
ការទស្សន៍ទាយជោគជតារាសីក្នុងឆ្នាំថោះ
ដោយ ៖ ថ្ងៃទី 28 មករា 2012ម៉ោង 11:02:37
ទំនាយប្រចាំខែសំរាប់អ្នកកើតឆ្នាំរោង
៧ធ្នូដល់៥មករា
ក្នុងកឡុងពេលនេះ មានមនុស្សនាំលាភជ័យដល់មនុស្សឆ្នាំរោងបានបង្ហាញខ្លួន ។ គួរសាកសួរយោបល់ពីមនុស្សដែលមានឥទ្ធិពលនេះ ។ អ្នកកើតឆ្នាំរោងអាចចងសម្ព័ន្ធមិត្ដដ៏ល្អជាមួយនឹងអ្នកដែលជួយជ្រោមជ្រែង ព្រោះគេមានផ្កាយសំណាងនាំមិត្ដល្អដើម្បីផ្ដល់ប្រឹក្សាក្នុងការងារផ្សេងៗរបស់ពួកគេ ។ ចំពោះសម្ព័ន្ធស្នេហា មនុស្សឆ្នាំរោងមានឱកាសអាចទទួលចម្លើយជាទីគាប់ចិត្ដពីគូស្នេហ៍ត្រលប់មកវិញ ។ ចំពោះអ្នកចងសម្ព័ន្ធរួចហើយ ទំនាក់ទំនងស្នេហាពោរពេញទៅដោយភាពផ្អែមល្ហែម ។
៦មករាដល់៣កុម្ភៈ
មនុស្សនេះប្រឈមនឹងរឿងរ៉ាវត្រូវដោះស្រាយច្រើន ក្រោយពេលខ្លួនបានទទួលជោគសំណាងផ្ទួនៗជាច្រើនខែមកហើយនោះនឹងមានការប្រឆាំងពីអ្នករួមការងារ ។ ចំណូលមានការធ្លាក់ចុះ ហើយមុខជំនួញនានាអាចជួបប្រទះនូវហេតុការណ៍អាក្រក់ខ្លះ ។ ហេតុនេះមិនគួរប្រថុយប្រថានពេកទេក្នុងកំឡុងខែនេះ ។ ចំពោះសម្ព័ន្ធភាពស្នេហាអាចមានការឈ្លោះប្រកែកគ្នាខ្លះកើតមានឡើង ។
ទំនាក់ទំនងឆ្នាំរោងនឹងឆ្នាំទាំង១២ក្នុងឆ្នាំថោះ
រោងនិងជូត
ទំនាក់ទំនងរវាងមនុស្សឆ្នាំជូត និងឆ្នាំរោង គឺជាសម្ព័ន្ធប្រកបដោយភាពចុះសម្រុងគ្នា និងភាពរុងរឿង ។ នៅក្នុងឆ្នាំនេះ អ្នកទាំងពីររស់នៅ ឬធ្វើការជាមួយគ្នាមានដំណើរការល្អ ទទួលបានលាភសំណាងច្រើនពីទំនាក់ទំនងនេះ ។
រោងនិងឆ្លូវ
អ្នកទាំងពីរស៊ីចង្វាក់គ្នាល្អណាស់ ។ ពួកគេចេះជួយយកអាសាគ្នាទៅវិញទៅមក ដោយមិនមើលបំណាំ ឬចាប់កំហុសគ្នានោះឡើយ ។
រោងនិងខាល
ជាឆ្នាំដែលអំណោយផលដល់អ្នកទាំងពីរ ប្រសិនបើពួកគេមានទំនាក់ទំនងក្នុងផ្លូវស្នេហា ពិសេសចំណងអាពាហ៍ពិពាហ៍ ។ អ្នកទាំងពីរគួរចៀសវាងកន្លែងណាដែលខ្សត់ទឹក ព្រោះទឹកនាំលាភសំណាងដល់ខ្លួន ។ ទំនាក់ទំនងនេះ អាចទទួលបានជំនួយពីមនុស្សដែលមានឥទ្ធិពលក្នុងឆ្នាំនេះ ។
រោងនិងថោះ
ជាទំនាក់ទំនងដែលមានភាពស្និទ្ធស្នាល និងមានភាពចុះសម្រុងល្អ ។ ទំនាក់ទំនងរបស់ពួកគេជាទំនាក់ទំនងដែលគ្មានការប្រកួតប្រជែង និងគ្មានអាត្មានិយម ហើយនឹងទទួលបាននូវភ័ព្វសំណាងល្អក្នុងឆ្នាំនេះ ជាពិសេសមនុស្សឆ្នាំថោះនឹងទទួលបានជោគសំណាង និងភាពកក់ក្ដៅដោយសារមានទំនាក់ទំនងជាមួយអ្នកឆ្នាំរោង ។ មនុស្សឆ្នាំរោង គឺជាមនុស្សដែលពេញទៅដោយថាមពលខ្លាំង ហើយក៏ជាអ្នកជួយយកអាសាមនុស្សឆ្នាំថោះដែរ នៅក្នុងកំឡុងឆ្នាំនេះ ។
រោងនិងរោង
ជាទំនាក់ទំនងដ៏សក្ដិសម និងចុះសម្រុងគ្នាល្អ ។ សម្ព័ន្ធរបស់អ្នកទាំងពីរនឹងនាំមកនូវលាភសំណាង និងជោគជ័យទាំងឡាយ ។ ទំនាក់ទំនងដ៏ល្អរបស់ពួកគេ គឺទទួលបាននូវប្រជាប្រិយ និងការចូលចិត្ដពីសំណាក់អ្នកដ៏ទៃ ។
រោងនិងម្សាញ់
ចំណងមិត្ដភាពពិសេសរវាងឆ្នាំរោងនិងឆ្នាំម្សាញ់អាចធ្វើឱ្យជីវិតពួកគេមានភាពរំភើប សឹងតែមិនគួរឱ្យជឿបាននៅក្នុងឆ្នាំនេះ ។ ចំណងរបស់អ្នកទាំងពីរអាចមានភាពនឹងន និងភាពប៉ិនប្រសប់កើនឡើងដែលធ្វើឱ្យគេអាចបំពេញបំណងរបស់ខ្លួនបាន ។ អ្នកទាំងពីរមានភាពស្និទ្ធស្នាល និងគោរពគ្នាទៅវិញទៅមក ជាពិសេសគឺចំណងស្នេហា ។
រោងនិងមមី
ទំនាក់ទំនងរបស់មនុស្សទាំងពីរអាចបំពេញចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក ។ អ្នកឆ្នាំមមីមានប្រភពគំនិតល្អៗ និងថ្មីៗ សម្រាប់អ្នក
ឆ្នាំរោង ។ អ្នកទាំងពីរអាចរស់នៅ ឬធ្វើការចុះសម្រុងគ្នាបាន ដោយសារតែមានគោលបំណង និងឧស្សាហ៍ព្យាយាមខ្ពស់ដូចគ្នា ។ ប៉ុន្ដែអ្នកឆ្នាំរោងប្រហែលពិបាកយល់ចិត្ដអ្នកឆ្នាំមមីដែលចូលចិត្ដហក់លោតខ្លាំង ។ បើអ្នកទាំងពីរអាចចរចា និងសម្រុះសម្រួលគ្នាបាន ទំនាក់ទំនងរបស់ពួកគេមិនមានអ្វីដែលគួរឱ្យបារម្ភទៀតឡើយ ។
រោងនិងមមែ
អ្នកទាំងពីរ មិនមានលក្ខណៈរួមណាមួយដូចគ្នាបន្ដិចសោះ ។ បើនិយាយក្នុងរឿងការងារ ឬរកស៊ី អ្នកទាំងពីរមិនសូវយកចិត្ដទុកដាក់ ឬធ្វើការលំៗ ។ ចំពោះទំនាក់ទំនងស្នេហាវិញ មនុស្សឆ្នាំមមែ ទទួលបានឥទ្ធិពលផ្កាយស្នេហ៍ជាប់ប្រាណដែលអាចទាក់ទាញចិត្ដអ្នកឆ្នាំរោងឱ្យចាប់ចិត្ដស្រឡាញ់លើខ្លួនបាន នៅក្នុងឆ្នាំនេះ ។ ទំនាក់ទំនងនេះកុំទាន់ស៊ីជម្រៅពេក គួរចំណាយពេលដើម្បីឈ្វេងយល់ពីគ្នាឱ្យបានយូរទើបប្រសើរ ។
រោងនិងវក
ចំណងដែលលេចឡើងសំខាន់គឺសេចក្ដីអាណិតស្រឡាញ់របស់អ្នកទាំងពីរ ។ ពួកគេអាចជួយជ្រោមជ្រែងគ្នាទៅវិញទៅមក នៅក្នុងកាលៈទេសៈដែលចាំបាច់ ។ បើជាទំនាក់ទំនងស្នេហាវិញ ឆ្នាំថោះនេះគឺជាឆ្នាំដែលពោរពេញទៅដោយភាពស្អិតល្មួត និងគិតគូរគ្នាទៅវិញទៅមក ។ ប្រសិនបើអ្នកទាំងពីរគិតពីគូអនាគត គួររៀបពិធីភ្ជាប់ពាក្យ ឬរៀបអាពាហ៍ពិពាហ៍ ហើយខែដែលសក្ដិសមបំផុតគឺខែមីនា ធ្នូ និងខែឧសភា ៕
