
យោធាពិការប្តីប្រពន្ធអស់លទ្ធភាពចិញ្ចឹមកូនទាំង៧នាក់និងរងការគំរាមរឹបអូសផ្ទះ
ដោយ ៖ សណ្តោស ថ្ងៃទី 24 កុម្ភះ 2012ម៉ោង 09:52:55
ចិញ្ចឹមកូនដល់ទៅ៧នាក់ឱ្យមានអាហារហូបចុកឱ្យបានទៅរៀនសូត្រ កន្លងមកឪពុកម្ដាយជាជនពិការទាំង២រូបតែងតែតស៊ូននះននៀលគ្មានត្អូញត្អែរមួយម៉ាត់ណាឡើយ តែដល់ថ្ងៃដែលគេគំរាមរឹបអូសយកផ្ទះ ប្រសិនបើគ្មានប្រាក់កាក់សងបំណុលធនាគារនោះបានធ្វើឱ្យឪពុកម្ដាយពិការទាំង២នាក់ស្ទះស្ទាស្វែងរកជំនួយពីប្រមុខរាជរដ្ឋាភិបាល ពីអង្គការ និងសប្បុរសជនដើម្បីសុំគេចឱ្យផុតពីវិបត្ដិកាន់តែធ្ងន់ធ្ងរនេះ ។ មេគ្រួសារទាំង២នាក់ដែលជាជនពិការមានកូន៧នាក់ ក្នុងនោះ៣នាក់ជាមនុស្សគថ្លង់ផងនោះ ឥឡូវនេះកំពុងតែស្ថិតនៅក្នុងស្ថានភាពរែកពន់កូនក្នុងបន្ទុកលែងរួចបានជាស្រែករកជំនួយពីសប្បុរសជន ។
លោក ទឹម ចន ជាមេគ្រួសារនេះបានមកកាន់ស្នាក់ការនគរវត្ដ ដោយអះអាងថាស្វែងរកសប្បុរសជន ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឱ្យជួយដល់រូបគាត់ដើម្បីជួយសម្រាលអម្រែកដែលធ្ងន់ធ្ងរហួសពីការប្រឹង ។
លោកទឹម ចន អាយុ៥១ឆ្នាំ ជាមេគ្រួសាររស់នៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ក្នុងមុខរបររត់ម៉ូតូកង់បីបានរៀបរាប់ឱ្យដឹងថា លោកបានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៦ ហើយលោកបានចាប់ដៃរស់នៅជាមួយនឹងអ្នកស្រី ស្រី យ៉ុង ដែលបច្ចុប្បន្នអាយុ៥១ឆ្នាំ នៅអំឡុងឆ្នាំ១៩៨៧ ។ ប្រពន្ធរបស់គាត់ជាមន្ដ្រីយោធា បម្រើការនៅក្នុងមន្ទីរពេទ្យយោធាកងពលលេខ១ ដោយការរស់រួមរស់នោះពុំបានរៀបអាពាហ៍ពិពាហ៍ទេ ។
លោក ចន ឱ្យដឹងទៀតថា ក្នុងរយៈពេល២៥ឆ្នាំ លោកមានកូនប្រុសស្រីចំនួន៧រូបដែលកូនទី១ ឈ្មោះ ចន សឹង្ហា ភេទប្រុស អាយុ២៤ឆ្នាំ បានរៀបចប់ថ្នាក់បរិញ្ញាបត្រផ្នែកកសិកម្ម តែពុំទាន់មានការងារធ្វើឡើយ ។ កូនទី១ដែលបានរៀបចប់បរិញ្ញាបត្រនេះដោយសារតែមានការជួយទំនុកបម្រុងពីអង្គការក្រៅរដ្ឋាភិបាល ។ កូនទី២ឈ្មោះ ចន ម៉េងឃាង ភេទប្រុស អាយុ២០ឆ្នាំ ជាមនុស្សគថ្លង់ រៀននៅថ្នាក់ទី១០ វិទ្យាល័យច្បារអំពៅ ដោយមានការទំនុកបម្រុងពីអង្គការក្រៅរដ្ឋាភិបាល ។ កូនទី៣ឈ្មោះ ចន សុខហេង ភេទស្រី អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១១ នៅវិទ្យាល័យជ័យវរ្ម័នទី៧ ។ កូនទី៤ឈ្មោះ ចន ប៊ុនលី ភេទស្រី អាយុ១៥ឆ្នាំ ជាមនុស្សគថ្លង់ រៀនថ្នាក់ទី៥ នៅវត្ដឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ ។ កូនទី៥ឈ្មោះ ចន ចំរើន ភេទប្រុស អាយុ១២ឆ្នាំ ជាមនុស្សគថ្លង់ រៀននៅសាលាគថ្លង់គ្រួសារថ្មី ។ កូនទី៥នេះចាប់កំណើតនៅថ្ងៃទី៩ ខែ៩ ឆ្នាំ១៩៩៩ វេលាម៉ោង៩យប់ ថ្ងៃខែឆ្នាំកំណើតពិសេសនេះបានធ្វើឱ្យពេទ្យឆ្មបនិងក្រុមគ្រួសារកត់ចំណាំទុកនិងធ្វើការតាមដាន ។ កូនទី៦ឈ្មោះ ចន រតនៈ ភេទប្រុស អាយុ៦ឆ្នាំ រៀនសាលាបឋមសិក្សាដីឥដ្ឋ និងកូនទី៧មានឈ្មោះ ចន រតនា ភេទប្រុស អាយុ៤ឆ្នាំ រៀននៅសាលាមត្ដេយ្យ ។
នៅឆ្នាំ១៩៨៦ លោកជាយុវជនកំពុងតែសិក្សា ហើយពេលនោះក៏ស្ម័គ្រចិត្ដចូលបម្រើកងទ័ពនៅយោធភូមិភាគទី២ ។ ក្រោយមកអង្គភាពក៏បានបញ្ជូនលោកទៅបម្រើនៅក្នុងកងពលលេខ២ មានទីតាំងនៅស្រុកស្ទោង ខេត្ដកំពង់ធំ ឈរជើងនៅចំណុចពពកកោះសំរោង ដែលមានលោកឧត្ដមសេនីយ៍ ស្រី ឌឹក ជាមេបញ្ជាការ ។ នៅទិសសមរភូមិដែលលោកឈរជើងពេលនោះមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយនឹងកងទ័ពខ្មែរក្រហម ហើយគ្រានោះលោកក៏មានជំងឺគ្រុនចាញ់មកញាំញីលើរាងកាយហើយក៏ក្លាយជាជនពិការរហូតមក ។
លោក ទឹម ចន បង្ហូរទឹកភ្នែកហើយបានបន្ដថា រូបលោកត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យក៏បានជួបនឹងគ្រូពេទ្យយោធាស្រីឈ្មោះ ស្រី យ៉ុង ដែលត្រូវគ្រាប់ជើងខាងស្ដាំជាគ្រូពេទ្យបម្រើការនៅកងពលលេខ១ដែលត្រូវបញ្ជូនមកព្យាបាលក្នុងមន្ទីរពេទ្យជាមួយគ្នាដែរ។ លោក ទឹម ចន បន្ដថា ក្នុងអំឡុងព្យាបាលជំងឺក៏បានស្រលាញ់គ្នាពីពេលនោះមក។ ចាប់តាំងពីសាងអនាគតជាមួយគ្នាក្នុងនាមជាយុទ្ធជនពិការទាំង២នាក់ប្ដីប្រពន្ធ ត្រូវបានអង្គភាពបញ្ជូនមកកាន់មជ្ឈមណ្ឌលយោធិនពិការ៣១៧នៅកៀនស្វាយ តែពួកគាត់ទាំង២នាក់ ត្រូវបានអង្គភាពបើកប្រាក់អតីតភាពការងារដោយទទួលបាន៣លានរៀល ។
បន្ទាប់ពីទទួលបានប្រាក់ចំនួន៣លានរៀលហើយ ពួកគាត់ក៏បានទិញដីមួយកន្លែងមានទំហំ១២ម៉ែត្រគុណ១២ម៉ែត្រនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ហើយនៅសល់លុយបន្ដិចបន្ដួចក៏ធ្វើផ្ទះឈើមួយ តែដោយខ្វះខាតពួកគាត់ក៏បាននាំគ្នាទៅខ្ចីប្រាក់ពីធនាគារអេស៊ីលីដាដើម្បីបង្ហើយ ។
លោកពូ ទឹម ចន បានបន្ដទៀតថា ការរស់នៅប្រឈមមុខនឹងជីវភាពលំបាកកាន់តែខ្លាំងឡើងៗ លោកក៏សម្រេចចិត្ដទៅខ្ចីបុលស្ថាប័នហិរញ្ញវត្ថុមួយចំនួនបន្ថែមទៀតដើម្បីមកឧបត្ថម្ភឱ្យកូនទាំង៧នាក់បានរៀននិងការហូបចុកប្រចាំថ្ងៃ ព្រោះមុខរបររត់ម៉ូតូឌុបកង់បីមិនអាចទប់ទល់បានទេ ។ ម្យ៉ាងទៀតមុខរបររត់ម៉ូតូកង់បីពុំសូវមានអ្នកជិះ ដូច្នេះហើយបានធ្វើឱ្យគាត់ទាំង២នាក់ប្ដីប្រពន្ធពិការត្រូវប្រឈមមុខកាន់តែខ្លាំងឡើងចំពោះការទ្រទ្រង់ដល់កូនចៅឱ្យបានរៀនសូត្របន្ដ ។ អ្វីដែលជាបញ្ហាប្រឈមខ្លាំងឡើងនោះ គឺកូនៗកាន់តែធំហើយត្រូវការចំណាយច្រើន ហើយគ្មានការងារធ្វើ ជាពិសេសកូនគថ្លង់ទាំង៣ទៅថ្ងៃអនាគតមិនដឹងជាយ៉ាងណាទេព្រោះគាត់និងប្រពន្ធកាន់តែមានសុខភាពទ្រុឌទ្រោម ។
លោក ទឹម ចន បានរៀបរាប់ដោយក្ដីអាណិតអាសូរទៀតថា ក្នុង១ថ្ងៃៗលោកត្រូវដឹកកូនគទាំង៣នាក់តាមម៉ូតូកង់បីមករៀននៅច្បារអំពៅពេលខ្លះក្នុង១ថ្ងៃឱ្យកូនចាយតែ៣០០រៀលប៉ុណ្ណោះក្នុងម្នាក់ ព្រោះតែរកមិនបាន ។ ពេលខ្លះទៀតរកតែលុយចាក់សាំងជូនកូនមកសាលាស្ទើរតែមិនបានផង ធ្វើឱ្យគាត់ជាឪពុកជាម្ដាយពិបាកចិត្ដខ្លាំងណាស់ ។
លោកពូ ទឹម ចន និងប្រពន្ធនាំគ្នាបង្ហូរទឹកភ្នែកនិយាយទៀតថា សព្វថ្ងៃគាត់ទាំង២នាក់ប្ដីប្រពន្ធស៊ីប្រាក់ខែជនពិការ ប្រពន្ធបើកបាន ជាង១០ម៉ឺនរៀល ប្ដីជាង១០ម៉ឺនរៀល ហើយសង្ឃឹមលើរបររកស៊ីបន្ដិចបន្ដួចដូចជាបិតស្រា ចិញ្ចឹមជ្រូក ខាតចុងខាតដើម ងាកមករបររកស៊ីរត់ម៉ូតូកង់បីវិញនោះគឺពុំគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំខែឡើយ ពេលខ្លះម៉ូតូខូចរកតែលុយធ្វើមិនទាំងបានផង...
ក្នុងសំឡេងអួលដើមក លោក ទឹម ចន បន្ដថា ពេលនេះក្រុមគ្រួសារគាត់ស្ថិតក្នុងស្ថានភាពទឹកកំពុងចូលច្រមុះ ព្រោះថាប្រពន្ធរបស់គាត់មិនអាចប្រកបមុខរបរអ្វីបានទេ ហើយរូបគាត់ក៏រត់ម៉ូតូរកប្រាក់ស្ទើរមិនបានទិញអង្ករច្រកឆ្នាំង ។ មានពេលខ្លះកូនប្រុសស្រីដែលគាត់ដឹកទៅដាក់សាលារៀនគឺបាននាំគ្នាហូបបាយកកសល់ពីល្ងាចក៏ព្រោះតែពុំមានប្រាក់ពេលដែលពួកគេចូលទៅសាលារៀន ។ លោកបានបន្ដថា បញ្ហាធំជាងនេះគឺការប្រាក់ដែលគាត់បានខ្ចីបុលពីញាតិជិតខាង និងស្ថាប័នហិរញ្ញវត្ថុ ហើយបើពុំមានប្រាក់យកទៅបង់តាមការកំណត់ប្រចាំខែទេនោះ ផ្ទះដែលគាត់កំពុងរស់នៅនឹងប្រឈមការរឹបអូសផងដែរ ។ ហើយប្រសិនបើគេរឹបអូសផ្ទះខ្ញុំមែននោះ យើងជាឪពុកម្ដាយគឺអន់បំផុត ព្រោះបានផ្ដល់កំណើតឱ្យគេពុំមានរូបសម្បត្ដិគ្រប់គ្រាន់ (គថ្លង់៣នាក់) រួចថែមទាំងចិញ្ចឹមកូនមិនបានដល់កោះត្រើយទៀត ៕
