យោធា​ពិការ​​ប្តី​ប្រពន្ធ​​អស់​លទ្ធភាព​ចិញ្ចឹម​កូន​ទាំង​៧​នាក់​និង​រង​ការ​គំរាម​រឹបអូស​ផ្ទះ​

ដោយ​ ៖ សណ្តោស ថ្ងៃទី 24 កុម្ភះ 2012ម៉ោង 09:52:55

ចិញ្ចឹម​កូន​ដល់​ទៅ​៧​នាក់​ឱ្យ​មាន​អាហារ​ហូប​ចុក​ឱ្យ​​បាន​ទៅ​រៀនសូត្រ​ កន្លង​មក​ឪពុក​ម្ដាយ​ជា​ជន​ពិការ​​ទាំង​២​រូប​តែងតែ​តស៊ូ​ននះននៀល​គ្មាន​ត្អូញត្អែរ​មួយ​​ម៉ាត់​ណា​ឡើយ​ តែ​ដល់​ថ្ងៃ​ដែល​គេ​គំរាម​រឹបអូស​យក​ផ្ទះ​ ប្រសិនបើ​គ្មាន​ប្រាក់​កាក់​សងបំណុល​ធនាគារ​នោះ​បាន​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ពិការ​ទាំង​២​នាក់​ស្ទះ​ស្ទា​ស្វែងរក​​ជំនួយ​ពី​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ពី​អង្គការ​ និង​សប្បុរស​​ជន​ដើម្បី​សុំ​គេច​ឱ្យ​ផុត​ពី​វិបត្ដិ​កាន់តែ​ធ្ងន់ធ្ងរ​នេះ​ ។​ មេ​​គ្រួសារ​ទាំង​២​នាក់​ដែល​ជា​ជន​ពិការ​មានកូន​៧​នាក់​​ ក្នុង​នោះ​៣​នាក់​ជា​មនុស្ស​គ​ថ្លង់​ផង​នោះ ឥឡូវនេះ​កំ​ពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​រែកពន់​កូន​ក្នុង​បន្ទុក​លែង​​រួច​បានជា​ស្រែក​រក​ជំនួយ​ពី​សប្បុរសជន ​។​

​លោក​ ទឹម​ ច​ន​ ជា​មេ​គ្រួសារ​នេះ​បាន​មក​កាន់​ស្នាក់​ការ​​នគរវត្ដ​ ដោយ​អះអាង​ថា​ស្វែងរក​សប្បុរសជន​ ជា​ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ឱ្យ​ជួយ​ដល់​រូប​គាត់​ដើម្បី​ជួយ​សម្រាលអម្រែក​ដែល​ធ្ងន់ធ្ងរ​ហួស​ពី​ការ​ប្រឹង​ ។​

​លោក​ទឹម​ ច​ន​ អាយុ​៥១​ឆ្នាំ​ ជា​មេ​គ្រួសារ​រស់នៅ​ភូមិ​ពពាលខែ​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ ក្នុង​មុខរបរ​រត់​ម៉ូតូ​កង់​បី​​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​  លោក​បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​នៅ​ឆ្នាំ​១៩៨៦​ ហើយ​លោក​បាន​ចាប់ដៃ​រស់នៅ​ជាមួយនឹង​អ្នកស្រី​ ស្រី​ យ៉ុ​ង​ ដែល​បច្ចុប្បន្ន​អាយុ​៥១​ឆ្នាំ​ នៅ​អំឡុង​ឆ្នាំ​១៩៨៧​ ។​ ប្រពន្ធ​​របស់​គាត់​ជាម​ន្ដ្រី​យោធា​ បម្រើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​យោធា​កងពល​​លេខ​១​ ដោយ​ការ​រស់​រួមរស់​នោះ​ពុំ​បាន​រៀប​អាពាហ៍ពិពាហ៍​ទេ​ ។​

​លោក​ ច​ន​ ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​រយៈពេល​២៥​ឆ្នាំ​ លោក​មានកូន​ប្រុស​ស្រី​ចំនួន​៧​រូប​ដែល​កូន​ទី​១​ ឈ្មោះ​ ច​ន​ សឹ​ង្ហា​ ភេទ​ប្រុស​ ​អាយុ​២៤​ឆ្នាំ​ បាន​រៀប​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​កសិកម្ម​ តែ​ពុំ​ទាន់​​មានការ​ងារ​ធ្វើ​ឡើយ​ ។​ កូន​ទី​១​ដែល​បាន​រៀប​ចប់​បរិញ្ញាបត្រ​នេះ​​​ដោយសារ​តែ​មានការ​ជួយ​ទំនុកបម្រុង​ពី​អង្គការក្រៅរដ្ឋាភិបាល​ ។​ ​កូន​ទី​២​ឈ្មោះ​ ច​ន​ ម៉េ​ង​ឃាង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជា​មនុស្ស​គ​​ថ្លង់​ រៀន​នៅ​ថ្នាក់​ទី​១០ ​វិទ្យាល័យ​ច្បារ​អំពៅ​ ដោយ​មានការ​ទំនុក​​បម្រុង​ពី​អង្គការក្រៅរដ្ឋាភិបាល​ ។​ កូន​ទី​៣​ឈ្មោះ​ ច​ន​ សុខ​ហេង ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​  រៀន​ថ្នាក់​ទី​១១​ នៅ​វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧​ ។​ ​កូន​ទី​៤​ឈ្មោះ​ ច​ន​ ប៊ុ​ន​លី​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ ជា​មនុស្ស​គ​ថ្លង់​ រៀន​ថ្នាក់​ទី​៥​ នៅ​វត្ដ​ឫស្សី​ស្រស់​ សង្កាត់​និរោធ​ ខណ្ឌមានជ័យ​ ។​ ​កូន​ទី​៥​ឈ្មោះ​ ច​ន​ ចំរើន​ ភេទ​ប្រុស​ អាយុ​១២​ឆ្នាំ​ ជា​មនុស្ស​គ​ថ្លង់​ រៀន​នៅ​សាលា​គ​ថ្លង់​គ្រួសារ​ថ្មី​ ។​ កូន​ទី​៥​នេះ​ចាប់កំណើត​នៅ​ថ្ងៃ​ទី​៩​ ខែ​៩​ ឆ្នាំ​១៩៩៩​ វេលា​ម៉ោង​៩​យប់​ ថ្ងៃខែ​ឆ្នាំ​កំណើត​ពិសេស​នេះ​បាន​ធ្វើ​ឱ្យ​ពេទ្យឆ្មប​និង​ក្រុម​គ្រួសារ​កត់ចំណាំ​ទុក​និង​ធ្វើ​​ការ​តាមដាន​ ។​ កូន​ទី​៦​ឈ្មោះ​ ច​ន​ រតនៈ​ ភេទ​ប្រុស​ អាយុ​៦​ឆ្នាំ​ រៀន​សាលា​បឋម​សិក្សា​ដីឥដ្ឋ​ និង​កូន​ទី​៧​មានឈ្មោះ​ ច​ន​ រតនា​ ភេទ​ប្រុស​ អាយុ​៤​ឆ្នាំ​ រៀន​នៅ​សា​លាម​ត្ដេ​យ្យ​ ។​

​នៅ​ឆ្នាំ​១៩៨៦​ លោក​ជា​យុវជន​កំពុង​តែ​សិក្សា​ ហើយ​ពេល​នោះ​ក៏​ស្ម័គ្រចិត្ដ​ចូល​បម្រើកងទ័ព​នៅ​យោធភូមិ​ភាគ​ទី​២​ ។​ ក្រោយមក​អង្គភាព​ក៏​បាន​បញ្ជូន​លោក​ទៅ​បម្រើ​នៅ​ក្នុង​កងពល​លេខ​២​ មាន​ទី​​តាំងនៅ​ស្រុក​ស្ទោង​ ខេត្ដកំពង់ធំ​ ឈរជើង​នៅ​ចំណុច​ពពក​កោះ​សំ​រោង​ ដែល​មាន​លោក​ឧត្ដមសេនីយ៍​ ស្រី​ ឌឹ​ក​ ជា​មេបញ្ជាការ​ ។​ នៅ​ទិស​សមរភូមិ​ដែល​លោក​ឈរជើង​ពេល​នោះ​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ជាមួយនឹង​កងទ័ព​ខ្មែរក្រហម​ ហើយ​គ្រានោះ​លោក​ក៏​មាន​ជំងឺ​គ្រុនចាញ់​មក​ញាំញី​លើ​រាង​កាយ​ហើយ​ក៏​ក្លាយជា​ជន​ពិការ​រហូត​មក ​។​

​លោក​ ទឹម​ ច​ន​ បង្ហូរទឹកភ្នែក​ហើយ​បាន​បន្ដ​ថា​ រូប​លោក​ត្រូវ​បញ្ជូន​​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​បាន​ជួបនឹង​គ្រូពេទ្យ​យោធា​ស្រី​ឈ្មោះ ស្រី​ យ៉ុ​ង​ ដែល​ត្រូវ​គ្រាប់​ជើង​ខាងស្ដាំ​ជា​គ្រូពេទ្យ​បម្រើ​ការ​នៅ​កងពល​​លេខ​១​ដែល​ត្រូវ​បញ្ជូន​មក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ជាមួយ​គ្នា​ដែរ​។​ លោក​ ទឹម​ ច​ន​ បន្ដ​ថា​ ក្នុង​អំឡុង​ព្យាបាល​ជំងឺ​ក៏​បាន​ស្រលាញ់​គ្នា​ពី​​ពេល​នោះ​មក​។​ ចាប់តាំងពី​សាង​អនាគត​ជាមួយ​គ្នា​ក្នុង​នាម​ជា​យុទ្ធ​ជន​​ពិការ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ ត្រូវ​បាន​អង្គភាព​បញ្ជូន​មក​កាន់​មជ្ឈមណ្ឌល​​យោធិន​ពិការ​៣១៧​នៅ​កៀនស្វាយ​ តែ​ពួក​គាត់​ទាំង​២​នាក់​ ត្រូវ​បាន​​អង្គភាព​បើកប្រាក់​អតីតភាព​ការងារ​ដោយ​ទទួល​បាន​៣​លាន​រៀល ​។​

​បន្ទាប់​ពី​ទទួល​បាន​ប្រាក់​ចំនួន​៣​លាន​រៀល​ហើយ​ ពួក​គាត់​ក៏​បាន​​ទិញ​ដី​មួយ​កន្លែង​មាន​ទំហំ​១២​ម៉ែត្រ​គុណ​១២​ម៉ែត្រ​នៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ ហើយ​នៅ​សល់​លុយ​បន្ដិច​​បន្ដួច​ក៏​ធ្វើ​ផ្ទះ​ឈើ​មួយ​ តែ​ដោយ​ខ្វះខាត​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ទៅ​ខ្ចីប្រាក់​​ពី​ធនាគារ​អេ​ស៊ី​លី​ដា​ដើម្បី​បង្ហើយ​ ។​

​លោកពូ​ ទឹម​ ច​ន​ បាន​បន្ដ​ទៀត​ថា​ ការ​រស់នៅ​ប្រឈម​មុខ​នឹង​​ជីវភាព​លំបាក​កាន់តែ​ខ្លាំង​ឡើងៗ​ លោក​ក៏​សម្រេចចិត្ដ​ទៅ​ខ្ចីបុល​ស្ថាប័នហិរញ្ញវត្ថុ​មួយ​ចំនួន​បន្ថែម​ទៀត​ដើម្បី​មក​ឧបត្ថម្ភ​ឱ្យ​កូន​ទាំង​៧​នាក់​​បាន​រៀន​និង​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ ព្រោះ​មុខរបរ​រត់​ម៉ូតូឌុប​កង់​បី​មិន​​អាច​ទប់ទល់​បាន​ទេ ​។​ ម្យ៉ាងទៀត​មុខរបរ​រត់​ម៉ូតូ​កង់​បី​ពុំ​សូវ​មាន​អ្នក​ជិះ​ ដូច្នេះ​ហើយ​បាន​ធ្វើ​ឱ្យ​គាត់​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ពិការ​ត្រូវ​ប្រឈម​មុខ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ការ​ទ្រទ្រង់​ដល់​កូនចៅ​ឱ្យ​បាន​រៀនសូត្រ​បន្ដ ​។​ អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ខ្លាំង​ឡើង​នោះ​ គឺ​កូនៗ​កាន់តែ​ធំ​ហើយ​ត្រូវការ​ចំណាយ​ច្រើន​ ហើយ​គ្មាន​ការងារ​ធ្វើ​ ជា​ពិសេស​កូន​គ​ថ្លង់​​ទាំង​៣​ទៅ​ថ្ងៃ​អនាគត​មិនដឹង​ជា​យ៉ាងណា​ទេ​ព្រោះ​គាត់​និង​ប្រពន្ធ​កាន់​​តែ​មាន​សុខភាព​ទ្រុឌទ្រោម​ ។​

​លោក​ ទឹម​ ច​ន​ បាន​រៀបរាប់​ដោយ​ក្ដី​អាណិតអាសូរ​ទៀត​ថា​ ក្នុង​១​ថ្ងៃៗ​លោក​ត្រូវ​ដឹក​កូន​គ​ទាំង​៣​នាក់​តាម​ម៉ូតូ​កង់​បី​មក​រៀន​នៅ​ច្បារ​​អំពៅ​ពេល​ខ្លះ​ក្នុង​១​ថ្ងៃ​ឱ្យ​កូន​ចាយ​តែ​៣០០​រៀល​ប៉ុណ្ណោះ​ក្នុង​ម្នាក់​ ព្រោះតែ​រក​មិន​បាន ​។​ ពេល​ខ្លះ​ទៀត​រកតែ​លុយ​ចាក់​សាំង​ជូន​កូន​មក​​សាលា​ស្ទើរតែ​មិន​បាន​ផង​ ធ្វើ​ឱ្យ​គាត់​ជា​ឪពុក​ជា​ម្ដាយ​ពិបាកចិត្ដ​ខ្លាំង​ណាស់​ ។​

​លោកពូ​ ទឹម​ ច​ន​ និង​ប្រពន្ធ​នាំ​គ្នា​បង្ហូរទឹកភ្នែក​និយាយ​ទៀត​ថា​ សព្វថ្ងៃ​គាត់​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ស៊ីប្រាក់ខែ​ជន​ពិការ​ ប្រពន្ធ​បើក​បាន ជាង​១០​ម៉ឺន​រៀល​ ប្ដី​ជាង​១០​ម៉ឺន​រៀល​ ហើយ​សង្ឃឹមលើ​របរ​រកស៊ី​​បន្ដិចបន្ដួច​ដូច​ជា​បិតស្រា​ ចិញ្ចឹម​ជ្រូក​ ខាតចុងខាតដើម​ ងាក​មករ​បរ​រកស៊ី​រត់​ម៉ូតូ​កង់​បី​វិញ​នោះ​គឺ​ពុំ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រ​​ចាំ​ខែ​ឡើយ​ ពេល​ខ្លះ​ម៉ូតូ​ខូច​រកតែ​លុយ​ធ្វើ​មិន​ទាំង​បាន​ផង​...​

​ក្នុង​សំឡេង​អួល​ដើម​ក​ លោក​ ទឹម​ ច​ន​ បន្ដ​ថា​ ពេល​នេះ​ក្រុម​គ្រួ​សារ​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ទឹក​កំពុង​ចូល​ច្រមុះ​ ព្រោះថា​ប្រពន្ធ​របស់​គាត់​មិន​អាច​ប្រកប​មុខរបរ​អ្វី​បាន​ទេ​ ហើយ​រូប​គាត់​ក៏​រត់​ម៉ូតូ​រក​ប្រាក់​​ស្ទើរ​មិន​បាន​ទិញ​អង្ករ​ច្រក​ឆ្នាំង​ ។​ មាន​ពេល​ខ្លះ​កូនប្រុស​ស្រី​ដែល​គាត់​ដឹក​ទៅ​ដាក់​សាលារៀន​គឺ​បាន​នាំ​គ្នា​ហូប​បាយកក​សល់​ពី​ល្ងាច​ក៏​​ព្រោះតែ​ពុំ​មាន​ប្រាក់​ពេល​ដែល​ពួក​គេ​ចូល​ទៅ​សាលារៀន​ ។ លោក​​បាន​បន្ដ​ថា​ បញ្ហា​ធំ​ជាង​នេះ​គឺ​ការ​ប្រាក់​ដែល​គាត់​បាន​ខ្ចីបុល​ពី​ញាតិ​ជិតខាង​ និង​ស្ថាប័នហិរញ្ញវត្ថុ​ ហើយ​បើ​ពុំ​មាន​ប្រាក់​យក​ទៅ​បង់​តាម​​ការ​កំណត់​ប្រចាំខែ​ទេ​នោះ​   ផ្ទះ​ដែល​គាត់​កំពុង​រស់នៅ​នឹង​ប្រឈម​ការ​រឹបអូស​ផង​ដែរ​ ។​ ហើយ​ប្រសិនបើ​គេ​រឹបអូស​ផ្ទះ​ខ្ញុំ​មែន​នោះ​ យើង​​ជា​ឪពុក​ម្ដាយ​គឺ​អន់​បំផុត​ ព្រោះ​បាន​ផ្ដល់​កំណើត​ឱ្យ​គេ​ពុំ​មាន​រូបសម្បត្ដិ​​គ្រប់គ្រាន់​ (​គ​ថ្លង់​៣​នាក់​)​ រួច​ថែម​ទាំង​ចិញ្ចឹម​កូន​មិន​បាន​ដល់​កោះ​​ត្រើយ​ទៀត​ ៕​