៧ មករា ទេវតាប្រោះព្រំ

ដោយ​ ៖ មូល មិត្ដ ថ្ងៃទី 07 មករា 2012ម៉ោង 12:08:11

        ៧ មករា ទេវតាប្រោះព្រំ

 

-ជំនោរត្រជាក់ក្រោមព្រះចន្ទថ្លា                      ប្រាំពីរមករាមហាជោគជ័យ

ប្រជារួចផុតរាល់ទុក្ខភ័យ                                 ពីបនព្រៃផ្សៃប្រល័យពូជសាសន៍។

 

-ព្រះពាយផាយផាត់រសាត់ទៅឆ្ងាយ              ស្រុកយើងសប្បាយរីករាយល្អល្អះ

រួចផុតខ្នោឃ្នាងចំរៀងបោកប្រាស់                 ខ្មែរនៅចាំច្បាស់ក្មេងចាស់ប្រុសស្រី។

 

-វាយោនាំមកយកទាំងទឹកភ្លៀង                   ឥឡូវយើងច្រៀងៗសិទ្ធិសេរី

ដោយសារគុណបុណ្យសម្ដេចទាំង៣            ត្រួសត្រាយវិថីពុះពារឧបសគ្គ។

 

-ផ្គរលាន់គ្រឹមៗគ្រហឹមឆ្លើយឆ្លង                   ប្រជាអឺងកងអភិវឌ្ឍគ្មានអាក់

លើគ្រប់វិស័យកែច្នៃគ្មានស្រាក                   ពីក្រតោកយ៉ាកលំបាកជាមាន។

 

-រលឹមតក់ៗទឹកដក់គ្មានឈប់                       យើងមានទំនប់ប្រឡាយថ្នល់ស្ពាន

មានផ្លូវខ្វាត់ខ្វែងមានសាលារៀន                  មិនថានៅកៀននៅជិតរៀងអាយ។

 

-កង្កែបផ្លោតៗលោតក្នុងវាលស្រែ                ជនបទស្រុកខ្មែរបានប្រែរូបកាយ

កសិកម្មទំនើបទេសចររីកសាយ                   កុមារសប្បាយក្អាកក្អាយគ្រប់គ្នា។

 

-ចង្រិតច្រេកៗស្រែកញែកប្រឹថពី                 ប្រជាមូលមីរកសាងកម្ពុជា

កាន់តែរុងរឿងជីវភាពធូរធារ                         ជំរុញនាវាសាកកម្ពុជាថ្មី

 

-ប្រាំពីរមករាជាទឹកអម្រិត                            ប្រោសព្រំជីវិតឆ្ងាយជិតប្រុសស្រី

ឱ្យមានជីវិតរស់រានជាថ្មី                               ដោយសារបារមីបក្សប្រជាជន