
ផ្អើលដឹកកូនប្រុសទៅសង្គ្រោះ ព្រោះផឹក ថ្នាំពុលដល់ពេទ្យស្រែកថាខ្ញុំធ្វើពុតទេ!
ដោយ ៖ ស្អាងជ័យ ថ្ងៃទី 17 កុម្ភះ 2012ម៉ោង 11:15:17
ខេត្ដកណ្ដាល ៖ ហេតុការណ៍មួយបានធ្វើឱ្យក្រុមគ្រូពេទ្យក៏ដូចជាសមត្ថកិច្ច មូលដ្ឋានភ្ញាក់ផ្អើលនិងហួសចិត្ដយ៉ាងខ្លាំងក៏ព្រោះតែយុវជនម្នាក់បានធ្វើពុត ប្រកាច់ដេកស្ដូកស្ដឹងបន្ទាប់ពីឪពុកស្ដី បន្ទោសនិងវាយបន្ដិចបន្ដួចដោយខឹង មិនទូរស័ព្ទប្រាប់ពេលម៉ូតូខូច ។ ខណៈ ដែលយុវជនខាងលើជិះ ឌុបបងស្រីទៅ ធ្វើការរោងចក្របាត់យូរមិនឃើញមកផ្ទះ។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ នៅផ្ទះយុវជនខាង លើ ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល ។
យុវជនដែលធ្វើពុតជាលេបថ្នាំបំពុលធ្វើឱ្យមានការភ្ញាក់ផ្អើលនោះមានឈ្មោះ ស្រ៊ន ភារិន អាយុ១៨ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅជាមួយឪពុកម្ដាយ ក្នុងភូមិ វាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល ។
លោក ផាន់ ស្រ៊ អាយុ៤៨ឆ្នាំ ដែល ជាឪពុកបានរៀបរាប់ថា នៅវេលាម៉ោង ប្រមាណ៦ព្រឹកថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១២ រូបលោកបានប្រើ កូនប្រុសឈ្មោះ ស្រ៊ន ភារិន ឱ្យឌុបបងស្រីរបស់គេម្នាក់ទៅ ដាក់នៅកំពុងចម្លងក្បាលកោះ ដើម្បី បន្ដឆ្លងទូកទៅត្រើយម្ខាងជិះឡានតាក់ ស៊ីទៅធ្វើការនៅរោងចក្រយ៉ុងវ៉ាវិញ ។ ក្រោយពីប្រើកូនឱ្យជូនបងស្រីរបស់គេ ទៅធ្វើការរួចមក ស្រាប់តែមិនឃើញ កូនប្រុសត្រឡប់មកផ្ទះវិញ ។
បុរសជាឪពុកបានបន្ដថា ដោយសារ ចាំបាត់ៗមិនឃើញកូនប្រុសត្រឡប់មក ផ្ទះវិញ គាត់ក៏បានខ្ចីម៉ូតូអ្នកជិតខាងជិះ តាមរកមើលព្រោះខ្លាចកូនមានគ្រោះ ថ្នាក់អ្វីកើតឡើង ។ នៅពេលគាត់ជិះ តាមមកដល់កំពង់ចម្លង ស្រាប់តែមិន ឃើញកូនហើយគាត់ក៏បានសួរអ្នកនៅ កំពង់ចម្លង ដោយគេបានប្រាប់ថាកូន របស់គាត់ត្រឡប់ទៅផ្ទះវិញហើយ ។ ក្រោយពីគេប្រាប់រួចមក គាត់បានជិះ ម៉ូតូត្រឡប់មកផ្ទះវិញ ក៏ឃើញកូនមក ដល់ផ្ទះដែរហើយបានសួរនាំទើបដឹងថាម៉ូតូខូច ។ ដោយខឹងសម្បានឹងកូនប្រុស ដែលម៉ូតូខូចមិនទូរស័ព្ទប្រាប់ធ្វើឱ្យគាត់ ព្រួយបារម្ភក៏បានស្ដីបន្ទោសកូននិងគំរាម បោកទូរស័ព្ទចោល ។
បុរសជាឪពុកបានបន្ដទៀតថា គ្រា ដែលគាត់គំរាមបោកទូរស័ព្ទចោលនោះកូនប្រុសបានរត់គេចខ្លួនទៅផ្ទះបងស្រី របស់គេបាត់ទៅ។ លុះមួយសន្ទុះក្រោយ មកស្រាប់តែកូនស្រីរបស់គាត់បានរត់មកប្រាប់ថា ប្អូនផឹកថ្នាំបំពុលដេក សន្លប់ស្ដូកស្ដឹង ។ ឮដូច្នេះគាត់ក៏ ប្រញាប់ប្រញាល់យកម៉ូតូដឹកកូនប្រុសយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំតាលន់ ។
ក្រុមគ្រូពេទ្យប្រចាំនៅមណ្ឌលសុខ ភាពឃុំតាលន់បានឱ្យដឹងថា ពេលក្រុម គ្រួសារជនរងគ្រោះដឹកយុវជនមកដល់មណ្ឌលសុខភាពភ្លាមក្រុមគ្រូពេទ្យជំនាញ បានយកសម្ភារទុយោមកសុងលាងសម្អាត ក្រពះយុវជនរងគ្រោះ។ ខណៈកំពុងយក ទុយោដាក់ចូលដើម្បីសុងនោះស្រាប់តែយុវជនរងគ្រោះក្រោកឡើងឆ្លើយថា រូប គេធ្វើពុតជាផឹកថ្នាំពុលទេ ។
យុវជន ស្រ៊ន ភារិន បាននិយាយ សារភាពនៅក្នុងមន្ទីរពេទ្យថា ការដែល គេធ្វើពុតជាផឹកថ្នាំពុលនេះ ក៏ព្រោះ តែខ្លួនខ្លាចឪពុកយកទូរស័ព្ទដៃរបស់គេ ទៅបោកចោលខានប្រើ ទើបគេនឹក ឃើញប្រើល្បិចនេះតែម្ដងទៅ ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា ក្រោយ ពីដឹងថា មានយុវជនម្នាក់ផឹកថ្នាំបំពុល រួចមក កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំតាលន់បានចុះទៅដល់មណ្ឌលសុខភាព ឃុំដើម្បីធ្វើកំណត់ហេតុរាយការណ៍ជូន ថ្នាក់លើ ខណៈកំពុងសាកសួរឪពុកយុវជន រងគ្រោះនោះ ស្រាប់តែឬយុវជនស្រែក សារភាពថាគេធ្វើពុតទេ កុំយកទុយោ សុងខ្ញុំអី ឈឺណាស់លោកអើយ! ៕
