ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ​ដែល​បាន​មក​ទស្សនា​ខេត្ដក្រចេះ​ឆ្នាំ​២០១១​មាន​ចំនួន​កើនឡើង​ជិត​២០​ភាគរយ​បើ​ប្រៀបធៀប​ នឹង​ឆ្នាំ​២០១០

ដោយ​ ៖ ​ ប៊ុ​ន​ថា​ន​ ថ្ងៃទី 04 មករា 2012ម៉ោង 18:01:45

​ខេត្ដក្រចេះ​ ៖​ មន្ដ្រី​នៃ​មន្ទីរ​ទេសចរណ៍​ ខេត្ដក្រចេះ​បាន​និយាយ​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ ពុធ​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​ អន្ដរជាតិ​ប​ដែល​បាន​មក​ទស្សនា​កម្សាន្ដ​ ខេត្ដក្រចេះ​គឺ​មានការ​កើន​ឡើងជា​លំដាប់​ ទោះបីជា​វិបត្ដិ​សេដ្ឋកិច្ច​សាកល​ និង​គ្រោះ​ធម្មជាតិ​បាន​ជះ​ឥទ្ធិពល​យ៉ាងណា​ក៏​ដោយ​ ក៏​ខេត្ដក្រចេះ​មិន​ទទួល​រង​ការ​ប៉ះពាល់​ដល់​វិ​ស​យ័​នេះ​ទេ​ ។​
​តាម​របាយការណ៍​របស់​មន្ទី​ទេសចរណ៍​ខេត្ដ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១០​ កន្លង​ទៅ​អត្រា​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ ដែល​បាន​មក​លេង​និង​ទស្សនា​តាម​បណ្ដា​រមណីយដ្ឋាន​នានា​មាន​ចំនួន​ជាង​១០​ កន្លែង​រាប់​ទាំង​រមណីយដ្ឋាន​ទេសចរណ៍​ ប្រវត្ដិសាស្ដ្រ​និង​រមណីយដ្ឋាន​ទេសចរណ៍​ ធម្មជាតិ​ គឺ​មាន​ចំនួន​១៧៥៩៦​នាក់​ បើ​ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១០​មានការ​ កើនឡើង​ចំនួន​៣៨៦៣​នាក់​ស្មើ​ និង​ជិត​ ៣០​ភាគរយ​ ។​ ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ ទាំងនេះ​គឺ​ភាគច្រើន​មក​ពី​តំបន់​អឺរ៉ុប​ មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​តំបន់​អា​មេ​រិ​ក​ និង​ទ្វីប​ដទៃ​ទៀត​ក្នុង​នោះ​ភាគច្រើន​មាន​ជនជាតិ​បារាំង​ ចិន​ អង់គ្លេស​ វៀតណាម​ អ៊ី​តា​លី​ និង​ស្វី​ស​ ព្រមទាំង​ជាតិ​សាសន៍​ ដទៃ​ទៀត​ ។​
​យោង​តាម​របាយ​ការ​ណ៏​ដដែល​បានឱ្យ​ដឹង​ថា​ ដោយឡែក​ភ្ញៀវ​ទេសចរ​ជាតិ​ ក្នុង​ឆ្នាំ​២០១១​ កន្លង​ទៅ​នេះ​គឺ​មាន​ ចំនួន​១៤៥.០៥៤​នាក់​ បើ​ប្រៀបធៀប​ ទៅ​នឹង​ឆ្នាំ​២០១០​មាន​អត្រា​កើនឡើង​ ចំនួន​១៧.៧១៧​នាក់​ស្មើនឹង​ជាង​១៣​ភាគ​ រយ​ ។​
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ លោក​ រុន​ ភា​រ៉ា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ភ្ញៀវ​អន្ដរជាតិ​ ដែល​ចូល​ចិត្ដ​មក​ទស្សនា​ខេត្ដក្រចេះ​ គឺ​ ភាគច្រើន​មក​ពី​ទ្វីប​អឺ​រុ​ប​ដោយសារ​តែ​ ខេត្ដក្រចេះ​ជា​ខេត្ដ​មួយ​ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ជាប់​នឹង​ដង​ទន្លេមេគង្គ​និង​មាន​សក្ដានុពល​ទេសចរណ៍​ ទូលំទូលាយ​មិន​ចាញ់​ខេត្ដ​ដទៃ​ទៀត​ដែរ​ ។​ ជាមួយ​គ្នា​ នេះ​ដែរ​នៅ​ទូ​ទាំង​ខេត្ដក្រចេះ​ មាន​តំបន់​ទេសចរណ៍​ចំនួន​១៦​កន្លែង​ក្នុង​នោះ​មាន​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្ដិសាស្ដ្រ​ចំនួន​៦​កន្លែង​និង​តំបន់​ទេសចរណ៍ធម្មជាតិ​9​អេកូ​ទេសចរណ៍​ប​ មាន​ ១០​ កន្លែង​ ។​
​លោក​ប្រធាន​មន្ទីរ​បានឱ្យ​ដឹង​ថា​ ការ​ កើន​ឡើងជា​លំដាប់​នៃ​ចំនួន​ភ្ញៀវ​ទេស​ ចរ​ គឺ​ដោយសារ​តែ​ខេត្ដក្រចេះ​នា​ពេល​ បច្ចុប្បន្ន​មាន​បណ្ដាញ​គមនាគមន៍​ត​ភ្ជាប់​ទៅ​ភ្នំពេញ​និង​ទៅ​តាម​បណ្ដា​ខេត្ដ​ផ្សេងៗ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ភ្ញៀវ​ ។​
​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ទស្សនា​របស់​ ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ​ភាគច្រើន​ពួក​ គេ​មក​ទស្សនា​សត្វ​ផ្សោត​នៅ​អន្លង់​ផ្សោត​ទន្លេមេគង្គ​កាំ​ពី​ ព្រះ​វិហារ​វត្ដ​សសរ​១០០​ និង​បណ្ដា​កោះ​មួយ​ចំនួន​ទៀត​ដែល​នៅ​ តាម​ជួរ​ដង​ទន្លេមេគង្គ​ ។​ ចំណែក​ភ្ញៀវ​ ទេសចរ​ជាតិ​ ភាគច្រើន​ពួក​គាត់​បាន​ មក​លេង​នៅ​រមណីយដ្ឋាន​កាំ​ពី​និង​បន្ដ​ទៅ​ទស្សនា​ព្រះ​វិហារ​សសរ​១០០​នៅ​ស្រុក​សំបូរ​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ តែ​មួយ​និង​តំបន់​ទេសចរណ៍​ប្រវត្ដិសាស្ដ្រ​ដទៃ​ទៀត​ ។​
​លោក​ប្រធាន​មន្ទីរ​បាន​លើក​ឡើង​ទៀត​ថា​ ក្រោម​ការ​ជួយ​គាំទ្ររ​ពី​គម្រោង​ផ្លូវ​ ទស្សនា​ទន្លេមេគង្គ​របស់​ក្រសួងទេសចរណ៍​សហការ​ជាមួយ​អង្គការ​ទេសចរណ៍​ពិភព​ លោក​គម្រោង​មួយ​នេះ​បាន​ជួយ​លើក​ស្ទួយ​ វិស័យ​ទេសចរណ៍​ក្នុង​ខេត្ដក្រចេះ​បាន​ច្រើន​ជា​បន្ដបន្ទាប់​ដូច​ជា​កសាង​សមត្ថភាព​ ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ខ្នាត​តូច​ និង​វគ្គ​ជំនាញ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ។​ ជាមួយ​គ្នា​នេះ​គំរោង​នេះ​បាន​បង្កើត​ការ​ រៀបចំ​ផ្លូវ​ទស្សនា​មេគង្គ​ដែល​ត​ភ្ជាប់​តាម​ដង​ទន្លេមេគង្គ​ពី​ខេត្ដក្រចេះ​ទៅ​ខេត្ដស្ទឹងត្រែង​ ។​
​ជាមួយនឹង​ផែនការអភិវឌ្ឍន៍​បន្ដ​ទៅ​លើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ដ​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា​ក្រោម​ការ​ណែនាំ​របស់​ក្រសួង ទេសចរណ៍​និង​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ដ​គឺ​បាន​ជំរុញ​ឱ្យ​មាន​ចលនា​ប្រឡងប្រណាំង​លើ​រមណីយដ្ឋាន​ស្អាត​ទីក្រុង​ស្អាត​ ។​ ហើយ​ខេត្ដ​បាន​បង្កើត​មជ្ឈមណ្ឌល​មួយ​នៅ​មាត់ទន្លេ​មុខ​ទីប្រជុំជន​ខេត្ដ​សម្រាប់​ផ្ដល់​សេវា​ព័ត៌មាន​ទេសចរណ៍​ដោយ​បង្កើត​ឱ្យ​មាន​សមាគម​ដឹក​ជញ្ជូន​ភ្ញៀវ​ផង​ដែរ​ ។​
​តាម​ការ​បញ្ជាក់​ពី​លោក​លោក​វរ​ សេនីយ៍​ទោ​ គុណ​ សុ​ភ័​ណ្ឌ​ នាយ​កា​រិ​យា​ ល័យ​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដ​បានឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១១​នេះ​សមត្ថ​ កិច្ច​បាន​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​ជូន​ ភ្ញៀវ​ទេសចរ​បាន​យ៉ាង​ល្អ​ប្រសើរ​គឺ​មិន​ មាន​ហេតុភេទ​អ្វី​គួរ​ឱ្យ​កត់សំគាល់​នោះ​ទេ​ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ ការិយាល័យ​ទេសចរណ៍​នៃ​ស្នងការ​នគរ​ បាល​ខេត្ដ​ក្រៅពី​ភ្ញៀវ​ជួប​ឧបទ្ទវហេតុ​ជ្រះ​បាត់​សម្ភារ​ចំនួន​៣​លើក​គឺ​គ្មាន​អ្វី​កើត​ ឡើង​នោះ​ទេ​ ៕