
ទឹកផ្លែឈើជួយបម្រុងស្បែកស្អាតដូចធម្មជាតិ
ដោយ ៖ ថ្ងៃទី 28 មករា 2012ម៉ោង 10:15:22
ទឹកផ្លែឈើគ្រប់ប្រភេទមិនត្រឹមតែទទួលទានមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្ដែទឹកផ្លែឈើនៅមានប្រយោជន៍ជួយបំរុងរាងកាយឱ្យមានសម្បុរស្បែកទាំងខាងក្នុងនិងខាងក្រៅរបស់យើងឱ្យមានសម្រស់ស្រស់ថ្លាបែបធម្មជាតិ តែយើងគួរជ្រើសរើសផ្លែឈើណាដែលមានជាតិវីតាមីនដូចខាងក្រោម៖
១.ទឹកក្រូចពោធិ៍សាត់
មានឧត្ដមភាពទៅដោយវីតាមីន A, B1, B2 គឺអាចជួយកាត់បន្ថយជាតិកូឡេស្ដេរ៉ូល និងជួយការពារជំងឺផ្ដាសាយ ។
២. ទឹកក្រូចឆ្មារ
សម្បូរទៅដោយវីតាមីនC និងវីតាមីនB2 រួមទាំងរ៉ែ និងធាតុផ្សេងៗ ជួយប្រឆាំងនឹងជំងឺផ្ដាសាយនិងជួយរក្សាឱ្យស្បែកមានភាពភ្លឺថ្លាបាន។
៣.ទឹកល្ហុង
ទឹកល្ហុងទុំសម្បូរទៅដោយវីតាមីនA ខ្ពស់ មានគុណសម្បត្ដិអាចជួយអ្នកដែលមានបញ្ហាទល់លាមក និងអាហារមិនរំលាយ ព្រោះល្ហុង
ទុំមានអង់ស៊ីម (Papain Enzyme) ដែលជួយរំលាយអាហារប្រភេទប្រូតេអ៊ីន និងមានប្រយោជន៍ជាថ្នាំសម្រួលប្រព័ន្ធរំលាយអាហារ
បានល្អជាទីបំផុត ។
៤. ទឹកផ្លែប៉ោម
សក្ដិសមសម្រាប់ផ្នែកខាងសុខភាពនារីដែលចូលចិត្ដស្រលាញ់ក្រចកវែង ព្រោះទឹកផ្លែប៉ោមអាចជួយពង្រឹងក្រចកឱ្យរឹងមាំនិងសរសៃសក់ដុះលូតលាស់បានល្អ សម្បូរទៅដោយវីតាមីន A និង C ។
៥.ទឹកប៉េងប៉ោះ
សម្បូរទៅដោយសារធាតុឡែកកូពីនដែលជួយរឿងបង្អន់ល្បឿនភាពចាស់ជរា ជួយការពារភាពបាត់បង់របស់កោសិកា ហើយផលប្រយោជន៍សំខាន់មួយផ្នែកទៀតសូមប្រាប់ទៅដល់សុភាពនារីថា ក្នុងទឹកប៉េងប៉ោះនៅមានសារធាតុជួយកាត់បន្ថយអត្រាកើតជំងឺមហារីកមាត់ស្បូនបានល្អថែមទៀតផង ។
៦. ទឹកផ្លែឪឡឹក
ជួយលាងសម្អាតតម្រងនោម និងជួយបើកផ្លូវទឹកនោមបានល្អ មិនត្រឹមប៉ុណ្ណោះទឹកផ្លែឪឡឹកជួយបម្រុងរក្សាស្បែកឱ្យមានសម្រស់ស្រស់ថ្លា និងមានចំណែកផ្សំរបស់បេតារ៉ូទីន ព្រមទាំងសម្បូរទៅដោយវីតាមីន A ។
៧. ទឹកផ្លែត្របែក
សម្បូរទៅដោយវីតាមីន C ខ្ពស់បំផុត និងអាចជួយការពារជំងឺផ្ដាសាយ បង្កើតសំណើមនៅក្នុងរាងកាយ ជួយបំរុងស្បែកឱ្យស្រស់ថ្លាបែបធម្មជាតិ ។
៨. ទឹកចេកអំបូង ឬចេកក្រអូប
“ចេកក្រអូប” ជួយធ្វើឱ្យប្រព័ន្ធពោះរៀនធ្វើការបានល្អ និងជួយព្យាបាលដំណើររលាកក្នុងក្រពះអាហារ និងពោះវៀនបានយ៉ាងប្រសើរ។ ក្រៅពីនេះ ហូបផ្លែចេកអំបូងអាចជួយរឿងគ្រប់គ្រងអាហារបានល្អទៀតផង ព្រោះចេកអំបូងនឹងជួយឱ្យយើងមានអារម្មណ៍ឆាប់ឆ្អែតនឹងអាហារ ៕
