
វិទ្យាស្ថានបារាំងរៀបចំពិព័រណ៍និងការបញ្ចាំងគំនូរជីវចល
ភ្នំពេញ ៖ វិទ្យាស្ថានបារាំងប្រចាំនៅ កម្ពុជានឹងរៀបចំព្រឹត្ដិការណ៍ពិព័រណ៍គំនូររបស់វិចិត្រករនៅអង្គការហ្វាពន្លឺសិល្បៈ រួមទាំងការដាក់បញ្ចាំងភាពយន្ដគំនូរជីវចលសម្រាប់មហាជនចូលរួមទស្សនា ដោយឥតគិតថ្លៃ ។ ពិព័រណ៍នេះនឹងរៀបចំ ឡើងនៅថ្ងៃទី២និងទី៣ខែកុម្ភៈឆ្នាំ២០១២នៅវិទ្យាស្ថានបារាំងនិងនៅមជ្ឈមណ្ឌល កោះពេជ្រ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់វិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់ថានៅថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១២វេលាម៉ោង៦ល្ងាចនៅវិទ្យាស្ថានបារាំងនឹងដាក់បង្ហាញជូនអ្នកទស្សនានូវអាថ៌ កំបាំងនៃការផលិតគំនូរជីវចល2Dគ្រប់ដំណាក់កាលនៃការផលិតដែលការបង្ហាញនេះនឹងត្រូវរៀបចំដោយស្ទូឌីយោដៃ ១០០របស់អង្គការហ្វាពន្លឺសិល្បៈ ។ ក្រៅពីនេះក៏នឹងមានការដាក់តាំងបង្ហាញនូវផ្ទាំងគំនូរដែលគូរដោយវិចិត្រករខ្មែរ មកពីអង្គការនេះប្រមាណជិតមួយរយ ផ្ទាំងផងដែរ ។ ចំណែកឯថ្ងៃទី៣ខែកុម្ភៈ វិញគឺការដាក់បញ្ចាំងភាពយន្ដគំនូរជីវចលដំណាលគ្នាជាច្រើនផ្ទាំងដែលនឹង រៀបចំធ្វើឡើងនៅទីវាលមជ្ឈមណ្ឌល កោះពេជ្រ ។ ភាពយន្ដគំនូរជីវចលល្បីជា ច្រើនរឿងនឹងត្រូវបានដាក់បញ្ចាំង នា ពេលនោះដែលភាពយន្ដទាំងនោះគឺជ្រើសរើសយកមកពីមហោស្រពអន្ដរជាតិភាពយន្ដគំនូរជីវចលនៅទីក្រុងអានស៊ីប្រទេសបារាំង ។
កម្មវិធីពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយជំរុញលើកកម្ពស់វិស័យសិល្បៈភាពយន្ដគំនូរជីវចល និងជួយ លើកទឹកចិត្ដចំពោះសិល្បករខ្មែរជំនាន់ ក្រោយក្នុងការសិក្សាស្រាវជ្រាវពីជំនាញគំនូរនិងភាពយន្ដគំនូរជីវចល ៕
