
Girls Generation ច្បាមទីផ្សារអាស៊ី ហើយកំពុងច្បាមទីផ្សារអាមេរិកទៀត
ដោយ ៖ លោក ឯក ថ្ងៃទី 20 មករា 2012ម៉ោង 15:28:04
បន្ទាប់ពីបង្ហាញក្បាច់រាំច្រៀងយ៉ាងរស់រវើកនៅថ្ងៃទី២៣ ខែតុលា នៅទីលាន Madison Square ក្នុងទីក្រុងរួចមក ក្រុម Girls Generation បន្ដទទួលបានការកោតសរសើរយ៉ាងកក់ក្ដៅពីអ្នកទស្សនា ។ ដោយសារតែភាពចំណាន និងទេពកោសល្យចម្លែកៗក្នុងការសំដែងនៅក្នុងខនសឺតនៅអាមេរិក ក្រុមរបាំនិងច្រៀងមួយក្រុមនេះត្រូវបានទទួលចំណាត់ថ្នាក់ជាតំណាងឱ្យ K-pop អន្តរជាតិ ។
ថ្មីៗកន្លងទៅនេះ ក្រុមរបស់កូរ៉េខាងត្បូងបានបញ្ចេញអាល់ប៊ុមចម្រៀងថ្មីមួយទៀតឈ្មោះថា "The Boys" ដែលជាអាល់ប៊ុមទី៣របស់ខ្លួន ។ "The Boys" ពេលចេញភ្លាមៗ បានធ្វើឱ្យរំជួលទីផ្សារខ្លាំងជាងអាល់ប៊ុមមុនៗ ហើយគេប្រៀបប្រដូចទៅនឹងអាល់ប៊ុមចុងក្រោយរបស់ ម៉ៃឃើល ជែកសាន់ (Michael Jackson) ឈ្មោះ Teddy Reley ។ ក្រុមនេះក៏បានបញ្ចេញនូវអាល់ប៊ុមថ្មីបកប្រែជាភាសាអង់គ្លេសដើម្បីលក់ជូនអ្នកស្ដាប់បរទេសផងដែរ ហើយវីដេអូតន្ដ្រីចម្រៀងរបស់ក្រុមនេះ គេក៏បង្ហោះនៅក្នុង You Tube ដែលគេនិទស្សន៍អាចចាប់បានអ្នកទស្សនាលើសពី១៧លាននាក់ ។ ក្រុមនេះក៏បានចុះហត្ថលេខាកិច្ចព្រមព្រៀងជាមួយនឹងក្រុម Universal Group ក្នុងបំណងបង្កើនបន្ថែមទៀតនូវទេពកោសល្យរបស់ខ្លួនដូចជា Lady Gaga-Eminem និង Black Eyed Peas ។ កាលពីខែមិថុនាកន្លងទៅនេះ ក្រុម K-pop girl group នេះ បានបញ្ចេញអាល់ប៊ុមមួយនៅក្នុងប្រទេសជប៉ុន ដែលនៅទីនោះគេបានលើករូបក្រុមនេះយ៉ាងធំៗក្នុងឱកាសសម្ដែងប្រចាំសបា្ដហ៍ ហើយលក់បានអាល់ប៊ុមដល់ទៅ ២៣០.០០០ ដុំឯណោះ ។
ចាប់តាំងពីផ្ដើមសម្ដែងដំបូង ក្រុម Girls Generation ដណ្ដើមបានលំដាប់ថ្នាក់លើគេនៅតំបន់អាស៊ី ហើយឥឡូវនេះក្រុមស្រីៗមួយនេះកំពុងតែតស៊ូបំបែកទីផ្សារនៅអាមេរិកថែមទៀត ។ ដូចយើងបានដឹងតាមរយៈស្នាដៃក្រុមស្រីៗមួយនេះកំពុងតែតស៊ូធ្វើយ៉ាងណាក្លាយជាតំណាងឱ្យក្រុមយុវតីនៃប្រទេសកូរ៉េដើម្បីដណ្ដើមយកជ័យជម្នះលើទីផ្សារពិភពលោក ។
ក្រុម Girls Generation គ្រប់គ្រងចាត់ចែងដោយ SM Entertainment ដែលជាភ្នាក់ងារកំសាន្ដដ៏ធំជាងគេរបស់កូរ៉េ ហើយដែលបានពង្រីកទៅជាក្រុមសិល្បៈកូរ៉េមានដូចជា HOT-BOA-TVXQ និងក្រុមសិល្បៈជើងចាស់ផ្សេងទៀត ។ ក្រុម Girls Generation រួមមាន Taeyeon ឈរនៅលំដាប់ទី១នៅ SM Youth Singing Competition ដែលគេស្គាល់យ៉ាងច្បាស់ថា មានសំលេងពិរោះថែមទៀត ។ Tiffany និង Jessica ទាំងពីរនាក់នេះ កើតនិងរស់នៅអាមេរិក គេពូកែទាំងអង់គ្លេស និងកូរ៉េ ។ Hyoyeon ដែលដាក់ឈ្មោះថារាជនីខាងរបាំ Youri និង Yuna គេទាំងពីរដើមឡើយជាអ្នកបង្ហាញម៉ូត ។ ចំណែកឯ Seohyun និង Sunny ទាំងពីរនាក់ពូកែខាងរាំដ៏អស្ចារ្យដោយហេតុថាគេបានហ្វឹកហាត់យ៉ាងយូរនៅក្នុងក្រុម SM Entertainment ។
ក្រៅពីការកសាងកេរ្ដិ៍ឈ្មោះលើឆាកអន្តរជាតិ ក្រុម Girls Generation ដ៏ល្បីល្បាញនេះបានបង្ហាញអំពីចិត្ដសប្បុរសធម៌ដោយបាននាំក្មេងស្រីកម្ពុជាអាយុ១១ឆ្នាំ មានបេះដូងប្រហោង២ ទៅជួយវះកាត់នៅប្រទេសកូរ៉េ ដែលនេះបង្ហាញអំពីទឹកចិត្ដមនុស្សធម៌ដែលពុំអាចកាត់ថ្លៃបាន ៕
