ចិន​គ្រោង​សាងសង់​រោងចក្រ​ផលិត​​ប្រេង​អេតាណុល​ធំ​មួយ​​នៅ​ក្នុង​ខេត្ត​ជាយ​ដែន​ខ្មែរ​ថៃ

ដោយ​ ៖ កាំង សុធា ថ្ងៃទី 25 កុម្ភះ 2012ម៉ោង 15:48:31

​បើ​មិន​មានការ​ប្រែប្រួល​ទេ​រោងចក្រ​ផលិត​ប្រេង​អេតាណុល​នឹង​ប្រាកដ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​បន្ទាយ​មាន​ជ័យ​ក្នុង​ឆ្នាំ​២០១២​ ។​ នេះ​យោងសេចក្ដី​សម្អាង​របស់​លោក​អភិបាលខេត្ដ​ដែល​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​ពេល​កន្លង​នេះ​ថា​ អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​​រួម​ជាមួយ​អ្នក​វិនិយោគ​ក្នុងស្រុក​ មាន​គម្រោង​សាង​សង់រោង​ចក្រ​ផលិត​ប្រេង​អេតាណុល​មួយ​នៅ​ខេត្ដ​ខាងលើ​ ដោយ​វត្ថុធាតុដើម​របស់​វា​គឺជា​មើមដំឡូង​។

​លោក​អភិបាលខេត្ដ​បាន​បង្ហើប​ថា​ រោង​ចក្រ​នេះ​នឹង​អាច​អូស​ទាញ​កម្លាំង​ពលកម្ម​មនុស្ស​ចំនួន​ប្រមាណ​ជាង​២​ពាន់​នាក់​ និង​អាច​ជួយ​លើក​ស្ទួយ​ដល់​តម្លៃ​កសិផល​ក្នុង​ប្រ​ទេស​កម្ពុ​ជាមួយ​កម្រិត​ថែម​ទៀត​ ។​ ​លោក​ អ៊ុ​ង​ អឿ​ន​ អភិបាលខេត្ដ​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា​ រោងចក្រ​ផលិត​ប្រេង​អេតាណុល​របស់​ក្រុមហ៊ុន​ចិន​នេះ​នឹង​ចាប់​ដំណើរការ​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០១២​ ។​ រោងចក្រ​នេះ​ត្រូវ​បោះទីតាំង​នៅ​ស្រុក​ថ្មពួក​ដែល​ជា​ស្រុក​មួយ​មាន​សក្ដា​នុ​ពល​ខាង​វិស័យ​កសិកម្ម​របស់​ខេត្ដ​បន្ទាយ​មាន​ជ័យ​ ជា​ពិសេស​លើ​ដំណាំ​ដំឡូង​មី​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​នាំ​គ្នា​ដាំ​ច្រើន​ជា​រៀង​រាល់​ឆ្នាំ​ ។​

​លោក​ អ៊ុ​ង​ អឿ​ន ​បាន​មាន​ប្រសាសន៍​ដូ​ច្នេះ​ថាៈ​ “​កន្លង​មក​ពេល​ដាំ​ហើយ​ឱ្យ​តម្លៃ​ស្រេច​តែ​ចិត្ដ​ឈ្មួញ​ ជា​ពិសេស​លក់​ឱ្យ​ស្រុក​ថៃ​ បិទ​បើកៗ​អ៊ីចឹង​ទៅ​មានការ​ពិបាក ​។​ ដូច្នេះ​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ខេត្ដ​មាន​សេចក្ដី​សោមនស្ស​ចំពោះ​ការ​បង្កើត​រោងចក្រ​អេ​តា​ណុ​ល​របស់​ក្រុមហ៊ុន​ចិន​នៅ​ក្នុងស្រុក​ថ្មពួក​ ខេត្ដបន្ទាយមានជ័យ​”​ ។​

លោក​អភិបាលខេត្ដ​បន្ដ​ថា​ នៅ​ពេល​រោងចក្រ​នេះ​ចាប់ផ្ដើម​ដំណើរការ​ ប្រជា​កសិករ​ខ្មែរ​អាច​នាំ​កសិផល​របស់​ខ្លួន​ទៅ​លក់​ឱ្យ​ក្រុម​ ហ៊ុន​ផ្ទាល់​ ដោយ​ពុំ​ចាំបាច់​ដឹក​យក​ទៅ​លក់​នៅ​ស្រុក​ថៃ​ដូច​មុន​ទៀត​ទេ ​។​ រោងចក្រ​ក្រុមហ៊ុន​ចិន​នេះ​ត្រូវការ​ដំឡូង​មី​រាប់​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ​ ។​ ក្រុមហ៊ុន​ចិន​នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ទំហំ​៦​ពាន់​ហិ​កតារ​រួចរាល់​ហើយ​ ។​

​ជំហាន​ដំបូង​ក្រុមហ៊ុន​នេះ​ត្រូវការ​ដី​ទំហំ​២​ពាន់​ហិ​កតា​ ដើម្បី​ដាំដំឡូង​មី​សម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​របស់​រោងចក្រ ​។​

​លោក​ អ៊ុ​ង​ អឿ​ន​ បន្ថែម​ “​ឥឡូវ​ពួក​គេ​កំពុង​គូរ​ប្លង់​នៅ​ស្រុក​ចិន​ ហើយ​យក​មក​ឆ្លង​ក្រសួង​ឧស្សាហកម្ម​យ៉ាងតិច​ក៏​មាន​២​ពាន់​ហិ​កតា​ដើម្បី​បម្រើ​សេចក្ដី​ត្រូវការ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​របស់​រោងចក្រ​គាត់​ ។​ ក្រៅពី​នោះ​គឺ​ការ​ប្រមូល​ទិញ​ពី​ប្រជាជន​ប៉ុន្មាន​ក៏​បាន​ដែរ​ឱ្យ​តែប្រជាជន​លក់​ឱ្យ​គាត់​ព្រោះ​គាត់​ត្រូវការ​ច្រើន​” ​។​

​ប្រភព​បាន​បន្ដ​ថា​ ក្រុមហ៊ុន​ចិន​នេះ​បាន​ផ្ទេរ​មូលធន​សម្រាប់​សាងសង់​រោងចក្រ​ផលិត​ប្រេង​អេតាណុល​ចូល​មក​ធនាគារ​ស្រុក​ខ្មែរ​រួច​រាល់​​ ។​ ក្រុមហ៊ុន​នេះ​នឹង​ចាប់ផ្ដើម​សាង​សង់រោង​ចក្រ​នៅ​ក្នុង​អំឡុង​ខែ​មីនា​ ឆ្នាំ​២០១២​ ដែល​អាច​រួចរាល់​ជា​ស្ថាពរ​នៅ​ចុង​ខែធ្នូ​ ឆ្នាំ​២០១២​ ។​ គម្រោង​សាងសង់​រោង​ចក្រ​របស់​វិនិយោគិន​ចិន​នេះ​ត្រូវ​បាន​គេ​មាន​ជំនឿ​ថា​អាច​ជួយ​ទប់ស្កាត់​លំហូរ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​មួយ​ផ្នែក​ធំ ​។​

​អាជ្ញាធរ​ខេត្ដបន្ទាយមានជ័យ​បាន​អះអាង​ថា​ ដីចំការ​ដំឡូង​មី​ក្នុង​១​ហិ​កតា​ ក្រុមហ៊ុន​ត្រូវការ​ប្រើ​កម្លាំង​កម្មករ​ថែទាំ​ចំនួន​២​នាក់​ ដែល​ផ្ទៃដី​ដាំដំឡូង​មី​របស់​ក្រុមហ៊ុន​មាន​ជិត​៦​ពាន់​ហិ​កតា​ ហើយ​អាច​ត្រូវការ​កម្មករ​សរុប​ប្រមាណ​១.២០០​នាក់​ ។​ ចំនួន​កម្មករ​នេះ​គឺ​សម្រាប់​មើលថែ​ទាំ​ចំការ​ដំឡូង​មី​ដោយ​ផ្ទាល់​ ចំណែកឯ​កម្មករ​ធ្វើការ​ក្នុង​រោងចក្រ​អាច​មាន​ចំនួន​កើនឡើង​រហូត​ពី​១.៥០០​ ទៅ​ ២.០០០​នាក់​ ។​

​កាលពី​ឆ្នាំ​២០១០​កន្លង​ទៅ​ ខេត្ដ​បន្ទាយ​មាន​ជ័យ​បាន​ដាំដំឡូង​មី​លើ​ផ្ទៃ​ចំនួន​២៥០០០​ហិ​កតា​ ហើយ​នៅ​ឆ្នាំ​២០១១​នេះ​អាជ្ញាធរ​ខេត្ដ​ឱ្យ​ដឹង​ថា​ ប្រជា​កសិករ​នាំ​គ្នា​ដាំដំឡូង​រហូត​ទៅ​៤​ម៉ឺន​២​ពាន់​ហិ​កតា​ ។​ ទំហំ​ផ្ទៃដី​នេះ​អាច​ធ្វើ​ឱ្យ​គេ​ប្រមូល​ផល​ដំឡូង​មី​បាន​យ៉ាង​តិច​ចំនួន​ ១​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ​ ។​

​កសិផល​ដំឡូង​មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ប្រជា​កសិករ​នាំ​គ្នា​ដឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​នៅ​ក្នុង​ប្រទេស​ថៃ ​។​ ឈ្មួញ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ទម្លាក់​តម្លៃ​ដំឡូង​មី​របស់​ខ្មែរ​រាល់​រដូវ​ប្រមូល​ផល​ម្ដងៗ​ ។​ ការ​ដែល​ឈ្មួញ​នៅ​ក្នុង​ប្រទេស​ថៃ​ទម្លាក់​តម្លៃ​កសិផល​ខ្មែរ​ដូច​នេះ​ដោយសារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពុំ​ទាន់​មាន​រោងចក្រ​កែ​ច្នៃ ​។​

​ប្រទេស​កម្ពុជា​មាន​រោងចក្រ​ផលិត​ប្រេង​អេតាណុល​មួយ​នៅ​ខេត្ដកណ្ដាល​ ជាយ​រាជ​ធានី​ភ្នំពេញ​ ។​ ក្រៅពី​នេះ​នៅ​តាម​ខេត្ដ​មួយ​ ចំនួន​ដូច​ជា​ ខេត្ដ​ប៉ៃលិន​ ខេត្ដបាត់ដំបង​ មាន​តែ​រោងចក្រ​ស​ម្ងួ​ត​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ក្រៅ​ ។​ រោងចក្រ​ផលិត​ប្រេង​ អេតាណុល​នៅ​ក្នុង​ខេត្ដបន្ទាយមានជ័យ​នេះ​ អាច​ទាញ​ផល​ដំឡូង​មី​នៅ​ក្នុង​ខេត្ដបាត់ដំបង​ និង​ខេត្ដ​ប៉ៃលិន​ ផង​ដែរ ៕