
ក្រសួងអធិការកិច្ចនឹងចុះស៊ើបអង្កេតករណីឧកញ៉ាឈួនគឹមសាននិងបក្ខពួកចាក់ដីលុបបឹងធម្មជាតិ
ដោយ ៖ សុខ ខេមរា ថ្ងៃទី 17 កុម្ភះ 2012ម៉ោង 11:00:20
ខេត្ដកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋដែលបានប្ដឹងពីឧកញ៉ាឈួន គឹមសាន ចាក់ដីលុប បឹងធម្មជាតិនៅក្នុងក្រុងច្បារមន ខេត្ដ កំពង់ស្ពឺ គឺទាមទារឱ្យអាជ្ញាធរ ក៏ដូចជា ប្រមុខរដ្ឋាភិបាលដកហូតនូវដីបឹង ក៏ដូច ជាឱ្យកាយដីដែលបានលុបបឹងនេះទុកជា ផលប្រយោជន៍សាធារណៈរួមរបស់ប្រ ជាពលរដ្ឋ ម្យ៉ាងវិញទៀត ការលុបបឹង បានធ្វើឱ្យប៉ះពាល់ផងដែរពីបញ្ហាជន់លិច ទឹកសម្រាប់ក្រុងច្បារមន ។
កន្លងទៅ ប្រជាពលរដ្ឋបានប្ដឹងទៅ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរខេត្ដ ទប់ស្កាត់ពីសកម្មភាពចាក់ដីលុបបឹង ដោយឧកញ៉ា ឈួន គឹមសាន ប៉ុន្ដែឥទ្ធិ ពលនៃអំពើពុករលួយ ធ្វើឱ្យការចាក់ដី លុបបឹងនេះនៅតែបន្ដធ្វើរហូតដល់បាន សម្រេច ក្នុងនោះប្រជាពលរដ្ឋក៏រិះគន់ថា ពាក់ព័ន្ធទៅនឹងការឃុបឃិតគ្នាជាមួយ អាជ្ញាធរ មន្ដ្រីជំនាញ ក៏ដូចជាអាជ្ញាធរ ខេត្ដ មិនតែប៉ុណ្ណោះ លោកយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ដ ក៏រងនូវការរិះ គន់ពីប្រជាពលរដ្ឋថា នៅពីក្រោយខ្នង លោកស្រី លៀង ម៉ាច ដែលជាភរិយា របស់គាត់ និងចូលហ៊ុនគ្នាវិនិយោគបេន ឡានជាមួយឧកញ៉ា ឈួន គឹមសាន នោះ។
ដោយសារតែមានអំពើពុករលួយកើត ជាប្រព័ន្ធសម្រាប់ការចាក់ដីលុបបឹងនេះ និងមានពាក់ព័ន្ធជាមួយនឹងភរិយាប្រធាន ក្រុមប្រឹក្សាខេត្ដផងនោះ ប្រជាពលរដ្ឋ អស់ជម្រើសក្នុងការប្ដឹងអន្ដរាគមន៍ទៅ អាជ្ញាធរខេត្ដ ពួកគាត់ក៏បានសម្រេចកាល ពីថ្ងៃទី៣១ខែមករាឆ្នាំ២០១២កន្លងទៅ នេះ ដោយដាក់ពាក្យបណ្ដឹងទៅកាន់ខុទ្ទកា ល័យសម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុន សែន និងស្ថាប័នចំនួន៥ទៀត ដូចជាប្ដឹង ទៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ក្រសួងមហា ផ្ទៃ, ក្រសួងធនធានទឹក និងឧតុនិយម, រដ្ឋ សភា និងព្រឹទ្ធសភា ដែលពួកគាត់រំពឹងថា បើទោះជាលោកឈួន គឹមសាន ប្រើ ប្រាស់អំណាចទឹកលុយ ក៏ដូចជាលោកស្រី លៀង ម៉ាច មានអំណាចឥទ្ធិពលពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ដ យ៉ាងណាក៏ដោយជឿថា ប្រមុខរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធនឹងត្រូវរឹបអូស យកដីបឹងដែលគេបានចាក់ដីលុបនេះ ដាក់ជាផលប្រយោជន៍សាធារណៈរួម របស់ប្រជាពលរដ្ឋវិញ ពីព្រោះបន្ទាប់ពី មានករណីចាក់ដីលុបបឹងនេះ ប្រភពពី មន្ដ្រីសាលាខេត្ដបានឱ្យដឹងថា លោកឈួន គឹមសាន និងលោកស្រីលៀង ម៉ាច បានសុំច្បាប់វិនិយោគបេនឡាននេះរួច រាល់ទៅហើយ នៅរង់ចាំតែក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ជូនដំណឹងមកសាលា ខេត្ដកំពង់ស្ពឺតែប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ទៅលើឧកញ៉ា ឈួន គឹមសាន ចាក់ដី លុបបឹងធម្មជាតិចំកណ្ដាលក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ទៅខុទ្ទកាល័យសម្ដេចនាយក រដ្ឋមន្ដ្រី និងទៅស្ថាប័នចំនួន៥ទៀតនោះ ប្រភពពីមន្ដ្រីក្រសួងអធិការកិច្ចបានឱ្យ ដឹងថា ក្រុមអធិការកិច្ចរបស់ក្រសួងនឹង ចុះទៅអង្កេតជុំវិញបញ្ហានេះ បន្ទាប់ពីដឹង ថា លោក ឈួន គឹមសាន ចាក់ដីលុប បឹង ពាក់ព័ន្ធការវិនិយោគជាមួយលោក ស្រី លៀង ម៉ាច ភរិយាលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ដ ក៏ដូចជាមាន ការឃុបឃិតគ្នាផងដែរជាមួយអាជ្ញាធរ ទើបនៅពេលខាងមុខនេះ អធិការកិច្ច របស់ក្រសួងនឹងចុះធ្វើការអង្កេត ។
លោក កង ហ៊ាង អភិបាលខេត្ដកំពង់ ស្ពឺបានឱ្យ នគរវត្ដ ដឹងតាមទូរស័ព្ទកាល ពីរសៀលថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១២នេះ ថា បើមានខាងអធិការកិច្ចក្រសួងចុះមក ស៊ើបអង្កេត លោកមានប្រសាសន៍ថា សូមអញ្ជើញចុះមកមើលជាក់ស្ដែងទៅ ពីព្រោះការចាក់ដីលុបបឹងនេះមានឯក សារត្រឹមត្រូវសម្រាប់បង្ហាញ ។
ដោយឡែក លោក យឹម សុខុម ប្រ ធានក្រុមប្រឹក្សាខេត្ដ ដែលប្រជាពលរដ្ឋ រិះគន់ថា នៅពីក្រោយភរិយារបស់គាត់ លោកស្រី លៀង ម៉ាច ក្នុងការចាក់ដីលុប បឹងជាមួយឧកញ៉ា ឈួន គឹមសាន ក្នុង គោលបំណងវិនិយោគបេនឡានោះ នគរ វត្ដ មិនអាចទាក់ទងបានទេ ដោយសារ ទូរស័ព្ទចូលគ្មានអ្នកលើក ។ ចំណែកឧកញ៉ា ឈួន គឹមសាន ទទួលទូរស័ព្ទ ប៉ុន្ដែអះអាងថា គាត់មិនមែនជាម្ចាស់ទូរស័ព្ទនោះទេ ។
ប្រជាពលរដ្ឋបានលើកឡើងថា សម័យ នេះទៅហើយ គួរណាស់តែអាជ្ញាធរនិង មន្ដ្រីពាក់ព័ន្ធនៅក្នុងខេត្ដកំពង់ស្ពឺពិនិត្យ ឡើងវិញចំពោះទង្វើដែលចេញលិខិត អនុញ្ញាតណាមួយឱ្យឈ្មួញចាក់ដីលុប បឹងធម្មជាតិ ដែលផ្ទុយនឹងច្បាប់ភូមិ បាលមិនអនុញ្ញាតឱ្យចេញបណ្ណកម្មសិទ្ធិ ណាមួយសម្រាប់ឯកជនទៅលើបឹងបួរ ព្រែក ស្ទឹង ទន្លេ ដែលជាបឹងធម្មជាតិ និងភ្នំជាដើម ។ ប្រជាពលរដ្ឋដែលប្ដឹង ទាមទារឱ្យលោកឧកញ៉ា ឈួន គឹមសាន កាយដីពីបឹងធម្មជាតិនៅក្រុងច្បារមន និងតម្រូវឱ្យអ្នកដែលប្រព្រឹត្ដទទួលទោស ទណ្ឌតាមផ្លូវច្បាប់នេះ កំពុងរង់ចាំមើល ថាតើអ្នកដែលបានឃុបឃិតគ្នាលក់បឹង ក៏ដូចជាអនុញ្ញាតឱ្យឈ្មួញចាក់ដីលុបបឹង សុទ្ធតែជារឿងពុករលួយនេះអាចជៀស ផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ដែរឬទេ ?
