ពិព័រណ៍​គំនូរ​វិចិត្រករ​ ឯម​ រៀម​ និង​មាស​ សុ​ឃ​ន​

ដោយ​ ៖ វឌ្ឍនា ថ្ងៃទី 13 មករា 2012ម៉ោង 16:34:50

​ភ្នំពេញ​ ៖​ ផ្ទាំងគំនូរ​ចំនួន​៣២​ផ្ទាំង​រួម​ ទាំង​ស្នាដៃ​សិល្បៈ​មួយ​ចំនួន​ដែល​រចនា​ ដោយ​វិចិត្រករ​ខ្មែរ​ល្បីឈ្មោះ​គឺ​លោក​ ឯម​ រៀម​ និង​លោក​ មាស​ សុ​ឃ​ន​ ត្រូវ​បាន​ រៀបចំ​ដាក់​តាំង​បង្ហាញ​ឱ្យ​សាធារណជន​ ទស្សនា​បន្ទាប់​ពី​ប្រារឰ​ពិធី​បើក​សម្ពោធ​ កាលពី​រាត្រី​ថ្ងៃ​ទី​១២​ខែមករា​ឆ្នាំ​២០១២​នៅ​វិទ្យាស្ថាន​បារាំង​រួច​មក​ ។​ ផ្ទាំងគំនូរ​ និង​ស្នាដៃ​សិល្បៈ​ក្រោម​ប្រធានបទ​ “​គំនូរ​ ដែល​មិន​បាន​ដាក់​ចំណងជើង​ និង​ ធម្ម​ ជាតិ​”​ នេះ​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​ជា​ សាធារណៈ​រយៈពេល​ពេញ​មួយ​ខែ​ ។​

​វិចិត្រករ​វ័យ​៣៥​ឆ្នាំ​លោក​ មាស​ សុ​ឃ​ន​ ដែល​បាន​រចនា​រូបគំនូរ​ក្រោម​ ប្រធានបទ​”​គំនូរ​ដែល​មិន​បាន​ដាក់​ចំណងជើង​”​ ចំនួន​១៥​ផ្ទាំង​និង​ស្នាដៃ​សិល្បៈ​ ចម្លាក់​មួយ​ចំនួន​ទៀត​បាន​ប្រាប់​ថា​គំនូរ​ទាំងនេះ​ចង់​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​សង្គម​និង​ សេដ្ឋកិច្ច​ដែល​គេ​តែង​ជួប​ជា​រៀងរាល់ថ្ងៃ​ហើយ​ដែល​ទាមទា​ឱ្យ​ចូលរួម​គិត​ទាំង​ អស់​គ្នា​ ។​ វិចិត្រករ​ដែល​បញ្ចប់​ការ​ សិក្សា​ផ្នែក​តុបតែង​ខាងក្នុង​នៅ​សាកល​ វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​រូប​នេះ​ប្រាប់​ ដែរ​ថា​ រចនា​ពេល​ការ​ព្យាយាម​លាយ​ បញ្ចូល​គ្នា​នូវ​វិធីសាស្ដ្រ​គូរ​រចនា​ថ្មី​ និង​ ចាស់​រូ​ម​បញ្ចូល​គ្នា​ដែល​អាច​នាំ​ឱ្យ​ផ្ទាំងគំនូរ​នេះ​កាន់តែ​លេចធ្លោ​និង​ជាទី​ចាប់​ អារម្មណ៍​ ។​ វិចិត្រករ​ដែល​ធ្លាប់​ចូលរួម​ ការ​ដាក់​តាំងពិព័រណ៍​នៅ​ប្រទេស​អូស្ដ្រាលី​ និង​សហរដ្ឋអាមេរិក​រូប​នេះ​រំពឹង​ថា​នឹង​ ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​បន្ថែម​ទៀត​សម្រាប់​ការ​គូរ​និង​រចនា​វត្ថុ​សិល្បៈ​នានា​នៅ​ពេល​ក្រោយ​ទៀត​ ។​

​វិចិត្រករ​ដែល​ធ្លាប់​ធ្វើ​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​តាម​រយៈ​រូបគំនូរ​និង​វត្ថុ​សិល្បៈ​មួយ​ចំនួន​កន្លង​មក​ លោក​ ឯម​ រៀម​បាន​ ប្រាប់​ថា​ ប្រធានបទ​របស់​លោក​លើ​គំនូរ​ ថ្មី​នេះ​មាន​ចំណងជើង​ថា​ “​ធម្មជាតិ​”​ មាន​ចំនួន​១៧​ផ្ទាំង​និង​ការ​រចនា​វត្ថុ​សិល្បៈ​មួយ​ចំនួន​ទៀត​ ។​ លោក​ប្រាប់​ទៀត​ថា​ ការ​រចនា​គំនូរ​នេះ​មាន​លក្ខណៈ​ថ្មី​ប្លែក​ ខុស​ពី​លើក​មុន​ដោយសារ​ផ្ទាំង​សំពត់​ ដែល​លោក​គូរ​ត្រូវ​បាន​ធ្វើ​ឡើង​អំពី​ ក្រចៅ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ពី​មុន​ និយម​យក​មក​ធ្វើ​ជា​បាវ​នោះ​ ។​ បើ​ទោះ​ បី​ជា​ឆ្លងកាត់​ការ​លំបាក​មួយ​ចំនួន​ក្នុង​ ការ​គូរ​ក៏​ពិតមែន​ក៏​វិចិត្រករ​វ័យ​៣៥​ឆ្នាំ​រូប​នេះ​ប្រាប់​ថា​វា​កើតឡើង​ពី​ការ​ខិតខំ​ប្រឹង​ ប្រែង​រិះរក​អ្វី​ដែល​ថ្មី​សម្រាប់​អ្នក​ទស្សនា​ពិសេស​ចង់​បង្ហាញ​ពី​គំនិត​ស្រលាញ់​វត្ថុ​ធម្មជាតិ​ដែល​ល្អ​ប្រសើរ​ជាង​ការ​កែ​ច្នៃ​ ហើយ​លោក​មាន​អារម្មណ៍​សប្បាយចិត្ដ​បន្ទាប់​ពី​វិទ្យាស្ថាន​បារាំង​អនុញ្ញាត​ឱ្យ​ លោក​បាន​បញ្ចេញស្នាដៃ​ថ្មីៗ​ជា​បន្ដបន្ទាប់​បង្ហាញ​ដល់​សាធារណៈជន​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​លោ​កក​ ឯម​ រៀម​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​សិល្បៈ​សូន​រូប​នៅ​មហាវិទ្យាល័យ​ ភូមិន្ទ​វិចិត្រសិល្បៈ​និង​បាន​ទៅ​បន្ដ​ការ​ សិក្សា​ផ្នែក​រចនា​និង​គំនូរ​នៅ​ប្រទេស​ បារាំង​កាលពី​ឆ្នាំ​២០០០​ ។​ ស្នាដៃ​សិល្បៈ​ របស់​ឯម​រៀម​ធ្លាប់​បាន​ចូលរួម​ការ​តាំងពិព័រណ៍​ជា​លក្ខណៈ​ជាតិ​និង​អន្ដរជាតិ​ ជា​ ច្រើន​លើក​ច្រើន​សា​និង​ទទួល​បានការ​ កោតសរសើរ​ពី​ស្នាដៃ​និង​គំនិត​ច្នៃប្រឌិត​ដ៏​ប៉ិន​ប្រសប់​របស់​លោក​ ៕