
Zhang Ziyi ត្រូវបានចោទប្រកាន់ថាកំពុងទាក់ទងស្វាមីរបស់គេ
ដោយ ៖ សុខណា ថ្ងៃទី 21 មករា 2012ម៉ោង 09:22:26
ហាងនាឡិកាមួយនៅទីក្រុងប៉េកាំងដែលបានតាំង Poster ដ៏ធំមួយរបស់តារាភាពយន្ដស្រីជនជាតិចិនឈ្មោះ Zhang Ziyi ត្រូវបានប្រឡាក់ពាសពេញដោយទឹកថ្នាំ ។
ប្រភពពត៌មានបានឱ្យដឹងថា ព្រឹត្ដការណ៍នេះមានជាប់ទាក់ទងទៅនឹងកំពូលតារាដែលពាក់ព័ន្ធក្នុងករណីឆបោកទឹកប្រាក់ចំនួន៤១,២លានដុល្លារ ។
ជាមួយគ្នានេះដែរ Zhang ក៏ត្រូវបានចោទប្រកាន់ថាកំពុងទាក់ទងស្វាមីរបស់គេ ។
ហាងនាឡិកានោះគឺស្ថិតនៅក្នុងសណ្ឋាគារមួយដែល Zhang កំពុងស្នាក់នៅ ។
ប្រភពព័ត៌មាន Sina Net របស់ប្រទេសចិនបានរាយការណ៍ថា ក្រុមបុរសមានគ្នា៥នាក់ បានជិះឡានមកដល់និងបានធ្វើការវាយប្រហារទៅលើសណ្ឋាគារនៅម៉ោងប្រមាណ១១យប់កាលពី២-៣ថ្ងៃមុន។
បុរសនោះបានសួរទៅសន្ដិសុខសណ្ឋាគារអំពីជាន់ដែលនាង Zhang ស្នាក់នៅ ។ បន្ទាប់មក ពួកគេបានចាប់ផ្ដើមប្រើពាក្យសម្ដីបាតផ្សារចោទប្រកាន់ទៅលើ Zhang អំពីការឆបោក និងទាក់ទងប្ដីរបស់គេ ។ ពួកគេបានចាកចេញទៅបន្ទាប់ពីមិនបានទទួលចម្លើយអ្វីពីភ្នាក់ងារសន្ដិសុខ។
កន្លះម៉ោងក្រោយមក រថយន្ដដដែលនោះបានត្រឡប់មកសណ្ឋាគារម្ដងទៀត ហើយបុរសពីរនាក់បានចុះពីលើឡាន ។ បុរសនោះបានជះទឹកថ្នាំខ្មៅទៅលើរូប Poster របស់នាង Zhang នៅក្នុងហាងលក់នាឡិកាមួយស្ថិតនៅជ្រុងខាងកើតនៃសណ្ឋាគារ។
ព្រឹត្ដិការណ៍នេះបានកើតឡើងនៅចំពោះមុខក្រុមអ្នករាយការណ៍ព័ត៌មានដ៏ធំមួយដែលកំពុងរង់ចាំតារាស្រីហុងកុង Maggie Cheung ។
តាមការប៉ាន់ស្មានថា Cheung ហើយនិងមិត្ដប្រុសអាល្លឺម៉ង់របស់នាងគឺ Ole Schreen បានធ្វើពិធីភ្ជាប់ពាក្យនៅថ្ងៃនោះ នៅក្នុងសណ្ឋាគារនេះដែរ ប៉ុន្ដែគ្មានដំណឹងពីពួកគេទាល់តែសោះ។
ប្រភពព័ត៌មានបាននិយាយថា Zhang និងបងប្រុសរបស់នាងបានឆបោកដៃគូរកស៊ីខ្លួន នូវទឹកប្រាក់ចំនួន RM100mil ។ Zhang ក៏ត្រូវបានចោទប្រកាន់ថាបានដណ្ដើមយកស្វាមីរបស់ស្ដ្រីអ្នករកស៊ីម្នាក់នោះផងដែរ ។
ពាក្យចចាមអារាមថា ស្ដ្រីអ្នករកស៊ីម្នាក់នោះមានឈ្មោះ Wendi Deng ជាប្រពន្ធរបស់មហាសេដ្ឋីឈ្មោះថា Rupert Murdoch ។
ទោះជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងរបស់ Zhang គឺ Ji Lingling បានបដិសេដ្ឋចំពោះពាក្យចោទប្រកាន់ទាំងនេះ ។ នាងនិយាយថា Zhang កំពុងយកចិត្ដទុកដាក់លើការងារសម្ដែងរបស់នាង ហើយក៏មិនដែលជាប់ទាក់ទងក្នុងការងាររកស៊ីណាមួយឡើយ ។ នាងបន្ថែមថា ពួកគេបានផ្ដល់ដំណឹងនេះដល់ប៉ូលិស ព្រមទាំងស្នើសុំឱ្យមានការតាមដានរឿងក្ដីនេះ ។
នាងក៏បាននិយាយដែរថា Zhang និងគូដណ្ដឹងរបស់នាងគឺ Vivi Nevo កំពុងមានទំនាក់ទំនងស្អិតល្មួតនៅឡើយទេ ៕
