និស្សិត​សាកលវិទ្យាល័យ​អន្ដរជាតិ​ (IU)​ ជាង​២០០​នាក់​ប្រតិកម្ម​រឿង​ប្រឡង​សង​ ម្នាក់​បង់​១២០​ដុល្លារ​

ដោយ​ ៖ អ៊ុំ ណូន ថ្ងៃទី 25 កុម្ភះ 2012ម៉ោង 08:20:20

​ភ្នំពេញ​ ៖​ និស្សិត​សាកលវិទ្យាល័យ​ អន្ដរជាតិ​ (IU)​ ជាង​២០០​នាក់​បាន​កើត​ ទុក្ខ​មិន​សុខចិត្ដ​ទៅ​លើ​ចំណាត់ការ​របស់​ នាយក​សាកលវិទ្យាល័យ​ (IU)​ ដែល​តម្រូវ​ ឱ្យ​និស្សិត​ប្រឡង​សង​មួយ​មុខ​វិជ្ជា​បង់​ លុយ​១២០​ដុល្លារ​ដែល​ចំនួន​នេះ​ច្រើន​ លើសលប់​ហួស​ពី​សមត្ថភាព​សិស្ស​ បើ​ ត្រឹម​២៥​ដុល្លារ​ទើប​សមរម្យ​ ។​

​ការ​តវ៉ា​របស់​និស្សិត​ខាងលើ​បាន​ ប្រព្រឹត្ដ​ទៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ នៅ​មុខ​សាកលវិទ្យាល័យ​ អន្ដរជាតិ​ (IU)​ ដែល​មា​នទី​តាំងនៅ​ទល់​ មុខ​មន្ទីរពេទ្យ​សែន​សុខ​ ស្ថិត​នៅ​តាម​ បណ្ដោយ​ផ្លូវលំ​ ក្នុងភូមិ​-​សង្កាត់​ភ្នំពេញ​ ថ្មី​ ខណ្ឌ​សែន​សុខ​ ដែល​មាន​និស្សិត​ជាង​ ២០០​នាក់​ត្រូវ​ប្រឡង​សង​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​លោក​សុវណ្ណ​ ដែល​ជា​តំណាង​ឱ្យ​និស្សិត​ជាង​២០០​នាក់​ បាន​និយាយ​ឱ្យ​ដឹង​ថា​ និស្សិត​ទាំងអស់​នាំ​ គ្នា​មក​តវ៉ា​នេះ​ទាមទារ​លើ​៣​ចំណុច​ ទី​១-​ សូម​ឱ្យ​លោកនាយក​សាកលវិទ្យាល័យ​ យក​តម្លៃ​បង់​ប្រឡង​សង​មួយ​មុខ​វិជ្ជា​ ត្រឹមតែ​២៥​ដុល្លារ​,​ ទី​២-​សូម​ឱ្យ​សាលា​ ផ្ដល់​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់​ចំពោះ​ អ្នក​ដែល​មិន​មក​ប្រឡង​ហើយ​បាន​ពិន្ទុ​សូន្យ​ និង​ទី​៣-​សូម​ឱ្យ​សាលា​បន្ថែម​២៥​ពិន្ទុ​ ទៅ​លើ​ពិន្ទុ​ធ្លាក់​របស់​និស្សិត​ទាំងអស់​ ។​

​ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា​ “​សាលា​ បាន​តម្រូវ​ឱ្យ​និស្សិត​ដែល​ត្រូវ​ប្រឡង​ សង​បង់​ចំនួន​១២០​ដុល្លារ​ក្នុង​១​មុខ​វិជ្ជា​ហើយ​ និស្សិត​ដែល​មានឈ្មោះ​ប្រឡង​សង​មាន​ រហូត​ដល់​ទៅ​ជាង​២០០​នាក់​ ចំពោះ​អ្នក​ ដែល​ធ្លាក់​៤​មុខ​វិជ្ជា​ ដូច្នេះ​ម្នាក់ៗ​ត្រូវ​បង់​ ៤៨០​ដុល្លារ​ឯណោះ​ ខណៈ​ដែល​សាលា​ រដ្ឋ​អត់​មានការ​បង់លុយ​ប្រឡង​សង​ ឬ​ ក៏​ប្រឡង​ឡើង​វិញ​នោះ​ទេ​”​ ។​

​លោក​សុវណ្ណ​ បាន​បន្ដ​ទៀត​ថា​ ដោយ​ ឡែក​តម្លៃ​ទិញ​ឌឺ​ម៉​ង់​ប្រឡង​សង​មាន​តម្លៃ​ រហូត​ដល់​១០០​ដុល្លារ​ឃើញ​ថា​តម្លៃ​ខ្ពស់​ ហួសហេតុ​ពេក​ ព្រោះ​ចំនួន​សិស្ស​ដែល​ ត្រូវ​ប្រឡង​សង​ ហើយ​ទិញ​ឌឺ​ម៉​ង់​មាន​ រហូត​ដល់​ទៅ​៧០០​នាក់​ដូច្នេះ​គឺ​ស្មើនឹង​  ៧​ម៉ឺន​ដុល្លារ​ទៅ​ហើយ​ ។​
​ប្រសិនបើ​និស្សិត​ណា​ម្នាក់​មិន​បង់​ លុយ​ប្រឡង​សង​ទេ​នោះ​ សាលា​មិន​ដោះ​ ស្រាយ​ ឬ​ក៏​មិន​ចេញ​សញ្ញាបត្រ​ឱ្យ​និស្សិត​ នោះ​ឡើយ​ ។​ 

តំណាង​និស្សិត​បន្ដ​ទៀត​ថា​ ការ​តម្រូវ​ឱ្យ​បង់លុយ​ប្រឡង​សង​របស់​ សាកលវិទ្យាល័យ​អន្ដរជាតិ​ 9​ី​ូ​ប​ នេះ​ មិនមែន​ជា​រឿង​ថ្មី​សម្រាប់​សាកល​វិទ្យា​ ល័យ​នេះ​ទេ​ គឺ​បាន​កើត​ឡើងជា​យូរ​មក​ ហើយ​ ប៉ុន្ដែ​និស្សិត​ជំនាន់​មុនៗ​មិន​ហ៊ាន​ តវ៉ា​ពីព្រោះ​ពួក​គេ​បង់​តែ​ពី​៧០-៨០​ ដុល្លារ​ ។​ លើស​ពី​នេះ​ទៀត​ប្រសិនបើ​សិស្ស​ ណា​បង់​យឺត​ពេល​ត្រូវ​ពិន័យ​ជា​ប្រាក់​ក្នុង​ មួយ​ថ្ងៃ​ពី​១០​ទៅ​២០​ភាគរយ​នៃ​ប្រាក់​បង់​ ប្រចាំឆ្នាំ​ទៀត​ផង​ ។​ តំណាង​និស្សិត​បាន​ និយាយ​ទៀត​ថា​ ប្រសិនបើ​ខាង​សាលា​ មិន​មាន​វិធានការ​ ឬ​ដំណោះស្រាយ​អ្វី​ ជូន​ដល់​និស្សិត​យើងខ្ញុំ​ទេ​ ពួក​យើងខ្ញុំ​នឹង​ នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​សម្ដេច​តេ​ជោ​ ដើម្បី​រក​ការ​ជួយ​អន្ដរាគមន៍​ជាក់​ជា​ មិន​ខាន​ ។​

​ទាក់ទិន​នឹង​ការ​តវ៉ា​របស់​ក្រុម​និស្សិត​ ខាងលើ​នេះ​ បុគ្គលិក​សាកលវិទ្យាល័យ​ (IU)​ ម្នាក់​បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ ថា​ រឿង​នេះ​ថ្នាក់លើ​កំពុង​ដោះស្រាយ​ ហើយ​ បើ​ចង់​ដឹង​ច្បាស់​យ៉ាងណា​នោះ​ សូម​សួរ​ ទៅ​ការិយាល័យ​រដ្ឋបាល​ ។​

​លោក​ផ​ល្លី​ តំណាង​ការិយាល័យ​រដ្ឋ​ បាល​ នគរវត្ដ​បាន​ទូរស័ព្ទ​សុំ​ការ​ពន្យល់​ ក្នុង​រឿង​នេះ​ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែ​ កុម្ភៈ​ តែ​ទូរស័ព្ទ​រោ​ទិ៍​៣​ដង​គ្មាន​អ្នក​លើក​។​

​បន្ទាប់​ពី​ក្រុម​និស្សិត​បាន​តវ៉ា​មួយសន្ទុះ​ និង​មានការ​ពិភាក្សា​រវាង​និស្សិត​ នឹង​ ភាគី​សាលា​រួច​មក​ គឺ​នៅ​តែ​មិន​អាច​ រក​ដំណោះស្រាយ​ណាមួយ​សម្រាប់​និស្សិត​ អាច​ទទួលយក​បាន​ឡើយ​ ៕