អាជ្ញាធរ​ថៃ​បញ្ជូន​សព​ពលករ​ខ្មែរ​ដែល​ខ្សែភ្លើង​ឆក់​ស្លាប់​មក​កម្ពុជា​

ដោយ​ ៖ នីម វណ្ណា ថ្ងៃទី 13 កុម្ភះ 2012ម៉ោង 13:18:24

​ប៉ោយ​ប៉ែ​ត​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១២​ វេលា​ម៉ោង​១២​និង​៥៨​ នាទី​ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​សាកសព​ជន​ រង​គ្រោះ​ខ្មែរ​ម្នាក់​ ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ ស្លាប់​មក​តាម​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ ប៉ែ​ត​ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ នៅ​ទី​ តាំង​វត្ដ​បា​លិ​លេ​យ្យ​ ដើម្បី​យក​ទៅ​ធ្វើ​ បុណ្យ​តាម​ប្រពៃណី​ខ្មែរ​ ។​

​សាកសព​ជន​រង​គ្រោះ​មានឈ្មោះ​ យ៉ា​ យ៉​ត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់​ នៅ​ភូមិ​តា​ជ្រឹង​ ឃុំ​ច​ង្ហា​ ស្រុក​អូរ​ជ្រៅ​ ខេត្ដបន្ទាយមានជ័យ​ ។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ​ម៉ៅ​ ដែល​ រួម​ដំណើរ​ជាមួយ​ពេល​បញ្ជូន​សាកសព​ពី​ប្រទេស​ថៃ​បានឱ្យ​ដឹង​ថា​ សាកសព​ជន​ រង​គ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ខាងលើ​នេះ​ ជា​កម្មករ​ចិញ្ចឹម​បង្គា​នៅ​ប្រទេស​ថៃ​ ក្នុង​ ខេត្ដ​ផាត់​តានី​ ខណៈ​ដែល​គេ​ដើរ​មើល​ បង្គា​នៅ​ឯ​ស្រែ​ចិញ្ចឹម​បង្គា​ ស្រាប់តែ​ ខ្សែភ្លើង​ទុ​ស្សេ​បាន​ដាច់​ធ្លាក់​មក​ចំ​ពីលើ​ បណ្ដាល​ឱ្យ​ឆក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ កើតហេតុ​ ។​

​បើ​តាម​សម្ដី​សាច់ញាតិ​ក្នុង​វត្ដ​បា​លិ​ លេ​យ្យ​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​ខាង​ លើ​នេះ​ គាត់​ពុំ​មាន​ប៉ា​ស្ព័​រ​ទេ​ តែ​ពុំ​ដឹង​ ទៅ​តាម​រយៈ​អ្នក​ណា​ ខ្លួន​គាត់​ពុំ​សូវ​ដឹង​ ច្បាស់​ទេ​ ។​

​ចំណែក​សាកសព​ជន​រង​គ្រោះ​ដែល​ អាជ្ញាធរ​ថៃ​បញ្ជូន​មក​នោះ​ ត្រូវ​អាជ្ញាធរ​ ក្រុង​ប៉ោយ​ប៉ែ​ត​ប្រគល់​បន្ដ​ទៅ​ឱ្យ​បងប្អូន​ សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅ​ឯ​ស្រុក​កំណើត​របស់​សាមីខ្លួន​ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ជន​រង​គ្រោះ​ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ ម៉ោង​៥.១៥​នាទី​ល្ងាច​ ខណៈ​ ដើរ​ត្រួតពិនិត្យ​ស្រែ​ចិញ្ចឹម​បង្គា​ ៕