ស្ថានភាព​អគ្គិសនី​នៅ​​កម្ពុជា​​បច្ចុប្បន្ន​​និង​​អនាគត​

ដោយ​ ៖ នគរវត្ត ថ្ងៃទី 25 កុម្ភះ 2012ម៉ោង 16:06:45

មន្ដ្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​បាន​ប្រាប់​កាសែត​​ក្នុងស្រុក​ឱ្យ​ដឹង​ថា​ ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​តាម​គេហដ្ឋាន​មាន​បរិមាណ​ច្រើន​ជាង​ បើ​ធៀប​នឹង​ស្ថាប័ន​ឬ​កន្លែង​​ផ្សេង​ទៀត​ ។​ លោក​ តូច​ សុ​វ​ណ្ណា​ ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​ថាមពល​នៃ​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​បានឱ្យ​ដឹង​​ថា​ បច្ចុប្បន្ន​កម្ពុជា​មាន​ថាមពល​អគ្គិសនី​សរុប​ប្រមាណ​៥០០មេ​ហ្គា​វ៉ា​ត់​ ដែល​រួម​ទាំង​បណ្ដាញ​របស់​រដ្ឋ​ បណ្ដាញ​ឯកជន​ និង​ការ​​ប្រើប្រាស់​ជា​ប្រតិបត្ដិ​ឯកជន​ ។​ លោក​បន្ដ​ថា​ ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​តាម​គេហដ្ឋាន​មាន​រហូត​ដល់​៤១​ភាគរយ​នៃ​ថាមពល​​សរុប​ ។​ ក្រៅពី​នោះ​ ២២​ភាគរយ​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​ ជាង​៣០​ភាគរយ​ប្រើប្រាស់​នៅ​លើ​វិស័យ​ផ្សេងៗ​ និង​ប្រមាណ​៨​ភាគ​​រយ​ប្រើប្រាស់​នៅ​តាម​ការិយាល័យ​រដ្ឋបាល​របស់​រដ្ឋ​ ។​ លោក​ក៏​បាន​​ថ្លែង​ថា​ នៅ​ក្នុង​ចំណោម​ថាមពល​ខាងលើ​ ប្រទេស​កម្ពុជា​បាន​ទិញ​​ថាមពល​អគ្គិសនី​៤២​ភាគរយ​ពី​ប្រទេស​ជិតខាង​ ពោល​គឺ​វៀតណាម​ ឡាវ​ និង​ថៃ​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ខ្ពស់​នៅ​ក្ន្នុ​ង​ប្រទេស​ ចំ​ណែ​ក​នៅ​​សល់​គឺ​កម្ពុជា​ផលិត​ដោយ​ខ្លួនឯង​ ។​ កម្ពុជា​បាន​បើក​ដំណើរការ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ​​ Sinohydro រយៈពេល​៤០​ឆ្នាំ​ មុន​នឹង​ប្រគល់​ឱ្យ​កម្ពុជា​គ្រប់គ្រង​ ។​ ទំនប់​វា​រី​អគ្គិសនី​នេះ​អាច​ផលិត​ថាមពល​អគ្គិសនី​រហូត​ដល់​ចំនួន​១៩៤​មេ​ហ្កា​វ៉ា​ត់​ ក្រោម​ទឹកប្រាក់​វិនិយោគ​២៨០​លាន​ដុល្លារ ​។​ អភិ​​បាល​ខេត្ដកំពត​ លោក​ ខូ​យ​ ឃុន​ហួរ​ បាន​និយាយ​ថា​ ក្នុង​ចំណោម​កម្លាំង​ថាមពល​អគ្គិសនី​១៩៣​មេ​ហ្កា​វ៉ា​ត់​ របស់​ភ្នំ​កំចាយ​ មាន​១៨០មេ​ហា្ក​វ៉ា​ត​ នឹង​ផ្គត់ផ្គង់​មក​ខេត្ដតាកែវ​ និង​ភ្នំពេញ​ ហើយ​ជាង​១០មេ​ហ្កា​វ៉ា​ត់​នឹង​ផ្គត់ផ្គង់​នៅ​ខេត្ដកំពត​ និង​ខេត្ដ​ព្រះ​សីហ​នុ​ ។​ ដូច្នេះ​កម្ពុជា​នឹង​មាន​ថាមពល​អគ្គិសនី​បន្ថែម​ពីលើ​ថាមពល​ដែល​មាន​​ស្រាប់​ចំនួន​៥០០​មេ​ហ្កា​វ៉ា​ត់​នា​ពេល​បច្ចុប្បន្ន​នេះ​ ។​ តាម​លោក​ តូច​ សុ​វ​ណ្ណា​ និយាយ​ថា​ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០២០​ ដល់​២០២៥​ កម្ពុជា​​ត្រូវការ​ថាមពល​អគ្គិសនី​រហូត​ដល់​៣០០០​មេ​ហ្កា​វ៉ា​ត់​ ។​

​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ លោក​ សាត​ សាមី​ បាន​និយាយ​ថា​ នៅ​ពេល​បច្ចុប្បន្ន​អគ្គិសនី​របស់​រដ្ឋ​ផ្គត់ផ្គង់​បាន​ជិត​៣០​ភាគរយ​នៅ​ទីក្រុង​ ហើយ​ការ​បញ្ជូន​នៅ​ជនបទ​បាន​ជិត​៥០​ភាគ​​រយ​ ។​ រហូត​ដល់​ឆ្នាំ​២០២០​ បណ្ដាញ​ភ្លើងអគ្គិសនី​របស់​រដ្ឋ​អាច​ផ្គត់​​ផ្គង់​យ៉ាង​ហោច​ណាស់​ក៏​បាន​៧០​ភាគរយ​តាម​ផ្ទះ​នៅ​ទូ​ទាំង​ប្រទេស​​ដែរ​ ។​ លោក​បន្ដ​ថា​​ “​ដំបូង​បំផុត​ យើ​ងផលិត​វា​រី​អគ្គិសនី​គឺ​យើង​​ផ្គត់ផ្គង់​នៅ​ទីប្រជុំជន​ ។​ កន្លែង​ណា​ភ្លើង​រដ្ឋ​ទៅ​ដល់​ កន្លែង​នោះ​មាន​តម្លៃ​ថោក​ជាងភ្លើង​ឯកជន​”​។​ បច្ចុប្បន្ន​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​គឺជា​ឧ​ប​​សគ្គ​ ជា​ពិសេស​សម្រាប់​វិស័យ​ផលិត​ ដែល​ធ្វើ​ឱ្យ​ទំនិញ​កម្ពុជា​មិន​​ទាន់​មាន​ភាព​ប្រកួតប្រជែង​ ។​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​វេទិកា​រដ្ឋាភិបាល​​និង​វិស័យ​ឯកជន​កាលពី​ចុងខែ​វិ​ច្ឆ​កា​ថា​ រាជរដ្ឋាភិបាល​បាន​រៀបចំ​ផ្ដល់​​ថវិកា​៨០​លាន​ដុល្លារ​ ជា​ឥណទាន​ឥត​ការ​ប្រាក់​ដល់​អគ្គិសនី​កម្ពុជា​យក​ទៅ​វិនិយោគ​លើ​ការ​ស្ថាបនា​បណ្ដាញ​បញ្ជូន​រង​ដើម្បី​ពង្រឹង​វិសាលភាព​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ជូន​ប្រជាជន​បាន​ប្រើប្រាស់​កាន់តែ​ច្រើន​ផង​ ។​ បើ​ទោះបី​យ៉ាងនេះ​ក្ដី​ លោក​ សាត​ សាមី​ ឱ្យ​ដឹង​ថា​ កម្ពុជា​ត្រូវការ​​ប្រាក់​រាប់រយ​លាន​ដុល្លារ​បន្ថែម​ទៀត​ ដើម្បី​ពង្រីក​បណ្ដាញ​ ដោយ​លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​ក្រសួង​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ដូច​ជា​​ ជប៉ុន​ កូរ៉េ​ បារាំង​ ។​ រដ្ឋលេខាធិការ​រូប​នេះ​បាន​បន្ដ​ទៀត​ថា​​ “​ប្រទេស​គេ​មួយ​ចំនួន​ ភ្លើង​មាន​ដល់​ជនបទ​ ដូចនេះ​វា​ជួយ​ច្រើន​”​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​មក​ដល់​ពេល​នេះ​បាន​កសាង​និង​មាន​គម្រោង​ផលិត​​អគ្គិសនី​ឱ្យ​បាន​២,០០០​មេ​ហ្កា​វ៉ា​ត់​ដែល​ក្នុង​នោះ​មាន​ទី​១​ វា​រី​អគ្គិសនី​គិរី​រម្យ​១​ មាន​អនុភាព​១២​មេ​ហ្កា​វ៉ា​ត់​ បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០០២ ​។​ ទី​២ វា​រី​អគ្គិសនី​កំចាយ​ មាន​អនុភាព​១៩៣.២​មេ​ហ្កា​វ៉ា​ត់​ ។​ ទី​៣ វា​រី​​អគ្គិសនី​គិរី​រម្យ​៣​ មាន​អានុភាព​១៨​មេ​ហ្កា​វ៉ា​ត់​ គ្រោង​ដាក់​ដំណើរការ​នៅ​​ខែមេសា​ ឆ្នាំ​២០១២​ ។​ ទី​៤​ វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ​ អានុភាព​១២០​មេ​​ហ្កា​វ៉ា​ត់​ គ្រោង​ដាក់​ដំណើរការ​ចុងឆ្នាំ​២០១៣​ ។​ ទី​៥ ​វា​រី​អគ្គិសនី​ស្ទឹង​តា​​តៃ​ អានុភាព​២៤៦​មេ​ហ្កា​វ៉ា​ត់​ គ្រោង​ដាក់​ដំណើរការ​នៅ​ឆ្នាំ​២០១៤ ​។​ ទី​៦​ ​វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ​ក្រោម​ អានុភាព​៣៣៨​មេ​ហ្កា​វ៉ា​ត់​ គ្រោង​ដាក់​ឱ្យ​ដំណើរ​​ការ​នៅ​ឆ្នាំ​២០១៥​ ។​ ទី​៧ រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម​ទី​១​ ដំណាក់កាល​ទី​១​ អានុភាព​១០០​មេ​ហ្កា​វ៉ា​ត់​ គ្រោង​ដាក់​ដំណើរការ​ចុងឆ្នាំ​២០១៣​ និង​ដំ​​ណា​ក់​កាល​ទី​២​ អានុភាព​១៣៥​មេ​ហ្កា​វ៉ា​ត់​ គ្រោង​ដាក់​ដំណើរការ​នៅ​ឆ្នាំ​២០១៦​ និង​ទី​៨ រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម​ទី​២​ ដំណាក់កាល​ទី​១​ អា​នុ​ភាព​២៧០​មេ​ហ្កា​វ៉ា​ត់​ គ្រោង​ដាក់​ដំណើរការ​នៅ​ឆ្នាំ​២០១៤​ និង​មាន​គម្រោង​​ផលិតកម្ម​អគ្គិសនី​ជា​ច្រើន​ទៀត​កំពុង​សិក្សា​និង​ពិភាក្សា​ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍​ជា​បន្ដបន្ទាប់​ ៕