ជិះ​ម៉ូតូ​កាត់​ភូមិ​ជនជាតិភាគតិច​កំពុង​សែនព្រេន​​ត្រូវ​ផាក​ជ្រូក​១​ក្បាល​ ស្រា​១​ពាង​ លុយ​១,២​លាន​រៀល​

ដោយ​ ៖ សូរិយា ថ្ងៃទី 12 មករា 2012ម៉ោង 09:09:54

​ខេត្ដរតនគិរី​ ៖​ គេ​ធ្លាប់តែ​ឮ​ការ​និទាន​ តៗ​គ្នា​អំពី​ទំនៀមទម្លាប់​របស់​ជនជាតិ​ ភាគតិច​នៅ​បណ្ដា​ភាគ​ឦសាន​រឿង​ផាក​ ពិន័យ​ប្រសិនបើ​សមាជិក​ក្នុងភូមិ​ ឬ​អ្នក​ ចំណូល​ថ្មី​ប្រព្រឹត្ដ​ខុសឆ្គង​ដោយ​ប្រការ​ ណាមួយ​ ។​ រហូត​មក​ដល់​ពេល​នេះ​ ទំនៀមទម្លាប់​នោះ​នៅ​តែ​រក្សា​បាន​រហូត​ ធ្វើ​ឱ្យ​មាន​ជន​រង​គ្រោះ​ត្រូវ​បង់ខាត​ជ្រូក​ ១​ក្បាល​,​ ស្រា​១​ពាង​ និង​លុយ​១,២​លាន​ រៀល​ដោយសារ​តែ​ជិះ​ម៉ូតូ​ឆ្លងកាត់​ភូមិ​ ជនជាតិភាគតិច​កំពុង​សែនព្រេន​ប្រចាំ​ ឆ្នាំ​ បើ​ទោះបីជា​មាន​អន្ដរាគមន៍​ពី​អាជ្ញាធរ​ ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ​ ។​

​អ្នក​ភូមិ​តឺ​ន​ ឃុំ​តឺ​ន​ ស្រុក​កូន​មុំ​ ខេត្ដ​ រតនគិរី​ដែល​ភាគច្រើន​ជា​ជនជាតិ​គ្រឹ​ង​  បាន​រៀបចំ​ពិធីសែនព្រេន​ប្រចាំឆ្នាំ​របស់​ ខ្លួន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ ទី​១២​ ខែមករា​ ឆ្នាំ​២០១២​ ដែល​ពិធី​នេះ​ មានការ​សែនព្រេន​ផឹកស៊ី​រាំ​លេង​កម្សាន្ដ​ ដូចដែល​ពួក​គេ​បាន​ធ្វើ​នា​ឆ្នាំ​មុនៗ​តាម​ ទំនៀមទម្លាប់​ដូនតា​ ។​ ពិធី​នេះ​មិន​ អនុញ្ញាត​ឱ្យ​សមាជិក​ក្នុងភូមិ​ចាកចេញ​ ពី​ភូមិ​នោះ​ឡើយ​ រីឯ​អ្នក​នៅ​ក្រៅ​ភូមិ​ មិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុងភូមិ​នោះ​ទេ​ ។​ នៅ​ច្រក​ចេញចូល​ភូមិ​តាម​ផ្លូវលំ​ត្រូវ​ បាន​ដាក់​បា​រ៉ា​ស់កាត់​ទទឹង​ផ្លូវ​ ។​ ទាំង​អ្នក​ នៅ​ក្នុងភូមិ​ ឬ​អ្នក​ក្រៅ​ភូមិ​ដែល​លើក​ បា​រ៉ា​ស់​នោះ​ឆ្លង​ចេញ​ ចូល​ ត្រូវ​រង​នូវ​ ការ​ផាកពិន័យ​តាម​ទម្លាប់​ ។​

​ក្នុង​ពេល​ដែល​អ្នក​ភូមិ​តឺ​ន​កំពុង​រៀប​ ចំ​ពិធីសែនព្រេន​ផឹកស៊ី​រាំច្រៀង​កម្សាន្ដ​ សប្បាយ​នោះ​ អ្នកស្រី​ណែ​ត​ និង​មិត្ដភក្ដិ​ ២​នាក់​ទៀត​ដែល​មិនដឹង​ថា​ភូមិ​នោះ​ មាន​ពិធីសែនព្រេន​ ក៏​ធ្វើ​ដំណើរ​ឆ្លងកាត់​ ភូមិ​នោះ​បំណង​ទៅ​ចំការ​ដំឡូង​ ។​ ក៏​ប៉ុន្ដែ​ គ្រាន់តែ​លើក​បា​រ៉ា​ស់​បណ្ដើរ​ម៉ូតូ​បាន​៣-៤​ម៉ែត្រ​ ក៏​ត្រូវ​អ្នក​ភូមិ​ជនជាតិ​គ្រឹ​ង​ព័ទ្ធ​  ផាកពិន័យ​ទារប្រាក់​ និង​គ្រឿង​សំណែន​ ផ្សេងៗ​ទៀត​ ។​

​អ្នកស្រី​ណែ​ត​បាន​និយាយ​ថា​ នៅ​ វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​ ២០១២​ ខ្លួន​និង​កម្មករ​ចំការ​ដំឡូង​២​នាក់​ ទៀត​ត្រូវធ្វើ​ដំណើរ​កាត់​ភូមិ​តឺ​ន​ លុះ​មក​ ដល់​ចំណុច​បា​រ៉ា​ស់​ដែល​មាន​ដើមឈើ​ ប៉ុន​កំភួនជើង​ចង​កាត់​ទទឹង​ថ្នល់​ ពួក​គាត់​ ក៏​លើក​ឈើ​នោះ​ដើម្បី​ឆ្លងកាត់​ ក៏​ត្រូវ​ បាន​អ្នក​ភូមិ​មក​ឃាត់​ដំណើរ​ មិន​ឱ្យ​ឆ្លង​ កាត់​។​ បើ​ទោះបីជា​ពួក​គាត់​អង្វរក​យ៉ាង​ ណា​ក៏​ដោយ​ ក៏​អ្នក​ភូមិ​តឺ​ន​ទាំងនោះ​មិន​ ស្ដាប់​ដែរ​ ។​

​អ្នកស្រី​ណែ​ត​ រស់នៅ​ភូមិ​១​ សង្កាត់​ ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ បានឱ្យ​ដឹង​ ថា​ បើ​ទោះបីជា​ពួក​គាត់​អង្វរក​យ៉ាងណា​ ក៏​អ្នក​ភូមិ​ទាំងនោះ​មិន​ព្រម​អនុញ្ញាត​ឱ្យ​ ក្រុម​គាត់​ធ្វើ​ដំណើរ​ចាកចេញ​នោះ​ដែរ​។​ អ្នក​ភូមិ​ទាមទារ​យក​ប្រាក់​១,២​លាន​ រៀល​,​ ជ្រូក​១​ក្បាល​ និង​ស្រា​១​ពាង​ទើប​ អនុញ្ញាត​ឱ្យ​ពួក​គាត់​បន្ដដំណើរ​ទៅ​មុខ​ ។​

​ដោយសារ​មិន​មាន​លទ្ធភាព​រក​ប្រាក់​ ឱ្យ​អ្នក​ភូមិ​តឺ​ន​ ទើប​អ្នកស្រី​ណែ​ត​ និង​មិត្ដ​ ភក្ដិ​ស្វែងរក​អន្ដរាគមន៍​ពី​អាជ្ញាធរ​ ។​ ក្នុង​ នោះ​សូ​ម្បី​តែ​សមត្ថកិច្ច​កង​រាជ​អាវុធ​ ហត្ថ​ស្រុក​ក៏​មិន​អាច​ដោះស្រាយ​បាន​ ហើយ​រឿង​នេះ​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​លោក​ អភិបាលខេត្ដ​ទៀត​ផង​ ។​ លោក​អភិបាល​ ខេត្ដរតនគិរី​ ប៉ាវ​ ហម​ផា​ន​ បាន​បញ្ជា​ឱ្យ​ អភិបាលស្រុក​កូន​មុំ​ជួយ​អន្ដរាគមន៍​ តែ​ នៅ​តែ​មិន​បាន​ផល​ ពោល​គឺ​អ្នកស្រី​ ណែ​ត​ និង​មិត្ដភក្ដិ​មិន​អាច​ចាកចេញ​ ដោយ​គ្មាន​សំណង​សម្រាប់​អ្នក​ភូមិ​តឺ​ន​ នោះ​បាន​ឡើយ​ ។​

​លោក​អ៊ុ​ក​ ស្រេង​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្ប​ខេត្ដរតនគិរី​បានឱ្យ​ដឹង​ ថា​ នេះ​ជា​បញ្ហា​ប្រពៃណី​ ទំនៀមទម្លាប់​ ជនជាតិភាគតិច​ដែល​យើង​មិន​អាច​ទៅ​ ណែនាំ​ ឬ​បញ្ឈប់​ពួក​គាត់​បាន​ទេ​។​ លោក​ បាន​បន្ដ​ថា​ អ្នក​ធ្វើ​ដំណើរ​គួរតែ​យល់​ ដោយ​ខ្លួនឯង​ផង​ ពេល​ឃើញ​គេ​ដាក់​ បា​រ៉ា​ស់​ដូច្នោះ​ គឺ​វា​សញ្ញា​ប្រាប់​ថា​មិន​ អនុញ្ញាត​ឱ្យ​យើង​ចូល​ទេ​ ។​

​អ្នកខ្លះ​និយាយ​ថា​ វា​មិនមែន​ជា​វិធី​ ដែល​ត្រូវ​បន្ដ​ធ្វើ​នោះ​ទេ​ ពីព្រោះ​ផ្លូវ​ គមនាគមន៍​ក្នុង​សហគមន៍​នានា​ជា​ផ្លូវ​ សាធារណៈ​សម្រាប់​ឱ្យ​សាធារណជន​ធ្វើ​ ដំណើរ​ ។​ អ្នក​ភូមិ​ជនជាតិភាគតិច​នៅ​ តែ​អាច​ធ្វើ​ពិធីសែនព្រេន​ដោយ​មិន​ អនុញ្ញាត​ឱ្យ​មាន​អ្នក​ភូមិ​ផ្សេង​ឆ្លងកាត់​ ពិធី​របស់​ខ្លួន​ដោយ​គ្រាន់តែ​ជូនដំណឹង​ សរសេរ​ជា​អក្សរ​ដាក់​ផ្លូវ​ចូល​ភូមិ​ក្នុង​ការ​ ហាម​អ្នក​ដទៃ​ឆ្លងកាត់​មូលដ្ឋាន​របស់​ខ្លួន​ គឺ​ក៏​អាច​ជា​សញ្ញា​ខ្លះៗ​ដែរ​ ៕