
ដើមឆ្នាំ២០១២គ្រោះធម្មជាតិកើតឡើងនៅតំបន់ជាច្រើនជុំវិញពិភពលោក
ភ្លៀងធ្លាក់ខ្លាំងអូសបន្លាយជាច្រើនថ្ងៃនៅតំបន់ភ្នំ Argopuro ភាគខាងកើតកោះចាវ៉ា ប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យកម្រិតទឹកតាមដងទន្លេកើនឡើងខ្ពស់ លិចច្រាំងបង្កជាទឹកជំនន់ពន្លិចផ្ទៃដីទ្រង់ទ្រាយធំ បណ្ដាលឱ្យមនុស្ស៦នាក់បាត់ខ្លួន និងខាតបង់ទឹកប្រាក់រាប់លានដុល្លារ ។
ក្រសួងគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្ដរាយធម្មជាតិឥណ្ឌូនេស៊ី បានឱ្យដឹងថា ទឹកជំនន់បានកើតឡើងដោយចៃដន្យ ធ្វើឱ្យពលរដ្ឋក្នុងតំបន់មិនអាចត្រៀមលក្ខណៈទប់ទល់ទាន់ពេលវេលា ។ ផ្ទះរាប់ពាន់ខ្នងត្រូវបានបំផ្លាញ សត្វចិញ្ចឹមជាច្រើនត្រូវទឹកជំនន់កួចទៅបាត់។ ទឹកជំនន់បានបំផ្លាញទីសាធារណជាច្រើន ដូចសាលារៀន ប្រព័ន្ធចរាចរណ៍តភ្ជាប់ ពីតំបន់មួយទៅតំបន់មួយ ។ ពេលនេះ ក្រុមជួយសង្គ្រោះ និងកម្លាំងទាហាន បានទៅដល់កន្លែងរងគ្រោះធ្ងន់ធ្ងរជួយ ដល់ប្រជាពលរដ្ឋ ។
ក្នុងពេលនោះដែរពលរដ្ឋនៅប្រទេសជាច្រើននៅតំបន់អឺរ៉ុបខាងកើតដូចជា អ៊ុយក្រែន ប៉ូឡូញ ប៊ុលហ្គារី... កំពុងប្រឈមមុខនឹងអាកាសធាតុត្រជាក់ខុសប្រក្រតី ។ ព្រិលធ្លាក់យ៉ាងក្រាស់នៅប៉ុន្មានថ្ងៃចុងខែមករានេះបណ្ដាលឱ្យមានអ្នកស្លាប់៣៦នាក់ ។ សាលារៀនជាច្រើនត្រូវបិទទ្វារ ចរាចរមានការកកស្ទះ ហើយតំបន់មួយចំនួនគ្មានអគ្គិសនីប្រើប្រាស់ទៀតផង ។
តាមសេចក្ដីប្រកាសនៅថ្ងៃទី៣០-៣១ មករា តំបន់ជាច្រើនមានសីតុណ្ហភាពធ្លាក់ចុះរហូតដល់-២០អង្សាសេ ។ មន្ដ្រីទទួលខុសត្រូវបានជម្លៀសពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព និងផ្គត់ផ្គង់ស្បៀងអាហារ ថាមពលសម្រាប់ដុតកម្ដៅ ។
ដោយឡែកនៅក្នុងប្រទេសប៉េរូមានគ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រនៅតំបន់ភាគកណ្ដាលប្រទេសនេះ បណ្ដាលឱ្យមនុស្ស១២៣នាក់រងរបួស ។ តាមមន្ដ្រីប៉េរូបានបញ្ជាក់ថា អ្នកដែលរងរបួសទាំងនោះអាចនឹងចាកចេញពីមន្ទីរពេទ្យនាពេលឆាប់ៗដោយសារតែរបួសសើរស្បែកប៉ុណ្ណោះ ។ តែការរញ្ជួយដីនោះក៏បានបំផ្លាញផ្ទះ៥៣ខ្នងផងដែរ ហើយកាត់ផ្ដាច់ប្រព័ន្ធទំនាក់ទំនងជាច្រើនម៉ោង ។ តាមក្រុមផែនដីវិទ្យាប៉េរូបានបញ្ជាក់ថា ការរញ្ជួយដីនោះមានជម្រៅ៣៥គីឡូម៉ែត្រ ។
រញ្ជួយដីកម្រិត៦,២រ៉ិចទ័រនាពេលនេះមានលក្ខណៈធ្ងន់ធ្ងរបំផុតនៅប្រទេសអាហ្វ្រិកខាងត្បូងនាដើមឆ្នាំ២០១២ ។ កន្លងមកកាលពីឆ្នាំ២០០៧ ប្រទេសនេះក៏រងការរញ្ជួយដីកម្រិត៨រ៉ិចទ័រផងដែរ ៕
