តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បន្ដ​ឡើងថ្លៃ​រហូត​ដល់​១​លី​ត្រ​៥៨០០​រៀល​

ដោយ​ ៖ ​មរតក​ ថ្ងៃទី 24 កុម្ភះ 2012ម៉ោង 09:05:41

ភ្នំពេញ​ ៖ តម្លៃ​ប្រេង​នៅ​ប្រទេស​កម្ពុជា​បាន​ឡើងថ្លៃ​ជា​បន្ដបន្ទាប់​ដែល​រហូត​មក​ដល់​ថ្ងៃនេះ​តម្លៃ​ប្រេង​នៅ​តាម​ស្ថានីយ​លក់រាយ​ដូច​ជា​ក្រុមហ៊ុន​កាល់​តិច​,​ ក្រុម​ហ៊ុន​តូ​តា​ល់​,​ ក្រុមហ៊ុន​តេ​លា​ និង​ក្រុមហ៊ុន​សូ​គី​ម៉ិច​ គឺ​តម្លៃ​ប្រេងសាំង​ស៊ុប​ពែរ​១​លី​ត្រ​ថ្លៃ​៥៨០០​រៀល​,​ ប្រេងសាំង​ធម្មតា​១​លី​ត្រ​តម្លៃ​៥៥០០​រៀល​ និង​​ប្រេងម៉ាស៊ូត​១​លី​ត្រ​តម្លៃ​៥២០០​រៀល​ ។​

ការ​ឡើងថ្លៃ​ប្រេងសាំង​ជា​បន្ដបន្ទាប់​រហូត​ដល់​១​លី​ត្រ​ជិត​៦​ពាន់​រៀល​នេះ​ត្រូវ​បាន​មន្ដ្រី​រាជរដ្ឋាភិបាល​អះអាង​ថា​ បណ្ដាល​មក​ពី​មាន​វិបត្ដិ​ប្រេង​នៅ​ក្នុង​ពិភពលោក​ ដែល​វិបត្ដិ​នេះ​មិនមែន​ប៉ះ​តែ​ប្រទេស​កម្ពុ​ជាមួយ​ប៉ុណ្ណោះ​ទេ​គឺ​កើត​មាន​ទូ​ទាំង​ពិភពលោក​ហើយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​ក៏​ទទួល​ឥទ្ធិពល​នេះ​ដែរ​ ។​

មក​ដល់​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្ដរជាតិ​១​បារ៉ែល​ថ្លៃ​១០៦​ដុល្លារ​។​ ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ទីផ្សារ​អន្ដរជាតិ​ គឺ​បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កើនឡើង​ភ្លាមៗ​ផង​ដែរ​។​ ការ​កើនឡើង​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​ប្រជា​កសិករ​ កម្មករ​ និង​មន្ដ្រីរាជការ​ដែល​មាន​ប្រាក់​បៀវត្សរ៍​តិចតួច​ ។​

លោក​ទិ​ត​ សុធា​ អនុប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា​ ដោយ​សារ​តែ​មាន​ឥទ្ធិពល​នៃ​តម្លៃ​ទីផ្សារ​ក្នុង​ពិភពលោក​ ដូច្នេះ​ក្រុមហ៊ុន​ដែល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ទទួល​រង​ឥទ្ធិពល​នៃ​តម្លៃ​ទីផ្សារ​ប្រេង​ពិភពលោក​គឺ​វា​ឡើង​ខ្ពស់​អ៊ី​ចឹ​ង​ហើយ​។​ និយាយ​រួម​អ្នក​ទាំងអស់​គ្នា​សុទ្ធតែ​ទទួលផល​ប៉ះពាល់​ដូច​គ្នា​។​ ដូច្នេះ​គួរ​គប្បី​មើល​ស្ថានភាព​ ជាក់ស្ដែង​ចៀសវាង​ការ​តវ៉ា​ដែល​ជា​ការ​បង្ខិតបង្ខំ​ឱ្យ​រាជរដ្ឋាភិបាល​ធ្វើ​អ្វីមួយ​ហួស​ពី​ការងារ​របស់​ខ្លួន​ ។​

លោក​នុ​ច​ អ្នក​រត់​ឡាន​ឈ្នួល​ពី​តា​ប៉ាវ​ ស្រុក​ក្រូចឆ្មារ​ ខេត្ដកំពង់ចាម​ មក​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ សព្វថ្ងៃ​លោក​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​តម្លៃ​ប្រេងបាន​ឡើង​ខ្ពស់​បែប​នេះ​អ្នកដំណើរ​នៅ​តែ​ឱ្យ​តម្លៃ​ដដែល​។​ នៅ​ពេល​ដែល​យើង​សុំ​ថ្លៃ​គាត់​បន្ថែម​ ពួក​គាត់​នាំ​គ្នា​តវ៉ា​ អ្នកខ្លះ​មិន​ជិះ​តែ​ម្ដង​ ប៉ុន្ដែ​ក៏​មាន​អ្នកខ្លះ​គេ​យល់​ដឹង​គេ​ក៏​យល់ព្រម​ឱ្យ​ ។​

លោក​បន្ដ​ថា​ របរ​រត់​ឡាន​ឈ្នួល​សព្វ​ថ្ងៃ​ពិបាក​រក​ប្រាក់​ចំណេញ​ណាស់​ នៅ​ថ្ងៃ​ខ្លះ​ខាត​ក៏​មាន​ ដោយសារ​តែ​តម្លៃ​ប្រេង​បាន​ឡើងជា​បន្ដបន្ទាប់​។​ ដូច្នេះ​សូម​រាជ​រដ្ឋាភិបាល​ជួយ​ធ្វើ​យ៉ាងណា​ សម្រួល​បញ្ចុះ​តម្លៃ​ទំនិញ​ ពិសេស​តម្លៃ​ប្រេង​ឱ្យ​ចុះថ្លៃ​ជាង​នេះ​ ។​

អ្នកស្រី​ស៊ី​ណិ​ត​ រស់នៅ​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ ថ្លៃ​ទំនិញ​សព្វសារពើ​បាន​ឡើងថ្លៃ​ ពិសេស​ត្រី​សាច់​បន្លែ​ជាដើម​ ការ​ឡើងថ្លៃ​នេះ​អ្នកស្រី​សន្និដ្ឋាន​ថា​ អាច​បណ្ដាល​មក​ពី​ប្រេងសាំង​ដែល​កំពុង​បន្ដ​ឡើងថ្លៃ​ជា​បន្ដ​បន្ទាប់​។​ អ្នកស្រី​បន្ដ​ថា​ ក្នុង​១​ថ្ងៃៗ​ប្ដី​អ្នកស្រី​ រក​ចំណូល​ស្ទើរតែ​មិន​បាន​២​ម៉ឺន​រៀល​ផង​ ប៉ុន្ដែ​ការ​ចំណាយ​នៅ​ថ្ងៃ​ខ្លះ​លើស​២​ម៉ឺន​រៀល​ទៅ​ទៀត​។​ អ្នកស្រី​សំណូមពរ​ឱ្យ​រាជ​រដ្ឋាភិបាល​ចាត់វិធានការ​យ៉ាងណា​ សម្រួល​បញ្ចុះតម្លៃ​ទំនិញ​ ពិសេស​តម្លៃ​ប្រេងសាំង​ដែល​កំពុង​ឡើងថ្លៃ​យ៉ាង​ខ្ពស់​នេះ​ ៕