
រដ្ឋាភិបាលថ្មីមួយទៀតនៅតំបន់អឺរ៉ុបដួលរលំដោយវិបត្ដិបំណុល
ដោយ ៖ សាធី ថ្ងៃទី 07 កុម្ភះ 2012ម៉ោង 13:35:50
កាលពីថ្ងៃទី៦ កុម្ភៈ រដ្ឋាភិបាលរ៉ូម៉ានី ដឹកនាំដោយនាយករដ្ឋមន្ដ្រី Emil Boc បានដួលរលំដោយសារតែការធ្វើបាតុកម្ម ប្រឆាំងពីគម្រោងកាត់បន្ថយមូលនិធិ សម្រាប់ទប់ទល់នឹងវិបត្ដិសេដ្ឋកិច្ចនៅ តំបន់អឺរ៉ុប ។
នាយករដ្ឋមន្ដ្រី Emil Boc បានឡើង កាន់តំណែងកាលពីឆ្នាំ២០០៨ បានប្រកាសលាលែងចេញពីតំណែងក្នុងគោលដៅកាត់បន្ថយភាពតានតឹងនយោបាយ និងសង្គម ។ ក្រៅពីនេះការសម្រេចរបស់លោកសម្រាប់បើកផ្លូវក្នុងការបង្កើតរដ្ឋាភិបាលថ្មីពេលដែលពលរដ្ឋរាប់ម៉ឺននាក់ធ្វើមហាបាតុកម្មប្រឆាំងនឹងលោកពាក់ព័ន្ធនឹងការអនុម័តដំឡើងពន្ធដារ ។
ប្រធានាធិបតី Traian Basescu ភ្លាមៗ នោះក៏បានតែងតាំងរដ្ឋមន្ដ្រី ក្រសួងយុត្ដិធម៌ លោកកាតាលីន ព្រីឌុល យូ ដែលជារដ្ឋមន្ដ្រីតែមួយគត់ក្នុងគណៈរដ្ឋមន្ដ្រី របស់នាយករដ្ឋមន្ដ្រី Emil Boc មិនស្ថិតនៅក្នុងគណបក្សនយោបាយណា មួយនោះឡើងកាន់តំណែងជានាយករដ្ឋ មន្ដ្រីបណ្ដោះអាសន្ន ដើម្បីបង្កើតរដ្ឋាភិ បាលថ្មី ។
ក្នុងពេលជាមួយគ្នានោះ បណ្ដាគណបក្សប្រឆាំងកាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ ២០១២ បានអំពាវនាវឱ្យប្រធានាធិបតី Traian Basescu លាលែងពីតំណែង ដើម្បីបោះឆ្នោតមុនអាណត្ដិ ។ ចំណែកនាយករដ្ឋមន្ដ្រីដែលលាលែងពីតំណែង នោះ ក៏បានជំរុញឱ្យបណ្ដាអ្នកនយោបាយ រូម៉ានី បង្កើតរដ្ឋាភិបាលថ្មីឱ្យបានឆាប់ បំផុត ដែលអាចធ្វើទៅបាន ។
រដ្ឋាភិបាលរូម៉ានីដួលរលំក្រោយពេល រដ្ឋាភិបាលនិងពលរដ្ឋទទួលរងឥទ្ធិពលពី ការកាត់បន្ថយមូលនិធិទ្រង់ទ្រាយធំជាថ្នូរ ទទួលបានកញ្ចប់ជំនួយ២០ពាន់លានអឺរ៉ូ ពីមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF និង មូលនិធិសហគមន៍អឺរ៉ុប រួមទាំងធនាគារ ពិភពលោកផងដែរ ។
ប្រធាន IMF ទទួលបន្ទុកប្រទេសរូម៉ានី លោក Jeffrey Franks បានប្រកាសថា ក្រោយការកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចតាមសំណើរបស់ IMF នឹងបន្ដអនុវត្ដន៍សូម្បីតែរដ្ឋាភិបាលបច្ចុប្បន្នមិនដំណើរការក៏ដោយ ។
រូម៉ានីជាប្រទេសមានពលរដ្ឋ២២លាន នាក់ ដោយមានកម្រិត GDP សម្រាប់ ពលរដ្ឋម្នាក់ៗស្មើនឹងពាក់កណ្ដាល GDP មធ្យមរបស់សហគមន៍អឺរ៉ុប ។ រដ្ឋាភិ បាលរូម៉ានី ជារដ្ឋាភិបាលទី៦នៅអឺរ៉ុប ដែលដួលរលំដោយវិបត្ដិបំណុលបន្ទាប់ ពីអ៊ីតាលី, ក្រិក, អៀរឡង់, ព័រទុយហ្គាល់ និងអេស្ប៉ាញ ៕
