សង្ស័យ​មាន​អ្នក​ហែ​អ្នកតា​ចិន​ ក្លែង​បន្លំ​

ដោយ​ ៖ ស្អាង​ជ័យ ថ្ងៃទី 08 កុម្ភះ 2012ម៉ោង 17:26:37

​ភ្នំពេញៈ​ ទាក់ទង​ទៅ​នឹង​ប្រពៃណី​ជន​ ជាតិចិន​ត្រូវ​បាន​គេ​ប្រារឰ​ជា​បន្ដបន្ទាប់​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ រហូត​ មានការ​ប្រមូលផ្ដុំ​បង្កើត​ជា​សមាគម​ជា​ ច្រើន​នៅ​ក្នុង​ប្រទេស​ ។​ ទន្ទឹម​នឹង​ការ​រីក​ សុះសាយ​សមាគម​ជនជាតិ​ចិន​ជា​បន្ដ​ បន្ទាប់​នេះ​ គេ​ក៏​សង្កេត​ឃើញ​មាន​ចំណុច​ អសកម្ម​មួយ​ចំនួន​កើតឡើង​ផង​ដែរ​ ។​

​ការ​កើតឡើង​ទាំងនេះ​ គឺ​គេ​សង្ស័យ​ ថា​សមាគម​មួយ​ចំនួន​មិន​បាន​បំពេញ​ ច្បាប់ទម្លាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ នោះ​ទេ​ ហើយ​សមាគម​មិន​ស្របច្បាប់​ ទាំងនោះ​បាន​ទាញ​យក​ផល​ចំណេញ​ផ្ទាល់​ ខ្លួន​ដោយ​មិន​បាន​បំពេញ​ច្បាប់​អនុញ្ញាត​ ពី​ក្រសួងមហាផ្ទៃ​នោះ​ឡើយ​ ។​

​បច្ចុប្បន្ន​នេះ​ ក្នុង​ពិធី​ដង្ហែ​អ្នកតា​ចិន​ កំពុង​ប្រព្រឹត្ដ​ទៅ​យ៉ាង​គគ្រឹកគគ្រេង​ដែល​ ពេល​ខ្លះ​បាន​បង្ក​នូវ​ភាព​អនាធិបតេយ្យ​ ជា​ច្រើន​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​ចរាចរ​ ទៅ​មក​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មហា​ វិ​ថី​មួយ​ចំនួន​ ។​ ជាក់ស្ដែង​ការ​រៀបចំ​ពី​ធី​ ហែ​អ្នកតា​យ៉ាង​ប្រ​សេក​ប្រសាច​ ស្ទើរ​ ពាស់ពេញ​ផ្ទៃ​ប្រទេស​ត្រូវ​បាន​គេ​សង្ស័យ​ ផង​ដែរ​ថា​មាន​សមាគម​មួយ​ចំនួន​អាច​ ជា​សមាគម​ក្លែងក្លាយ​ ។​ មាន​ន័យ​ថា​ សមាគម​ និង​ក្រុម​ហែ​អ្នកតា​ចិន​ទាំង​ នោះ​មិន​មានច្បាប់​ទម្លាប់​នោះ​ទេ​ ហើយ​ បាន​នាំ​គ្នា​ដង្ហែ​ដើម្បី​ប្រមូល​ប្រយោជន៍​ សម្រាប់​បុគ្គល​តែ​ប៉ុណ្ណោះ​ ។​

​មហាជន​ជា​ទូទៅ​បាន​រិះគន់​ថា​ ក្រុម​ អ្នក​ហែ​ក្បួន​អ្នកតា​ចិន​ខ្លះ​បាន​យក​កាំបិត​ អារ​ដៃ​ ចាក់​ទម្លុះ​សាច់​បង្ហាញ​នូវ​រូបភាព​ គួរ​ឱ្យ​ញញើត​ និង​ព្រឺព្រួច​ពិបាក​ភ្នែក​ មើល​យ៉ាង​ខ្លាំង​ដោយ​ទិដ្ឋភាព​ខាងលើ​នេះ​ គេ​សង្ស័យ​ថា​ អ្នក​ទាំងនោះ​បាន​ប្រើប្រាស់​ ថ្នាំ​ញៀន​ មិនតែប៉ុណ្ណោះ​ អ្នក​អារ​សាច់​ ចាក់​ទម្លុះ​អណ្ដាត​ទាំងនោះ​ភាគច្រើន​ សុទ្ធសឹងតែ​ជា​ក្មេង​ស្ទាវ​ ហើយ​អ្នកខ្លះ​ទៀត​ ស្ទើរតែ​កម្មវិធី​មិន​ទាន់​ចប់​ផង​ បាន​នាំ​ គ្នា​រត់​ប្រសាច​ដើម្បី​ដណ្ដើម​អាង​ប៉ាវ​។​

​លោក​ឈុ​ន​ គា​ អនុប្រធាន​សមាគម​ ចិន​ខេត្ដកណ្ដាល​ប្រាប់​ថា​ សមាគម​ចិន​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​បាន​បង្កើត​ឡើង​ ច្រើន​ រួម​ទាំង​សមាគម​ដែល​ជំនឿ​លើ​ ទំនាយ​ទាំង​៥​ សមាគម​តាម​ត្រកូល​ និង​ សមាគម​នៅ​ស្ទើរ​គ្រប់​ខេត្ដ​ រាជធានី​ផង​ ដែរ​ ។​ លោក​បាន​បញ្ជាក់​ដែរ​ថា​ ការ​ បង្កើត​សមាគម​ទាំងអស់​ត្រូវ​ឆ្លងកាត់​ ការ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ​។​ ទោះជា​  យ៉ាងណា​ លោក​មិន​ទាន់​បានដឹង​នៅ​ ឡើយ​ទេ​ថា​ តើ​សមាគម​ចិន​នៅ​កម្ពុជា​ មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ ។​ លោក​បាន​ ប្រាប់​ថា​ បញ្ហា​អសកម្ម​ដែល​កើត​ចេញ​ ពី​ការ​ប្រតិបត្ដិ​នេះ​គឺជា​ប្រការ​ចៀស​មិន​ រួច​ ជាក់ស្ដែង​ដូច​ជា​ការ​កកស្ទះ​ចរាចរ​ នៅ​ពេល​ពិធីហែអ្នកតា​ជាដើម​ ។​ លោក​ បាន​បន្ដ​ថា​ “​វា​ចៀស​មិន​រួច​ដែល​នាំ​ឱ្យ​ ស្ទះ​ចរាចរ​ ប៉ុន្ដែ​វា​មិនយូរ​ប៉ុន្មាន​ឡើយ​ វា​ត្រឹម​១០​ទៅ​២០​នាទី​ប៉ុណ្ណោះ​”​ ហើយ​ យើង​បាន​សុំ​ត្រឹមត្រូវ​ពី​អាជ្ញាធរ​។​ លោក​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ការ​ប្រារឰ​ ពិធី​នេះ​ឡើង​ គឺ​ដើម្បី​បន់ស្រន់​សុំ​សេចក្ដី​ សុខ​សម្រាប់​គ្រួសារ​ផង​ ក្នុង​សមាគម​ ទាំងមូល​ផង​ ។​

​ចំពោះ​ការ​លេច​ចេញ​នូវ​រូបភាព​ចាក់​ ទម្លុះ​សាច់​ និង​សកម្មភាព​ទារុណកម្ម​លើ​ រូបរាង​កាយ​គឺ​វា​ជា​ទំនៀមទម្លាប់​ដែល​ បន្សល់​ទុក​ពី​បុរាណ​ដែល​គេ​និយម​ប្រ​តិ​ ប​ត្ដិ​តៗ​គ្នា​ បើ​ទោះបីជា​វា​គ្មាន​ឯកសារ​ ណា​បញ្ជាក់​ច្បាស់លាស់​ពី​ការ​ចូល​រូប​ នេះ​ក៏​ដោយ​ ។​ លោក​ក៏​បា​នប​សេ​ធន៍​ ចំពោះ​មតិ​មួយ​ចំនួន​ដែល​លើក​ឡើង​ថា​ ការ​ចាក់​ទម្លុះ​សាច់​ និង​ធ្វើ​ទារុណកម្ម​លើ​ រូបរាង​កាយ​នេះ​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​ ប្រាស់​ថ្នាំ​ញៀន​ត្រូវ​បាន​លោក​ប្រាប់​ថា​ មិនមែន​ជា​ការ​ពិត​ទេ​ ព្រោះ​វា​ គឺជា​ការ​ ប្រតិបត្ដិ​ពី​បុរាណ​ដែល​ពី​មុនគេ​រៀបចំ​ ពិធី​សាហាវ​ជាង​បច្ចុប្បន្ន​ផង​ដែរ​ ដូច​ជា​ ការ​ដើរ​លើ​ភ្លើង​ យក​ខ្លាញ់​ក្ដៅ​លាប​លើ​ខ្លួន​ជាដើម​ ៕