វាយប្រហារ​គ្រាប់បែក​២​លើក​នៅ​អ៊ី​រ៉ា​ក់​ស្លាប់​និង​របួស​ជិត​២០០​នាក់​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 06 មករា 2012ម៉ោង 14:59:42

​កាលពី​ថ្ងៃ​ទី​៥​ ធ្នូ​ មានការ​វាយប្រហារ​គ្រាប់បែក​២​លើក​ផ្សេង​គ្នា​ ធ្វើ​ឱ្យ​កក្រើកញាប់ញ័រ​ទីក្រុង​សាត​ ចម្ងាយ​ពី​ទីក្រុង​បា​ដា​ដ​ ៥០​គីឡូម៉ែត្រ​នៅ​ភាគ​ខាងកើត​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​៦៨​នាក់​ និង​រង​របួស​ជាង​១០០​នាក់​ ។​
​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​អ៊ី​រ៉ា​ក់បាន​ឱ្យ​ដឹង​ថា​ ភាគច្រើន​នៃ​ជន​រង​គ្រោះជា​កម្មករ​ចំណាកស្រុក​ មក​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីនោះ​ ។​

​សារព័ត៌មាន​ AFP​ បាន​ផ្សព្វផ្សាយ​ ​ថា​ អ៊ី​រ៉ា​ក់​តែងតែ​រង​ការ​វាយប្រហារ​បង្ហូរឈាម​ជា​ញឹកញាប់​ចាប់តាំងពី​កម្លាំង​ទាហាន​អា​មេ​រិ​កបាន​ដក​ចេញពី​ប្រទេស​នេះ​នា​ថ្ងៃ​ទី​១៨​ ធ្នូ​ ២០១១​ ។​ អំពើ​ហិង្សា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ក្រោយ​ពេល​នាយក​រដ្ឋមន្ដ្រី​នូ​រី​ អាល់​ម៉ា​លី​គី​ គំរាមកំហែង​ដកហូត​តំណែង​បណ្ដា​រដ្ឋមន្ដ្រី​ដែល​ជា​ជនជាតិ​ស៊ុន​នី​ ហើយ​បាន​ស្នើ​ឱ្យ​មន្ដ្រី​តំបន់​ស្វយ័ត​ជនជាតិ​ឃឺ​ត​ នាំ​ខ្លួន​លោក​អនុ​ប្រធានាធិបតី​ អាល់​ ហា​ស៊ី​មី​ មក​ឱ្យ​រដ្ឋាភិបាល​ ។​ កន្លង​មក​រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ដ្រី​ម៉ា​លី​គី​ បាន​ចោទប្រកាន់​អនុ​ប្រធានាធិបតី​ជា​អ្នក​ឈរ​ពីក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ ៕