
ពិព័រណ៍គំនូរវិចិត្រករ ឯម រៀម និងមាស សុឃន
ដោយ ៖ វឌ្ឍនា ថ្ងៃទី 13 មករា 2012ម៉ោង 16:34:50
ភ្នំពេញ ៖ ផ្ទាំងគំនូរចំនួន៣២ផ្ទាំងរួម ទាំងស្នាដៃសិល្បៈមួយចំនួនដែលរចនា ដោយវិចិត្រករខ្មែរល្បីឈ្មោះគឺលោក ឯម រៀម និងលោក មាស សុឃន ត្រូវបាន រៀបចំដាក់តាំងបង្ហាញឱ្យសាធារណជន ទស្សនាបន្ទាប់ពីប្រារឰពិធីបើកសម្ពោធ កាលពីរាត្រីថ្ងៃទី១២ខែមករាឆ្នាំ២០១២នៅវិទ្យាស្ថានបារាំងរួចមក ។ ផ្ទាំងគំនូរ និងស្នាដៃសិល្បៈក្រោមប្រធានបទ “គំនូរ ដែលមិនបានដាក់ចំណងជើង និង ធម្ម ជាតិ” នេះនឹងត្រូវដាក់តាំងបង្ហាញជា សាធារណៈរយៈពេលពេញមួយខែ ។
វិចិត្រករវ័យ៣៥ឆ្នាំលោក មាស សុឃន ដែលបានរចនារូបគំនូរក្រោម ប្រធានបទ”គំនូរដែលមិនបានដាក់ចំណងជើង” ចំនួន១៥ផ្ទាំងនិងស្នាដៃសិល្បៈ ចម្លាក់មួយចំនួនទៀតបានប្រាប់ថាគំនូរទាំងនេះចង់ឆ្លុះបញ្ចាំងពីបញ្ហាសង្គមនិង សេដ្ឋកិច្ចដែលគេតែងជួបជារៀងរាល់ថ្ងៃហើយដែលទាមទាឱ្យចូលរួមគិតទាំង អស់គ្នា ។ វិចិត្រករដែលបញ្ចប់ការ សិក្សាផ្នែកតុបតែងខាងក្នុងនៅសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរូបនេះប្រាប់ ដែរថា រចនាពេលការព្យាយាមលាយ បញ្ចូលគ្នានូវវិធីសាស្ដ្រគូររចនាថ្មី និង ចាស់រូមបញ្ចូលគ្នាដែលអាចនាំឱ្យផ្ទាំងគំនូរនេះកាន់តែលេចធ្លោនិងជាទីចាប់ អារម្មណ៍ ។ វិចិត្រករដែលធ្លាប់ចូលរួម ការដាក់តាំងពិព័រណ៍នៅប្រទេសអូស្ដ្រាលី និងសហរដ្ឋអាមេរិករូបនេះរំពឹងថានឹង ទទួលបាននូវបទពិសោធន៍ថ្មីបន្ថែមទៀតសម្រាប់ការគូរនិងរចនាវត្ថុសិល្បៈនានានៅពេលក្រោយទៀត ។
វិចិត្រករដែលធ្លាប់ធ្វើឱ្យមានការ ភ្ញាក់ផ្អើលតាមរយៈរូបគំនូរនិងវត្ថុសិល្បៈមួយចំនួនកន្លងមក លោក ឯម រៀមបាន ប្រាប់ថា ប្រធានបទរបស់លោកលើគំនូរ ថ្មីនេះមានចំណងជើងថា “ធម្មជាតិ” មានចំនួន១៧ផ្ទាំងនិងការរចនាវត្ថុសិល្បៈមួយចំនួនទៀត ។ លោកប្រាប់ទៀតថា ការរចនាគំនូរនេះមានលក្ខណៈថ្មីប្លែក ខុសពីលើកមុនដោយសារផ្ទាំងសំពត់ ដែលលោកគូរត្រូវបានធ្វើឡើងអំពី ក្រចៅដែលប្រជាពលរដ្ឋខ្មែរពីមុន និយមយកមកធ្វើជាបាវនោះ ។ បើទោះ បីជាឆ្លងកាត់ការលំបាកមួយចំនួនក្នុង ការគូរក៏ពិតមែនក៏វិចិត្រករវ័យ៣៥ឆ្នាំរូបនេះប្រាប់ថាវាកើតឡើងពីការខិតខំប្រឹង ប្រែងរិះរកអ្វីដែលថ្មីសម្រាប់អ្នកទស្សនាពិសេសចង់បង្ហាញពីគំនិតស្រលាញ់វត្ថុធម្មជាតិដែលល្អប្រសើរជាងការកែច្នៃ ហើយលោកមានអារម្មណ៍សប្បាយចិត្ដបន្ទាប់ពីវិទ្យាស្ថានបារាំងអនុញ្ញាតឱ្យ លោកបានបញ្ចេញស្នាដៃថ្មីៗជាបន្ដបន្ទាប់បង្ហាញដល់សាធារណៈជន ។
គួរបញ្ជាក់ផងដែរថាលោកក ឯម រៀមបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកសិល្បៈសូនរូបនៅមហាវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈនិងបានទៅបន្ដការ សិក្សាផ្នែករចនានិងគំនូរនៅប្រទេស បារាំងកាលពីឆ្នាំ២០០០ ។ ស្នាដៃសិល្បៈ របស់ឯមរៀមធ្លាប់បានចូលរួមការតាំងពិព័រណ៍ជាលក្ខណៈជាតិនិងអន្ដរជាតិ ជា ច្រើនលើកច្រើនសានិងទទួលបានការ កោតសរសើរពីស្នាដៃនិងគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់លោក ៕
