
ធ្វើយ៉ាងណាដើម្បីបំភ្លេចអ្នកមេម៉ាយកូនមួយបាន
ដោយ ៖ ថ្ងៃទី 31 មករា 2012ម៉ោង 16:17:11
សំណួរៈ
ខ្ញុំសូមជម្រាបលោកពូថា នៅពេលចុងក្រោយនេះបេះដូងខ្ញុំសែនឈឺចាប់យ៉ាងធ្ងន់ធ្ងរដោយសារតែខ្ញុំស្រឡាញ់ស្រីមេម៉ាយកូនមួយ អាយុ៣០ឆ្នាំម្នាក់យ៉ាងជ្រាលជ្រៅតែមិនបានសម្រេចដូចបំណងឡើយ ខ្ញុំចង់តែស្រែកប្រាប់មនុស្សផងទាំងឡាយថា ហេតុអ្វីទេវតាដាក់ ទោសទណ្ឌខ្ញុំម្ល៉េះ? ហើយនេះគឺជាស្នេហាលើកដំបូងរបស់ខ្ញុំហើយ ។ ខ្ញុំសូមជម្រាបមកលោកពូថា ខ្ញុំជាគ្រូបង្រៀនម្នាក់អាយុ២៥ឆ្នាំ នៅខេត្ដកំពង់ចាម ខ្ញុំបានរាប់អាន និងវក់ចិត្ដស្រឡាញ់ស្រីមេម៉ាយកូនមួយម្នាក់ គេធ្វើការនៅកាស៊ីណូមួយនៅខេត្ដស្វាយរៀង ។
ដំបូងឡើយយើងជួបគ្នាតាមរយៈទូរសព្ទ័ ហើយយើងក៏បង្កលក្ខណៈបានជួបគ្នា និងដើរលេងជាមួយគ្នា ។ ពេលជួបនាងជាលើកដំបូងបេះដូងខ្ញុំសែនញាប់ញ័រហើយចាប់ចិត្ដស្រលាញ់នាងភ្លាម នឹកឃើញថានាងគឺជាដួងតារាមួយដូងនៅក្នុងក្ដីស្រមៃរបស់ខ្ញុំ ។ រូបរាងពិតរបស់នាងគឺដូចជាតារាភាពយន្ដមែនៗ ហើយខ្ញុំសន្យានឹងចូលស្ដីដណ្ដឹងនាង និងប្ដេជ្ញាយកនាងមកធ្វើជាភរិយាឱ្យទាល់តែបាន ។ ឯគេ វិញក៏មានចិត្ដតបមកខ្ញុំវិញ ។ ជាច្រើនខែយើងបានស្វែងយល់ចិត្ដគ្នា ហើយយើងទូរស័ព្ទរកគ្នាជារៀងរហូត ។ ប្រមាណជាពីរខែមុននេះ ខ្ញុំបានឱ្យឪពុកម្ដាយរបស់ខ្ញុំចូលស្ដីដណ្ដឹងនាងតែត្រូវបានឪពុកម្ដាយរបស់ខ្ញុំប្រកែកយ៉ាងដាច់អហំង្កា ព្រមទាំងស្ដីឱ្យខ្ញុំថា ក្រមុំគរគោកឯងមិនស្រឡាញ់បែរជាស្រឡាញ់មេម៉ាយទៅវិញ មិនគ្រាន់តែជាមេម៉ាយថែមទាំងជាមានកូនមួយទៅទៀតយើងមិនទៅដណ្ដឹងឱ្យទេ ។
ភាគីស្រីឮយ៉ាងដូច្នេះ គេមិនត្រឹមតែអន់ចិត្ដទេ ថែមទាំងផ្ដាច់ទូរស័ព្ទទៀត ។ ខ្ញុំតែងតែរកលេខនាង តែរកមិនឃើញ តើខ្ញុំគួរធ្វើយ៉ាងម៉េច ខ្ញុំចង់បំភ្លេចនាងដែរតែនៅតែនឹក ឱ្យខ្ញុំធ្វើយ៉ាងម៉េច?
ពូនគរត្ដៈ
ស្នេហារបស់ក្មួយវាជាស្នេហាកាំរន្ទះ ស្រឡាញ់គ្នាតាមរយៈទូរស័ព្ទ ពេលឃើញភ្លាមក៏ស្រឡាញ់ភ្លែត ។ តាមពិតទៅស្នេហាលើកដំបូងគឺវាបែបនេះហើយ គឺវាជាស្នេហាបែបនាយទុំ និងនាងទាវ ពេលដែលមិនបានឃើញដំបូលផ្ទះគេមួយថ្ងៃគឺមិនអស់ចិត្ដឡើយ ។ ចំណែកការបង្ហាញទស្សនៈរបស់ឪពុកម្ដាយក្មួយគឺជាជ្រុងមួយដែលលោកគ្រូគួរតែយកមកពិចារណាដែរថា តើគាត់ចង់ឱ្យលោកគ្រូធ្វើអ្វីឱ្យបានត្រឹមត្រូវសម្រាប់ខ្លួនក្មួយតែលោកគ្រូក៏មិនគួរបោះបង់ចោលនូវអ្វីដែលជាបណ្ដូលចិត្ដរបស់លោកគ្រូដែរនោះ គឺការស្រឡាញ់ពេញចិត្ដរបស់ខ្លួនចំពោះអ្នកមេម៉ាយ ព្រោះលោកគ្រូគួរតែផ្អែកទៅលើទស្សនៈថាគ្មានអ្នកណាយល់ចិត្ដ យល់អំពីជម្រៅនៃដួងចិត្ដនៃការស្រឡាញ់របស់លោកគ្រូឡើយ ។ ដូចនេះហើយ លោកយល់ថាអ្នកមេម៉ាយជាស្រីដែលល្អឯកសម្រាប់លោកគ្រូ អ្នកមេម៉ាយអាចផ្ដល់នូវសុភមង្គលដល់លោកគ្រូ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើត និងអភិវឌ្ឍន៍គ្រួសារជាមួយលោកគ្រូ តើហេតុអ្វីលោកគ្រូត្រូវរារែកតទៅទៀត? ហេតុអ្វីគេសុខចិត្ដបោះបង់ស្នេហាទទួលយកឥទ្ធិពលពីអ្នកដ៏ទៃទៅវិញ? ។ ការដែលលោកគ្រូនឹកគេហើយបែរជាសួរថា ធ្វើយ៉ាងម៉េចដើម្បីបំភ្លេចគេបាននោះ លោកគ្រូគួរតែរំលឹកឡើងវិញនូវពាក្យថាកាន់តែបំភ្លេចកាន់តែនឹក ។
ស្នូលនៃបញ្ហារបស់លោកគ្រូគឺស្នេហាអន្ទះសា លោកគ្រូគួរតែព្យាយាមស្វែងយល់ពីខាងគេផង និងស្វែងយល់ថា តើអាចមានសុភមង្គលដែរឬទេបើសិនបាននាងជាគូនោះ ៕
