
សាលាឯកជនចំណេះទូទៅអន្តរជាតិសែតថ៍ប្រមូលលុយសិស្សរួចបិទទ្វារ វិចបង្វិចរត់បាត់ មិនបើកប្រាក់ខែបុគ្គលិក និងគ្រូបង្រៀន
ដោយ ៖ វិច្ឆិកា ថ្ងៃទី 13 កុម្ភះ 2012ម៉ោង 16:06:16
ខេត្តបន្ទាយមានជ័យ៖ សាលាឯកជនចំណេះទូទៅអន្តរជាតិសែថ៍ដែល មានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ខាងជើងរង្វង់មូលស្រីគ្រប់ល័ក្ខណ៍ប្រហែល២០០ម៉ែត្រស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រមូលលុយអាណាព្យាបាលសិស្សរួចហើយ បិទទ្វារវិចបង្វិចដាក់មេ ប្រ៉ុច និងមិនបើកប្រាក់ខែបុគ្គលិក ដោយ បន្សល់ទុកតែ រថយន្តខូចដឹកសិស្សយ៉ាងកញ្ចាស់១គ្រឿង និងសម្ភារៈមួយចំនួនតួច។ អាណាព្យាបាលសិស្ស រួមទាំងបុគ្គលិកគ្រូបង្រៀន កំពុងតែពិចារ ណាដល់ការ ដាក់ពាក្យប្តឹងចោទប្រកាន់ អ្នកគ្រប់គ្រងសាលា ដើម្បីទាមទារយកលុយ ថ្លៃពល កម្ម និងលុយដែលបានបង់ទៅឲ្យសាលាមកវិញ។
តាមប្រភពព័ត៌មានពីអាណាព្យាបាលសិស្សបានប្រាប់អ្នកយកព័ត៌មាន ថា គាត់មានកូន២នាក់រៀននៅសាលាចំណេះទូទៅអន្តរជាតិសែថ៍ដោយបង់លុយអស់៧០០ដុល្លារ ។ ចំណែកអាណាព្យាបាលមួយចំនួនទៀតបង់លុយ២៥០ដុល្លារ បង់ទៅតាមកំរិតថ្នាក់ហើយការបង់លុយនោះបង់ជាប្រចាំឆ្នាំ។
បើតាមប្រភពព័ត៌មានពីសិស្សានុសិស្សបានប្រាប់អ្នកយកព័ត៌មានយើងឲ្យ កាលពីព្រឹកថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១២ថា ជាង២សប្តាហ៍ទៅហើយ ដែលពួកគេបានមករៀន ដោយ មិនមានគ្រូបង្រៀន និងមកដល់សាលាមានភាពស្ងាត់ជ្រងុំ មិនដឹងថា អ្នកធ្វើការក្នុងសាលាទៅណានោះទេ ហើយពួកគេតែងតែមកសា លាជានិច្ចទើបនៅព្រឹកថ្ងៃទីថ១៣ ខែកុម្ភៈនេះ ឃើញសាលាបានបិទទ្វារតែម្តង។
បើតាមប្រភពព័ត៌មានពីអាណាព្យាបាលបុគ្កលិកបំរើការងារនៅក្នុងសាលានេះដែរបានប្រាប់ឲ្យដឹងទៀតថា កូនគាត់បានធ្វើការនៅក្នុងសាលាជិតមួយឆ្នាំ ទៅហើយ ប៉ុន្តែរយៈពេល៣ខែចុងក្រោយ សាលាមិនបានបើកប្រាក់ខែឲ្យកូនគាត់នោះទេ ដោយ៣ខែសរុបចំនួន២៨០ដុល្លារ ហើយបុគ្គលិកដទៃទៀតក៏អត់បើក ដូចគ្នានេះដែរ។ ជាមួយគ្នានេះដែរទោះបីជាលោកគ្រូបង្រៀនក៏សាលាមិនបើក ប្រាក់ខែឲ្យផងដែរ។ ដូច្នេះទើបគ្រួភាគច្រើនបាននាំគ្នាមិនមកបង្រៀនសិស្ស។ ប្រ ភពព័ត៌មានដែលបានបន្តទៀតថា ទាំងសិស្សរៀនថ្នាក់មតេយ្យនិង រហូតរៀនដល់ថ្នាក់ទី១២មានចំនួនប្រមាណជាង២០០នាក់ផងដែរ។
បើតាមម្ចាស់ផ្ទះបានប្រាប់អ្នកយកព័ត៌យើងបន្តថា ពួគគាត់មិនដឹងរឿង អី ទេដោយគាត់មិនបាននៅផ្ទះជាប់រវល់ទៅធ្វើការងារតាមខេត្តលុះនៅថ្ងៃស្រុកទី ១១ ខែកុម្ភៈ គាត់មកផ្ទះស្រាប់តែឃើញផ្ទះដែលសាលាជួលមានភាពស្ងាត់ជ្រងុំ ហើយខាងសាលាមិនដឹងនាំគ្នាទៅណាអស់ ទើបនៅព្រឹកថ្ងៃទី១៣នេះ មានឪ ពុកម្តាយសិស្សមួយចំនួនបានមកប្រមូលផ្តុំគ្នាមកតវ៉ានៅមុខសាលា។ គាត់បានបន្តទៀតថា ខាងសាលាបានធ្វើកុងត្រាជាមួយគាត់ជាម្ចាស់ផ្ទះរយៈពេល៥ឆ្នាំដោយ ក្នុង១ខែបង់ថ្លៃផ្ទះ៩០០ដុល្លារ ប៉ុន្តែ៩០០ដុល្លារ នេះកន្លងមកសាលាប្រគល់ប្រាក់មិនបានគ្រប់ទេ ហើយរយៈពេល២ខែចុងក្រោយសាលាជំពាក់មិនបានឲ្យប្រាក់ផងដែរ។
ម្ចាស់ផ្ទះបានបន្ថែមទៀតថា អ្នកដែលធ្វើកិច្ចសន្យាកុងត្រាថ្លៃផ្ទះមាន ឈ្មោះ ស៊ុន ភក្តី ដែលគេប្រាប់ថាជាទីប្រឹក្សារបស់សម្តេចជាស៊ីម ហើយមានតួ នាទីជាអ្នកគ្រប់គ្រងទូទៅ ប៉ុន្តែឈ្មោះស៊ុន ភក្តី មិនបានឃើញមុខយូរហើយគឺ គ្រប់គ្រងសាលាមានឈ្មោះស៊ុន សម្ផស្ស ជាចាត់ការទូទៅជំនួស។ សាលានេះ ទើបតែបើក ដំណើរការមិនទាន់ដល់១ឆ្នាំផង។
អ្នកតំណាងទីផ្សារសាលាម្នាក់សុំមិបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌ មានយើងតាមទូរសព្ទ័ថា សាលាបិទទ្វារលោកមិនបានដឹងទេ ខណៈដែលលោក មកពីភ្នំពេញវិញ ស្រាប់តែឃើញសាលាបិទទ្វារ។ លោក មានបំណងប្តឹងសាលាផងដែរ ដោយជំពាក់នៅជំពាក់លុយលោក២.០០០ដុល្លារនិងជំ ពាក់ ប្រាក់ខែលោកជិត៧ខែហើយ ដោយប្រាក់ខែលោកត្រូវបាន១០០ដុល្លារ។ សិស្ស រៀនក្នុងសាលា សែថ៍មានជិត៣០០នាក់់។ ដោយមានសិស្សខ្លះបានបង់លុយរួច ហើយសិស្សមួយចំនួននៅមិនទាន់បង់លុយ។ បង់លុយទៅតាមសាលាpromotion បង់ចាប់ពី២៥០ដុល្លាររហូតដល់៥០០ដុល្លារ។ លោកនឹងទៅភ្នំពេញដើម្បីទាមទារ យកប្រាក់ខែនិងលុយជំពាក់លោក។
លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំខេត្តបានប្រាប់អ្នកយកព័ត៌មាន យើងតាមទូរសព្ទ័ទៀតថា ករណីនេះក្រុមការងារ ចម្រុះបានចុះទៅធ្វើការងារនេះហើយក្រុមងារចម្រុះនឹងស្រាវជ្រាវថាតើមានសិស្សប៉ុន្មាននាក់រៀននៅទីនោះ។ ខាងមន្ទីរនិងពិនិត្យមើលចាត់ចែងសិស្សទាំងនោះទៅរៀនតាមសាលានៅជិតផ្ទះ ពួកគេផងដែរបន្ទាប់មកលោកបិទទូរស័ព្ទប្រាប់ថារវល់ណាស់។
ករណីនេះ អាណាព្យាបាលសិស្សមានការរិះគន់ធ្ងន់ៗទៅដល់អាជ្ញាធរ និងមន្ទីរក្រសួងពាក់ព័ន្ធ ហេតុអីបានបណ្តែតបណ្តោយឲ្យសាលាឯកជនបើក ហើយបែរបោកប្រាស់លុយកាក់បិទទ្វាររត់បាត់ដោយមកធ្វើនំអត់ម្ស៉ៅដូច្នះ។គួរបញ្ជាក់ថាសាលាឯកជននៅក្នុងខេត្តបន្ទាយមានជ័យមានការរីកដុះដាលដូចផ្សិតក្នុងនោះមានសាលាមួយចំនួនបានបិទទ្វារប្រមូលលុយរត់បាត់ដូចជាសាលា អន្តរជាតិអ៊ីលតុនជាដើមហើយមកដល់ថ្ងៃនេះអ្នករងគ្រោះមិនទាន់បានសំណង នោះមកវិញផង ដោយអ្នករងគ្រោះមានតែប្រជាពលរដ្ឋប៉ុណ្ណោះ។
ពួកគាត់សុំណូមពរដល់អាជ្ញាធរនិងមន្ទីរ ក្រសួងពាក់ព័ន្ធសុំពិនិត្យឡើងវិញនូវសាលាឯកជនទាំងឡាយដែលបើកក្នុងខេត្តបន្ទាយមានជ័យ ក្រែងកើតមានរឿងដដែលដូចសាលាខាងលើនេះទៀត៕
