
បន្លំថើបភ្ញៀវស្រីមកស៊ីការត្រូវសមត្ថកិច្ចចាប់ខ្លួនខានផ្សំដំណេក
ខេត្ដបន្ទាយមានជ័យ ៖ កូនកំលោះ ម្នាក់ក្នុងថ្ងៃមង្គលការមិនទាន់ទាំងបាន ក្រេបទឹកឃ្មុំផង ខណៈកំពុងទទួលភ្ញៀវ ត្រូវនគរបាលក្រុងសិរីសោភ័ណចាប់ខ្លួន ពីបទប្រទូសកេរខ្មាសបន្ទាប់ពីស្ដ្រីម្នាក់ ដែលទៅហូបការនេះដែរបានប្ដឹងថា កូន កំលោះបានឱបគាត់ពីក្រោយ ហើយ ថើបទៀតផង ។
ករណីចាប់កូនកំលោះបានធ្វើឡើង នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងពិធីមង្គលការជិតបញ្ចប់នៅផ្ទះកូន ក្រមុំ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ។
អធិការរងទទួលផែនយុត្ដិធម៌លោកនួន ចក់ បានឱ្យដឹងថា បុរសជាប់ចោទបន្លំថើបភ្ញៀវស្រីឈ្មោះកែវ សុខន អាយុ ២៩ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅភូមិព្រៃផ្ដៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្ដកំពត ។ លោកបានឱ្យដឹងដែរថា បុរសជាប់ចោទត្រូវបានចាប់ខ្លួនបន្ទាប់ពីស្ដ្រីឈ្មោះប្រាក់ សុភ័ណ អាយុ២៥ឆ្នាំ មានមុខរបរជាគ្រូពេទ្យ មានប្ដី តែគ្មានកូន រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ហើយនៅថ្ងៃគាត់ទៅហូបការមិនមានវត្ដមានប្ដីគាត់ទេ ។
លោកអធិការរងបានបន្ដថា ស្ដ្រីប្រាក់ សុភ័ណ បានរៀបរាប់នៅក្នុងបណ្ដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី១៩ ខែកុម្ភៈ គាត់បានទៅចូលរួមហូបការបុរសកែវ សុខន ដែលបានរៀបការជាមួយកូនក្រមុំឈ្មោះហ៊ុល គឹមហ៊ួត អាយុ២៩ឆ្នាំ ខណៈដែលគាត់ (ប្រាក់ សុភ័ណ) ទើបនឹងស្គាល់កូនកំលោះ២-៣ខែប៉ុណ្ណោះ ហើយបានហៅទៅចូលរួមក្នុងពិធីមង្គលការនេះ ។ ស្ដ្រីប្រាក់ សុភ័ណ បានរៀបរាប់ទៀតថា ពេលដែលគាត់កំពុងអង្គុយញ៉ាំអាហារជាមួយភ្ញៀវរួមតុដល់ម្ហូបមុខទី៤ ក៏ស្រាប់តែកូនកំលោះដើរមកពីក្រោយ រួចចាប់់ឱប ហើយថើបគាត់១ខ្សឺតលើថ្ពាល់ខាងស្ដាំចំពោះមុខភ្ញៀវជាច្រើននាក់ ដោយធ្វើឱ្យគាត់ខ្មាសគេយ៉ាងខ្លាំង ។ ខណៈនោះដែរគាត់ក៏បានទះកូនកំលោះ១កំផ្លៀង ហើយក៏ចាកចេញពីរោងពិធីមកដាក់ពាក្យបណ្ដឹងភ្លាមតែម្ដង ។
លោកនួន ចក់ អធិការរងក្រុងសិរីសោភ័ណ បានបន្ដថា នៅពេលដែលឃាត់ខ្លួនកូនកំលោះមកសាកសួរ កូនកំលោះបានរៀបរាប់ថា ខ្លួន និងអ្នកគ្រូពេទ្យម្នាក់នេះបានស្គាល់គ្នា២-៣ខែមកហើយ ខណៈដែលគាត់ (ជនជាប់ចោទ) ទៅដេកកំដរក្មួយដែលសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ជប៉ុន មង្គលបុរី ។ ជនជាប់ចោទកែវ សាខន បានបន្ដថា ភាពស្និទ្ធស្នាល និងការស្គាល់គ្នាគឺពុំមានទំនាក់ទំនងស្នេហាអ្វីនោះទេ តែជាការស្គាល់គ្នាដោយស្និទ្ធស្នាល ទើបគាត់ហៅសំបុត្រការ ។
កូនកំលោះបានបន្ដទៀតថា នៅថ្ងៃមង្គលការរបស់គេ អ្នកគ្រូពេទ្យមុនដើរចូលរោងការ ខ្លួនបាននិយាយទៅកាន់នាងថា អ្នកគ្រូពេទ្យថ្ងៃនេះអីក៏ស្អាតយ៉ាងនេះ ។ ឮដូច្នេះអ្នកគ្រូពេទ្យក៏សើច ហើយដើរសំដៅទៅរកតុអង្គុយ ។ លុះមួយសន្ទុះក្រោយមក ខ្លួនជាកូនកំលោះក៏បានដើរជំរាបសួរភ្ញៀវតាមតុ និងបន្ទាប់មកបានទៅជំរាបសួរភ្ញៀវនៅតុអ្នកគ្រូពេទ្យ ដោយឈរនៅពីក្រោយអ្នកគ្រូពេទ្យក្នុងកាយវិការលើកដៃសំពះបន្ទន់ខ្លួន និងសួរទៅភ្ញៀវព្រមទាំងអ្នកគ្រូពេទ្យថា “អ្នកគ្រូអស់ម្ហូបទៅហើយ ហេតុអីមិនហៅទៀត ។ភ្លាមនោះចៃដន្យអ្នកគ្រូងាកមុខមក បណ្ដាលឱ្យថ្ពាល់អ្នកគ្រូប៉ះថ្ពាល់របស់ខ្ញុំតែម្ដង ។ ខណៈនោះខ្ញុំគ្មានចេតនានោះទេ ហើយខ្ញុំក៏បានសុំទោសអ្នកគ្រូជាច្រើនលើកច្រើនដងផងដែរ” ។ កូនកំលោះបានបន្ដថា ពិធីមង្គលការរបស់ខ្ញុំជិតបញ្ចប់ទៅហើយ តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរអំពីការចោទប្រកាន់ពីសំណាក់ស្ដ្រីជាគ្រូពេទ្យដែលបានប្ដឹងពីបទប្រទូសកេរខ្មាស ។
មិនមានប្រភពបញ្ជាក់ឱ្យដឹងទេថា ស្ដ្រីជាគ្រូពេទ្យប្ដឹងកូនកំលោះកែវ សាខន ចង់បានអ្វីនោះទេ ព្រោះតែរឿងកំប៉ិចកំប៉ុក និងជារឿងអចេតនានេះ ៕
