
សេដ្ឋកិច្ចកម្ពុជានឹងបន្ដកើនឡើងទោះបីវិបត្ដិបំណុលនៅទ្វីបអឺរ៉ុបកំពុងចោទជាបញ្ហាសកល
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងអ្នកសេដ្ឋកិច្ចជាតិ-អន្ដរជាតិ បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងអាចបន្ដកើនឡើងលើសពី៥ឆ្នាំទៅមុខទៀត បើទោះបីជាវិបត្ដិសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី និងវិបត្ដិបំណុលកំពុងកើតមាននៅទ្វីបអឺរ៉ុប ដែលចោទជាបញ្ហាទៅដល់ សេដ្ឋកិច្ចសកលយ៉ាងណាក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានៅមានល្បឿនកំណើនថេរដដែល ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ បានថ្លែងនៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១២ថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចកើនឡើង គឺដោយសារប្រទេសកម្ពុជាមានសក្ដារនុពលលើវិស័យសំខាន់ៗ៣ ដូចជាវិស័យកសិកម្ម, វិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍។ សម្ដេចបន្ដថា សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើនពី៦ទៅ៧ភាគរយជាប្រចាំឆ្នាំ ក្នុងរយៈពេលខាងមុខ ខណៈកម្ពុជានឹងទទួលបានផលប្រយោជន៍ពីការវិនិយោគ និងលំហូរឥណទានសកលក្នុងពេលអនាគត ដែលកើតពីលក្ខណៈអំណោយផលនៃសេដ្ឋកិច្ចអាស៊ី ពេលខ្សោយតម្រូវការក្នុងតំបន់ដទៃទៀតនៃពិភពលោក ។
ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជានេះ ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) រួមជាមួយវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា យល់ស្របគឺរយៈពេលមធ្យមសេដ្ឋកិច្ចកម្ពុជាអាចមានកំណើនពី៥ឆ្នាំដល់១០ឆ្នាំ ចំណែកវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាគិតថា ជាមធ្យមចាប់៣ទៅ៥ឆ្នាំ ។
លោក Peter Brimble នាយករងធនាគារអភិវឌ្ឍន៍អាស៊ីមានប្រសាសន៍ថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាអាចមានចន្លោះពី៦ទៅ៧ភាគរយមែន តែទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើការឱ្យបានខ្លាំងជាងសព្វថ្ងៃ ដូចជាបង្កើនធនធានមនុស្ស ហើយបើសិនជាកម្ពុជាអាចរក្សាលំនឹងចំនួននេះបានកម្ពុជានឹងអាចកាត់បន្ថយភាពក្រីក្របានយ៉ាងលឿន ។
លោកឃិន ពិសី អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាមានប្រសាសន៍ដែរថា បរិយាកាសសេដ្ឋកិច្ចនៅខាងក្រៅទីផ្សារនាំចេញយើងមិនទាន់ដើរស្រួលបួល ដូច្នេះរយៈពេលមធ្យមប៉ុណ្ណឹង គឺមិនមានបញ្ហានោះទេ បើសិនជាដើរស្រួលបួលវាអាចឡើងលើសដល់ទៅ៨ ឬ៩ភាគរយ ។
ស្រដៀងគ្នានឹងអ្នកវិភាគសេដ្ឋកិច្ចខាងលើ លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ មានប្រសាសន៍ក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រថា តួលេខពាណិជ្ជកម្មកម្ពុជាជាមួយពិភពលោក ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ មានការកើនឡើងជាលំដាប់ ហើយនៅឆ្នាំ២០១២ កម្ពុជាសង្ឃឹមថា តួលេខពាណិជ្ជ កម្មជាមួយពិភពលោកនឹងរឹតតែមានភាពប្រសើរ ដោយសារអ្វីៗទាំងអស់បានវិលមករកភាពប្រក្រតីវិញ ។
លោកបន្ដថា កម្ពុជាគេតែងតែធ្វើការបើកទូលាយនឹងប្រកាន់យករបបពាណិជ្ជកម្មទីផ្សារសេរីប្រកួតប្រជែងដោយសមធម៌ និងមិនប្រកាន់ភាគីណាមួយឡើយ។ ដោយសារការបើកទូលាយនេះហើយធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងពិភពលោកបានកើនឡើងគួរកត់សម្គាល់បើទោះជាពេលកន្លងមកពិភពលោកទទួលនូវវិបត្ដិហិរញ្ញវត្ថុ និងវិបត្ដិសេដ្ឋកិច្ចក៏ដោយ ។
បើទោះបីជាការព្យាករថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចចន្លោះពី៥ឆ្នាំទៅ មុខទៀតយ៉ាងណាក៏ដោយ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងជួបគ្រោះថ្នាក់ បើសិនជារាជរដ្ឋាភិបាលមិនមានចំណាត់ការល្អ និងឃ្លាំមើលជាប្រចាំនោះ ៕
