ដើមឆ្នាំ​២០១២​គ្រោះ​ធម្មជាតិ​កើតឡើង​នៅ​តំបន់​ជា​ច្រើន​ជុំវិញ​ពិភពលោក​

ដោយ​ ៖ សាធី ថ្ងៃទី 31 មករា 2012ម៉ោង 13:38:01

​ភ្លៀង​ធ្លាក់​ខ្លាំង​អូស​បន្លាយ​ជា​ច្រើន​ថ្ងៃ​នៅ​តំបន់​ភ្នំ​ Argopuro​ ភាគ​ខាងកើត​កោះ​ចា​វ៉ា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ធ្វើ​ឱ្យ​កម្រិត​ទឹក​តាម​ដង​ទន្លេ​កើនឡើង​ខ្ពស់​ លិច​ច្រាំង​បង្ក​ជា​ទឹកជំនន់​ពន្លិច​ផ្ទៃដី​ទ្រង់ទ្រាយ​ធំ​ បណ្ដាល​ឱ្យ​មនុស្ស​៦​នាក់​បាត់​ខ្លួន​ និង​ខាតបង់​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ ។​

​ក្រសួង​គ្រប់គ្រង​ និង​កាត់​បន្ថយ​គ្រោះ​មហន្ដរាយ​ធម្មជាតិ​ឥណ្ឌូ​នេ​ស៊ី​ បានឱ្យ​ដឹង​ថា​ ទឹកជំនន់​បាន​កើតឡើង​ដោយ​ចៃដន្យ​ ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​មិន​អាច​ត្រៀមលក្ខណៈ​ទប់ទល់​ទាន់​ពេលវេលា​ ។​ ផ្ទះ​រាប់​ពាន់​ខ្នង​ត្រូវ​បាន​បំផ្លាញ​ សត្វ​ចិញ្ចឹម​ជា​ច្រើន​ត្រូវ​ទឹកជំនន់​កួច​ទៅ​បាត់​។​ ទឹកជំនន់​បាន​បំផ្លាញ​ទី​សាធារណ​ជា​ច្រើន​ ដូច​សាលារៀន​ ប្រព័ន្ធ​ចរាចរណ៍​ត​ភ្ជាប់​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ។​ ពេល​នេះ​ ក្រុម​ជួយ​សង្គ្រោះ​ និង​កម្លាំង​ទាហាន​ បាន​ទៅ​ដល់​កន្លែង​រង​គ្រោះ​ធ្ងន់ធ្ងរ​ជួយ​ ដល់​ប្រជាពលរដ្ឋ​ ។​

​ក្នុង​ពេល​នោះ​ដែរ​ពលរដ្ឋ​នៅ​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​ខាងកើត​ដូច​ជា​ អ៊ុយ​ក្រែ​ន​ ប៉ូ​ឡូញ​ ប៊ុល​ហ្គា​រី​...​ កំពុង​ប្រឈម​មុខ​នឹង​អាកាសធាតុ​ត្រជាក់​ខុស​ប្រក្រតី​ ។​ ព្រិល​ធ្លាក់​យ៉ាង​ក្រាស់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ខែមករា​នេះ​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​៣៦​នាក់​ ។​ សាលារៀន​ជា​ច្រើន​ត្រូវ​បិទទ្វារ​ ចរាចរ​មានការ​កកស្ទះ​ ហើយ​តំបន់​មួយ​ចំនួន​គ្មាន​អគ្គិសនី​ប្រើប្រាស់​ទៀត​ផង​ ។​

​តាម​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​៣០-៣១​ មក​រា​ តំបន់​ជា​ច្រើន​មាន​សីតុណ្ហភាព​ធ្លាក់​ចុះ​រហូត​ដល់​-២០​អង្សា​សេ​ ។​ មន្ដ្រី​ទទួលខុសត្រូវ​បាន​ជម្លៀស​ពលរដ្ឋ​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​ និង​ផ្គត់ផ្គង់​ស្បៀងអាហារ​ ថាមពល​សម្រាប់​ដុត​កម្ដៅ​ ។​

​ដោយឡែក​នៅ​ក្នុង​ប្រទេស​ប៉េ​រូ​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦,២​រ៉ិ​ច​ទ័​រ​នៅ​តំបន់​ភាគ​កណ្ដាល​ប្រទេស​នេះ​ បណ្ដាល​ឱ្យ​មនុស្ស​១២៣​នាក់​រង​របួស​ ។​ តាម​មន្ដ្រី​ប៉េ​រូ​បាន​បញ្ជាក់​ថា​ អ្នក​ដែល​រង​របួស​ទាំងនោះ​អាច​នឹង​ចាក​ចេញពី​មន្ទីរពេទ្យ​នា​ពេល​ឆាប់ៗ​ដោយសារ​តែ​របួស​សើរ​ស្បែក​ប៉ុណ្ណោះ​ ។​ តែ​ការ​រញ្ជួយ​ដី​នោះ​ក៏​បាន​បំផ្លាញ​ផ្ទះ​៥៣​ខ្នង​ផង​ដែរ​ ហើយ​កាត់​ផ្ដាច់​ប្រព័ន្ធ​ទំនាក់​ទំនងជា​ច្រើន​ម៉ោង​ ។​ តាម​ក្រុម​ផែនដីវិទ្យា​ប៉េ​រូ​បាន​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​នោះ​មាន​ជម្រៅ​៣៥​គីឡូម៉ែត្រ​ ។​

​រញ្ជួយ​ដី​កម្រិត​៦,២​រ៉ិ​ច​ទ័​រ​នា​ពេល​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នា​ដើមឆ្នាំ​២០១២​ ។​ កន្លង​មក​កាលពី​ឆ្នាំ​២០០៧​ ប្រទេស​នេះ​ក៏​រង​ការ​រញ្ជួយ​ដី​កម្រិត​៨​រ៉ិ​ច​ទ័​រ​ផង​ដែរ ៕