
រាជរដ្ឋាភិបាលផ្តល់ឥណទាន ៣៦លានដុល្លារអាមេរិកដល់ធនាគារ អភិវឌ្ឍន៍ជនបទ សម្រាប់ផ្នែកឯកជន ពង្រីកមុខរបរលើវិស័យកសិកម្ម
ដោយ ៖ សាគុណ ថ្ងៃទី 13 កុម្ភះ 2012ម៉ោង 16:28:23
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឥណទាន៣៦លាន ដុល្លារសហរដ្ឋអាមេរិក ដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់លទ្ធភាពឲ្យផ្នែកឯកជនខ្ចីក្នុងការពង្រីកមុខរបរលើ វិស័យកសិកម្ម ពិសេសការប្រមូលទិញស្រូវរបស់ប្រជាកសិករកម្ពុជា។
នៅក្នុងកិច្ចប្រជុំតុមូលក្រៅផ្លូវការដែលធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន គន្ធរ ប្រធានធនាគារអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ កុម្ភៈ ២០១២ នៅទីស្នាក់ការកណ្តាលរបស់ ធនាគារអភិវឌ្ឍន៍ជនបទ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោក ស៊ុន គន្ធរ មានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ តែង បានផ្តល់នូវឥណទានដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់លទ្ធភាពឲ្យផ្នែកឯកជនខ្ចីសំ រាប់ពង្រីកមុខរបរនិងផលិតកម្មរបស់ខ្លួន មានការកើនឡើងជាលំដាប់ ពោលគឺក្នុងឆ្នាំ ២០១២នេះ រាជរដ្ឋាភិបាលបានផ្តល់ឥណទានចំនួន ៣៦លានដុល្លារសហរដ្ឋអាមេរិក ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករកម្ពុជា ។
លោកប្រធានធនាគារអភិវឌ្ឍន៍ជនបទ មានប្រ សាសន៍បន្តថា កិច្ចប្រជុំតុមូលក្រៅផ្លូវការរបស់យើងនៅពេលនេះ មានសារៈសំខាន់ខ្លាំង ណាស់ ក្នុងការប្រមូលធាតុចូលពីគ្រប់ផ្នែកទាំងអស់ ដើម្បីធានាប្រសិទ្ធភាពនៃការនាំចេញ ស្រូវនិងអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ។ កិច្ចប្រជុំដែលមានការចូលរួមពីសំ ណាក់អស់លោក លោកស្រី លោកឧកញ៉ា ប្រធានសភាមុខរបរ តំណាងសម្ពន្ធ័ម៉ាស៊ីនកិនស្រូវកម្ពុជា សមាគមសហគ្រាសខ្នាតតូចនិងមធ្យម និងផ្នែកពាក់ពន្ធ័ដ៏ទៃទៀត បានពិ ភាក្សាយ៉ាងផុសផុលពីគោលនយោបាយក្នុងការអនុវត្តន៍ការផ្តល់និងការទទួលឥណទាន ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា ។
លោក ស៊ុន គន្ធរ បានជម្រាបផងដែរថា ការខ្ចីឥណទានពីរាជរដ្ឋាភិបាលនោះបាន លុះត្រាណាផ្នែកឯកជនមានឯកសារគោលច្បាស់លាស់ និងការទទួលស្គាល់ពីអាជ្ញាធរ ដែនដីផងដែរ ។ លោកជម្រាបទៀតថា ប្រសិនបើយើងអនុវត្តន៍ការងារទាំងអស់នេះទទួល បានជោគជ័យ រាជរដ្ឋាភិបាលនិងផ្តល់ឥណទានធំៗទៀត ផ្តល់ឥណទានដោយធនាគារ នីហរ័ណ-អាហរ័ណចិន ដែលមានបំណងឲ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចី ក្នុងការជួយដល់ការ ពង្រីកមុខរបរលើវិស័យកសិកម្មរបស់ប្រជាកសិករកម្ពុជា ។ លោក ស៊ុន គន្ធរ បានអះអាង ថា កម្ពុជាត្រូវការថវិកា៦០០លានដុល្លាសហរដ្ឋអាមេរិក ក្នុងការប្រមូលទិញស្រូវនិងអង្ករ នាំចេញឲ្យបានតាមការប្តេជ្ញាចិត្តរបស់សម្តេចតេជោនយករដ្ឋមន្ត្រី ក្នុងការនាំអង្ករចេញ១លានតោននៅឆ្នាំ២០១៥ ៕
