោកនិយាយថា លោកជាអតិថិជនប្រចាំ។ លោកថាញ់និយាយថា លោកនិងមិត្តភ័ក្ដិរបស់លោកមកទីនេះនៅពេលណាដែលពួកគាត់ចង់បរិភោគសាច់ឆ្កែ។
សាច់ឆ្កែមានរសជាតិពិសេសដែលេលាកចូលចិត្ត។ លោកបានឱ្យដឹងថា សាច់នេះមានផលល្អសម្រាប់សុខភាពរបស់លោក ដោយសារវាមានសារជាតិចិញ្ចឹមនិងធ្វើឱ្យលោកកាន់តែរឹងមាំជាងមុន។ បើទោះជាការបរិភោគសាច់ឆ្កែជាអំពើខុសច្បាប់នៅតាមកន្លែងជាច្រើននៅទ្វីបអាស៊ីក៏ដោយវាជាការធ្វើជំនួញយ៉ាងធំមួយនៅវៀតណាម។ លោក ទួន បិនឌីសេន (Tuan Bendixsen) នាយកការិយាល័យប្រចាំនៅវៀតណាមនៃអង្គការសត្វអាស៊ី (Animals Asia’s Vietnam office) ថ្លែងថា ខណៈដែលសេដ្ឋកិច្ចរបស់វៀតណាមបានរីកលូតលាស់ មនុស្សកាន់តែច្រើនបាន ផ្លាស់ទៅរស់នៅក្នុងទីក្រុង ដោយបន្សល់ទុកសមាជិកគ្រួសារតិចតួចនៅឯទីជនបទដើម្បីចិញ្ចឹមឆ្កែលក់។
ស្របពេលជាមួយគ្នានេះដែរលោក ទួន មានប្រសាសន៍ថា មនុស្សកាន់តែច្រើនអាចមានលទ្ធភាពពិសាសាច់ឆ្កែ ដូច្នេះការបរិភោគក៏កំពុងកើនឡើងផងដែរ។ កាលពីខែមុនក្រុមប៉ូលិសថៃបានចាប់បុរសបីនាក់ដែលព្យាយាមរត់ពន្ធឆ្កែចំនួនជាង១ពាន់ក្បាលចូលទៅវៀតណាមឆ្លងកាត់តាមប្រទេសលាវ។ “ប្រសិនបើអ្នកធ្វើដំណើរទៅកាន់ប្រទេសវៀតណាមភាគកណ្ដាលនៅក្បែរព្រំដែនលាវជារឿយៗអ្នកនឹងឃើញឡានធំៗ ឆ្លងកាត់ជាឡានដែលផ្ទុកទៅដោយសត្វឆ្កែយ៉ាងហោចណាស់ក៏២០០ ទៅ៣០០ក្បាលដែលបានដាក់នៅក្នុងទ្រុងដូចសត្វមាន់ដែរ។ ទ្រុងនីមួយៗមានឆ្កែប្រហែល១០ក្បាល។ ទ្រុងទាំងនោះមានទំហំតូចៗ ឆ្កែទាំងនោះត្រូវផ្គត់ផ្គង់ទៅឱ្យឧស្សាហកម្មសាច់ឆ្កែនៅវៀតណាម”។ លោកទួន និយាយថា ក្រុមអ្នកចូលចិត្ដសាច់ឆ្កែភាគច្រើនបំផុតគឺជាមនុស្សវ័យកណ្ដាល។ លោកឱ្យដឹងទៀតថា ក្រុមយុវជនទំនងជាចង់យកសត្វទាំងនោះធ្វើជាសត្វចិញ្ចឹមជាង ដោយសារពួកគេធ្វើតាមអ្វីដែលមនុស្ស ទាំងឡាយបានធ្វើនៅក្នុងសង្គមលោកខាងលិច។
លោកថាញ់ កុក បាវ (Thanh Quoc Bao) ជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅសមាគម ខេណេល វៀតណាម (Vietnam Kennel Association)និយាយថា បើទោះជាគ្មានមនុស្សច្រើនបង្កាត់ពូជសត្វឆ្កែនៅវៀតណាមដូចមាននៅតាមបណ្ដាប្រទេសដទៃទៀតក៏ដោយ ចំនួននេះបានកើនឡើងយ៉ាងខ្លាំងកាលពីទសវត្សរ៍មុន។ លោកបន្ថែមទៀតថា សមាគមនេះបានជួយធ្វើឱ្យមានភាពជាក់លាក់ចំពោះការបង្កាត់ពូជសម្រាប់ឆ្កែក្នុងស្រុកមានដូចជា ពូជសត្វឆ្កែភូគួក (Phu Quoc) ជាឆ្កែដែលបានចេញសំដែងនៅក្នុងការបង្ហាញសត្វឆ្កែពិភពលោក (World Dog Show) នៅទីក្រុងបារីសជាលើកដំបូងបង្អស់នៅខែកក្កដាក្នុងឆ្នាំនេះ។
បើទោះជាពូជឆ្កែខុសគ្នាជាច្រើនត្រូវបាននាំចូលក្នុងប្រទេសវៀតណាមក៏ដោយ ក៏លោកបាវនិយាយថា កន្លងមកពូជឆ្កែដ៏ល្បីល្បាញបំផុតនោះគឺពូជឆ្កែធំៗរបស់អាល្លឺម៉ង់ ហៅ German Shepherd។ សត្វនេះធំពេញរូបរាងអាចមានតម្លៃជិត១ពាន់ដុល្លារ ដែលជាចំនួន១០ដងនៃប្រាក់បៀវត្សប្រចាំខែជាមធ្យម។ ក្នុងនាមជាអ្នកស្រឡាញ់ឆ្កែ លោក បាវទទូចឡើងថា លោកមិនបរិភោគសាច់ឆ្កែទេ ហើយគិតថា អ្នកបង្កាត់ពូជឆ្កែដទៃទៀតក៏មានអារម្មណ៍ដូចគ្នាដែរ។ លោក ទ្រិញ អាញ់ ង៉ុក (Trinh Anh Ngoc) មានវ័យ២៧ឆ្នាំ ជាឆ្មាំសន្ដិសុខនៅឯក្រុមហ៊ុនមួយនៅទីក្រុងហាណូយ។ កាលពី៩ខែមុន លោកបានចំណាយប្រាក់អស់ចំនួន៥០០ដុល្លារដែលស្មើនឹងបៀវត្សគាត់បីខែដើម្បីទិញកូនឆ្កែពូជរបស់អាឡឺម៉ង់ German shepherd។
លោកង៉ុក ថ្លែងថា បើទោះជាលោកនឹងប្រើប្រាស់សត្វនេះជាឆ្កែយាមផ្ទះក៏ដោយ ក៏លោកបានចំណាយប្រាក់ដោយសារលោកចាប់អារម្មណ៍លើការហ្វឹកហ្វឺនឆ្កែនិងការបង្កាត់ពូជឆ្កែ។ លោកថ្លែងថា ឆ្កែនេះជាមិត្ដរបស់លោក ដូច្នេះលោកនឹងមិនបរិភោគសាច់ឆ្កែនេះជាដាច់ខាត។ តែទោះជាយ៉ាងណា លោកគ្មានអារម្មណ៍ខ្ពើមរអើមចំពោះការបរិភោគសាច់សត្វឆ្កែដទៃទេ ៕
