
តើអ្នកដឹងទេថាផ្លែឈើស្រុកយើងមានវីតាមីនអ្វីខ្លះ?
ដោយ ៖ ថ្ងៃទី 28 មករា 2012ម៉ោង 11:18:44
ផ្លែទំពាំងបាយជូរ (grape)
ផ្លែទំពាំងបាយជូរមានសារជាតិសំខាន់ដូចជាស្ករ និងសារជាតិពពួកអាស៊ីតប្រមាណចាប់ពី៧-៨ប្រភេទបន្ថែមទៀត ។ ក្រៅពីនេះនៅមានក្លូកូស សូខូល ACID CITRIC វីតាមីនC ព្រមទាំងដែក និងកាល់ស្យូម ។ ផ្លែទំពាំងបាយជូរជួយប៉ូវខួរក្បាល ប៉ូវបេះដូង ទម្លាក់ស្លេស្ម បំបាត់អាការស្រេក ប៉ូវកម្លាំង និងសម្រាប់មនុស្សមានរាងកាយស្គមស្គាំង ចាស់មុនវ័យ ពុំមានកម្លាំងកំហែងជាដើម ។ ផ្លែទំពាំងបាយជូរត្រូវគេយកទៅផលិតជាស្រាទំពាំងបាយជូរដែលជាប្រភេទស្រាប៉ូវបំប៉ន ។ ចំណែកទង ដើម និងឫស អាចយកទៅធ្វើជាថ្នាំបុរាណសម្រាប់បណ្ដេញខ្យល់ ទម្លាក់ស្លេស្ម ព្យាបាលរោគរលាកសន្លាក់ ឈឺឆ្អឹងឆ្អែង ឈឺសរសៃសរសូង រម្ងាស់សរសៃប្រសាទ បំបាត់អាការឈឺចាប់ និងអាចបំបាត់អាការក្អួតបានទៀតផង ។
ផ្លែជម្ពូ (Rose-apple)
ផ្លែជម្ពូក្រៅពីសម្បូរទៅដោយជាតិទឹក គឺនៅមានជាតិប្រូតេអ៊ីន ជីវជាតិសេ ជាតិដែក និងជាតិកាល់ស្យូម ។ ផ្លែជម្ពូអាចជួយដល់ការរំលាយអាហារ ជួយដល់អ្នកដែលមានពោះវៀន និងក្រពះខ្សោយ ។ ម្យ៉ាងទៀត ដោយសារតែផ្លែជម្ពូសម្បូរទៅដោយជាតិទឹក ហើយនាំអោយបត់ជើងតូចច្រើន អ្នកដែលមានបញ្ហាក្រលៀនខ្សោយចូរកុំទទួលទានច្រើនហួសប្រមាណអោយសោះ ។
មង្ឈុត (Mangosteen)
មានជីវជាតិទ្រទ្រង់សុខភាពសំខាន់ៗដូចជា ប៉ូតាស្យូម វីតាមីន B និង C កាល់ស្យូម ម៉ាញេស្យូម ដែក សង្ក័សី ប្រូតេអ៊ីន ខ្លាញ់ ផូស្វ័រ ណៃអាស៊ីន...។ ជាពិសេសត្រូវបានចាត់ទុកថាជាផ្លែឈើដែលមានធាតុត្រជាក់ដល់រាងកាយ ។ ចំណែកសំបកមង្ឈុតបើយកមកធ្វើចាហួយពណ៌ស្វាយគួរអោយចង់ទទួលទាន ឬបើយកសំបកមង្ឈុតទៅហាលអោយស្ងួតរួចកិនអោយម៉ត់ជាម្សៅប្រើសម្រាប់ឆុងទឹកពិសា កែអាការរាករូសរាកមូល ព្យាបាលដំបៅមានខ្ទុះបាន ។
ផ្លែចេក (Banana)
ផ្លែចេកសម្បូរទៅដោយវីតាមីន A B6 B12 កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម ការបូអ៊ីដ្រាត ផ្ដល់ថាមពល ព្រមទាំងអាចជួយព្យាបាលជំងឺផ្សេងៗបានទៀតផង ដូចជា ព្យាបាលប្រគ្រីវ ឈឺដើមទ្រូង តានតឹងប្រព័ន្ធប្រសាទ ទល់លាមក ហើមពោះជាដើម ។
ស្វាយ (Mango)
ស្វាយមានសារធាតុខារ៉ូទីណយណ៍ (Carotenoid) ក្នុងបរិមាណច្រើនដែលរាងកាយនឹងបំប្លែងទៅជា វីតាមីន A ដែលមានប្រយោជន៍ចំពោះស្បែកក្នុងការការពារស្បែកដែលខូចដោយសារពន្លឺថ្ងៃ និងជួយការពារស្នាមជ្រីវជ្រួញតូច ជួយបន្ដឹងស្បែក ។ ក្រៅពីនេះនៅមានវីតាមីន E និង C ជួយរួមចំណែកក្នុងការពង្រឹងប្រព័ន្ឋការពាររាងកាយអោយរឹងមាំល្អ ។
ទទឹម (Pomegranate)
ទទឹមមានប្រភពកំណើតនៅប្រទេស ពែរ្ស ។ ជនជាតិនៅមជ្ឈិមបូព៌ានិយមប្រើជាថ្នាំព្យាបាលជំងឺ១០០មុខដូចជា យកសំបកទទឹមមកស្ងោផឹកកែអាការឈឺ ក ។ ចំណែកទឹកទទឹមដែលសម្បូរដោយជាតិដែកពិសាដើម្បីរក្សាគភ៌ និងជួយជម្រះជាតិពុលពីក្នុងរាងកាយ ។ បច្ចុប្បន្នក្នុងមជ្ឈដ្ឋានគ្រឿងសម្អាង បានយកផ្លែទទឹមមកចម្រាញ់ជាក្រែមបំប៉នស្បែកពិសេសស្បែកដៃ និងក្រចក ព្រោះមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយការពារកាំរស្មីយូវី និងសម្បូរកាកសរសៃអាហារ ណៃអាស៊ីន (Niacin) និងវីតាមីន C ។
ផ្លែទុរេន (Durian)
ផ្លែទុរេនសម្បូរទៅដោយជីវជាតិ បេ និង សេ ជាតិដែក ជាតិកាល់ស្យូម ជាតិហ្វូសស្វ័រ ។ ដូច្នេះចំពោះអ្នកមានឆ្អឹងផាលខ្យោយគឺក្នុងមួយថ្ងៃៗអាចទទួលទានផ្លែទុរេនអោយបានពី ៣ ទៅ ៥ក្លែប គឺពិតជាអាចប៉ូវក្រលៀន និងបំប៉នឆ្អឹងផាល ។ ម្យ៉ាងទៀតដោយសារតែផ្លែទុរេនជាប្រភេទផ្លែឈើមានលក្ខណៈក្ដៅ ចំពោះអ្នកជំងឺ ឈឺបំពង់ ក និងជំងឺរលាកក្រលៀន គឺហាមទទួលទាន ។
ម្ទេស (Chilli)
ម្ទេសដូចជា ម្ទេសបោ្លក ម្ទេសខ្មាំង ម្ទេសចង្អុលមេឃ មានសារធាតុ Capsai cin ។ ភាពហឹរនៃម្ទេសនេះហើយដែលមានថាមពលនៃ Vegamine យ៉ាងពេញលេញ មានសារធាតុការ៉ូទីណយជិត៤០ប្រភេទ និងសារធាតុ Polyphenole ដែលជួយការពារកោសិកា ផ្សេងៗ ហើយក៏នៅមានវីតាមីន C និងប៉ូតាស្យូម និងកាល់ស្យូមយ៉ាងច្រើនផងដែរ ។ គុណសម្បត្ដិរបស់ម្ទេស គឺការពារអាការឈឺសាច់ដុំ ប្រគ្រីវកាច់ ឈឺធ្មេញ ជួយសម្លាប់បាក់តេរី និងមេរោគផ្សិត រំញោចដល់ការទទួលទានអាហារ និងជួយរំលាយអាហារ និងមានសារធាតុអង់ទីអុកស៊ីដង់យ៉ាងច្រើន ។ ភាពហឹរនៃម្ទេសមិនមានគ្រោះថ្នាក់ទៅដល់ក្រពះអាហារនោះទេ ប៉ុន្ដែវាជួយឱ្យភ្នាសក្រពះមានកម្លាំងទប់ទល់នឹងជំងឺបាន ។ ឮ
ផ្លែខ្នុរ( jackfruit)
ផ្លែខ្នុរសម្បូរទៅដោយជាតិស្ករ ជីវជាតិបេនិងសេ ។ ដូច្នេះចំពោះអ្នកដែលអត្រាជាតិស្ករកម្រិតទាប គឺក្នុងមួយថ្ងៃៗអាចទទួលទានដោយចែកចេញជា៣ពេល ដោយក្នុងមួយពេលៗអាចទទួលទានពី២ទៅ៣ក្លែប ព្រោះនឹងអាចជួយបង្កើតអត្រាជាតិស្ករកម្រិតខ្ពស់នោះ ។ ដូច្នេះចំពោះអ្នកមានជំងឺទឹកនោមផ្អែម គឺក្នុងមួយថ្ងៃកុំទទួលទានអោយលើសពី៣ក្លែបឡើយ ។ឮ
ផ្លែឪឡឹក (Water melon)
ផ្លែឪឡឹកមាន Glutathione ដែលជាសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរី មានវីតាមីន C វីតាមីន A ប៉ូតាស្យូម ថៃរ៉ាមីន ឡៃខូពីន វីតាមីន B២ និងវីតាមីន B៦ ម៉ាញ៉េស្យូម និងរ៉ែធាតុផ្សេងៗជាច្រើនទៀត ធ្វើឱ្យរាងកាយរបស់អ្នកដែលទទួលទានរឹងប៉ឹងល្អ ហើយថែមទាំងជួយឱ្យប្រព័ន្ធការពារមេរោគដំណើរការបានយ៉ាងមានប្រសិទ្ធភាព ។
ផ្លែម្នាស់ (Pineapple)
ផ្លែម្នាស់សម្បូរទៅដោយវីតាមីន A នឹង C (Vitamin A & C) កាល់ស្យូម (Calcium) ផូស្វ័រ (Phosphorus) និងប្រូមេឡែន(Bromelain)...។ វាក៏មានអង់ស៊ីមប្រូតេអ៊ីនដែលជួយធ្វើឱ្យការធ្វើការងាររបស់អាស៊ីដអំបិល (Hydrochloric) ក្នុងក្រពះល្អប្រសើរឡើង និងធ្វើឱ្យកាកសំណល់ដែលជាប្រូតេអ៊ីនរំលាយខ្លួនបានឆាប់រហ័ស ទើបរាងកាយកម្ចាត់កាកសំណល់ទៅបានល្អ ។ ក្រៅពីនេះ ម្នាស់ជាប្រភេទឱសថជួយបំបាត់អាការរលាកក្នុងផ្លូវរំលាយអាហារ ជួយជួសជុលផ្នែកខូចខាតផ្សេងៗ ជួយក្នុងការធ្វើការងាររបស់ក្រពេញគ្មានរន្ធ និងជួយកម្ចាត់ទឹកសំបោរ ។ ម្នាស់អាចជួយបង្ការជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្អាធឈាម) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់បានល្អ បង្កើនការបឺតស្រូបយកអាហារបំបាត់ការស្រេកទឹក ជួយអោយរាងកាយមានភាពត្រជាក់ ជួយប្រឆាំងរោគផ្ដាសាយ ៕
