
ម្ចាស់សាលាអន្ដរជាតិហ័រវតខេត្ដសៀមរាបបិទទ្វារវេចលុយរត់ចោលសិស្ស
ដោយ ៖ ជា ស្រស់ ថ្ងៃទី 25 កុម្ភះ 2012ម៉ោង 08:37:38
ខេត្ដសៀមរាប ៖ ក្រុមមាតាបិតានិង អាណាព្យាបាលសិស្សដែលបានបង់លុយ ឱ្យកូនក្មួយចូលរៀននៅសាលាឯកជន យីហោហ័រវត (HAWARD Interna tional College) បានសម្ដែងការភ្ញាក់ ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគេដឹកកូន ចៅមករៀន ។ តែពេលមកដល់ បែរជា ឃើញសាលារៀនបិទទ្វារ និងរើសម្ភារ ចេញអស់វិញ ។
ហេតុការណ៏ភ្ញាក់ផ្អើលនេះ កើតឡើង នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១២នៅមុខ សាលាអន្ដរជាតិហ័រវតស្ថិតតាមបណ្ដោយ ផ្លូវលោកតាណឺយ ក្នុងភូមិដកពោធិ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ។
ក្រុមអាណាព្យាបាលសិស្ស បានឱ្យដឹង ថា ពួកគាត់ហួសចិត្ដយ៉ាងខ្លាំងនៅពេល ដែលជូនកូនចៅមកសាលាដូចសព្វដង តែពេលមកដល់បែរជាឃើញសាលា បិទទ្វារ និងពុំឃើញមានបុគ្គលិកបម្រើ ការទៅវិញ ។ ពេលឃើញដូច្នោះពួក គាត់បានសាកសួរគ្នីគ្នាដែលជូនកូនចៅ មករៀនដែរនោះ បែរជាទទួលបានចម្លើយ គួរឱ្យខកចិត្ដទៅវិញ គឺយើងចាញ់បោក ម្ចាស់សាលា និងសាលាបិទទ្វារហើយ ។
ក្រុមអាណាព្យាបាលសិស្សនិយាយ ទៀតថា បានជាពួកគាត់ហ៊ានអះអាង ដូច្នេះ ព្រោះថាសាលាមិនបានជូនដំណឹង ពីការឈប់សម្រាកណាមួយនោះទេ ចំណែកឯសម្ភារការិយាល័យក៏ត្រូវ បានគេជញ្ជូនទៅអស់ដែរ ។ នៅសល់តែ រថយន្ដធុន១២កៅអីសម្រាប់ដឹកសិស្ស ៤គ្រឿងប៉ុណ្ណោះ ។ ប៉ុន្ដែរថយន្ដទាំង៤ គ្រឿងនោះត្រូវបានអ្នកបើកបរអះអាងថា ជារថយន្ដរបស់ពួកគាត់ ដោយខាងសាលា ជួលទាំងរថយន្ដជួលទាំងរូបពួកគាត់មក បំរើការទីនេះ ហើយសាលាក៏បានជំពាក់ ថ្លៃឈ្នួល២ខែមកហើយដែរ ។
បុរសឈ្មោះ ទី បិក អាយុ៤៥ឆ្នាំជា ម្ចាស់រថយន្ដនិងជាអ្នកបើកបររថយន្ដ ដឹកសិស្សបាននិយាយថា ពួកគាត់ត្រូវ សាលាជួលមកធ្វើការនៅទីនេះតម្លៃ ៣០០ដុល្លារក្នុងមួយខែ ហើយពេលនេះ ពួកគាត់ត្រូវសាលាជំពាក់ប្រាក់ខែក្នុង ម្នាក់ៗ២ខែហើយ ។ បុរសនោះបន្ដថា បើតាមដឹងសិស្សក្នុងសាលានេះមាន ជាង២០០នាក់ឯណោះ ។
បើទោះជាយ៉ាងនេះក្ដីពួកគាត់ពុំបាន ដឹងទេថា ការរត់ចោលសាលាពីសំណាក់ ថ្នាក់ដឹកនាំនេះកើតឡើងតាំងពីពេល ណាច្បាស់លាស់នោះឡើយ ពួកគាត់គ្រាន់ តែសន្និដ្ឋានថា ការរើយកសម្ភាររត់ ចេញពីសាលានេះទំនងជាពេលពាក់ កណ្ដាលអធ្រាត្រយប់ថ្ងៃទី២៣-២៤ខែកុម្ភៈ នេះតែម្ដង ។
លោកវ៉ាន់ វីរៈ អាណាព្យាបាលសិស្ស ដែលនាយកសាលាបិទទ្វារត់ចោល បាន និយាយថា កូនទាំងពីរនាក់របស់គាត់ ទើបតែចូលរៀនបានប៉ុន្មានខែប៉ុណ្ណោះ តែប្រាក់បានបង់ក្នុងពេញ១ឆ្នាំរួចទៅ ហើយ ដោយម្នាក់ៗត្រូវបង់ក្នុង១ឆ្នាំ៣៥០ ដុល្លារ ។ លោកបន្ដថា ការដែលគេបិទ ទ្វាររត់ចោលសិស្សយ៉ាងនេះ គឺជាការ បោកប្រាស់ទាំងស្រុង ។
សាលាបង្រៀនចំណេះទូទៅអន្ដរជាតិ ហ័រវត នេះត្រូវបានម្នាស់ផ្ទះជួលឱ្យដឹង ថា មាននាយកគ្រប់គ្រងឈ្មោះស៊ន់ ភក្ដី ដែលមានបើកបង្រៀនពីថ្នាក់មត្ដេយ្យ រហូតដល់ថ្នាក់ទី១២ ដោយមានបង្រៀន ភាសារអង់គ្លេស និងកុំព្យូទ័រផង ។
ស្ដ្រីជាម្ចាស់ផ្ទះដែលជួលឱ្យសាលារហ័រវតនេះ ឈ្មោះសេង សុផុន បាន និយាយថា ផ្ទះរបស់គាត់បានធ្វើកិច្ច សន្យាជួលឱ្យភាគីសាលានេះមានរយៈ ពេល៥ឆ្នាំ ដោយជួលតម្លៃ៦០០ដុល្លារ អាមេរិកក្នុង១ខែ ។ ស្ដ្រីរូបនេះបន្ដថា មុនពេលបិទទ្វាររត់ចោលសាលា គឺនាយក រូបនោះជំពាក់ថ្លៃឈ្នួលផ្ទះចំនួន២ខែទៀត ។
បន្ទាប់ពីមានហេតុការណ៍នេះគេឃើញ មានអាជ្ញាធរខេត្ដសៀមរាប បានចុះទៅ ដល់កន្លែងកើតហេតុ ដើម្បីចាត់វិធាន ការស្របច្បាប់សម្រាប់ការពារផល ប្រយោជន៍ដល់អាណាព្យាបាលសិស្សដែល រងគ្រោះ ។ ជាមួយគ្នានេះដែរក្រុម អាណាព្យាបាលសិស្សក៏បានដាក់ពាក្យ បណ្ដឹងនៅការិយាល័យនគរបាលព្រហ្ម ទណ្ឌកំរិតស្រាលខេត្ដសៀមរាប និងទៅ មន្ទីរអប់រំខេត្ដ ដើម្បីសុំឱ្យកូនពួកគាត់ បានចូលរៀននៅសាលារដ្ឋវិញ ។
ទាក់ទិនករណីនេះប្រធានមន្ទីរអប់រំខេត្ដ សៀមរាប លោក អ៊ុង សិរីឌី បានប្រាប់ តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ខែកុម្ភៈ ថា រឿងនេះលោកពុំទាន់ដឹងទេ តែលោក នឹងឱ្យមន្ដ្រីចុះទៅមើល ។ លោកបន្ដថា កន្លងមកនៅក្នុងខេត្ដសៀមរាបពុំទាន់ មានសាលាឯកជនណាមួយបិទទ្វាររត់ ចោលសិស្សនោះទេគឺទើបតែមានមួយ នេះប៉ុណ្ណោះ ។
លោកប្រធានមន្ទីរអប់រំបន្ដថា ចំពោះ ថាសិស្សទាំងនោះ បើគ្មានលទ្ធភាពចូល រៀនក្នុងសាលាឯកជនទៀតទេ គឺអាច ចូលរៀននៅសាលារដ្ឋវិញបាន តែត្រូវរក្សា ឯកសារពាក់ពន្ធ័ផ្សេងៗឱ្យបានត្រឹមត្រូវ ។
ជាមួយការបិទទ្វាររត់ចោលសិស្ស របស់សាលាអន្ដរជាតិហ្វ័រវតនេះខ្លះ និយាយថា មកពីក្ស័យធន ឯខ្លះទៀត និយាយថា មិនមែនមកពីក្ស័យធនទេ គឺជាការរៀបចំគម្រោងបោកប្រាស់តែម្ដង ។
តាមប្រភពព័ត៌មានមួយចំនួនដែលសុំមិនបញ្ចេញអត្ដសញ្ញាណបានឱ្យដឹង ថា បុរសឈ្មោះ ស៊ន់ ភក្ដី នេះមានឈ្មោះ ល្បីខាងបោកនៅរាជធានីភ្នំពេញជាយូរ យារណាស់មកហើយ ដោយប្រើរូបភាព បើកសាលាបង្រៀនដូចគ្នា ក្នុងនោះក៏ធ្លាប់ បើករហូតដល់ទៅសាកលវិទ្យាល័យផងដែរ ៕
