
ទារកមិនប្រក្រតីកើតផ្ទួនៗនៅខេត្ត៣
នៅក្នុងសបា្ដហ៍ចុងខែវិច្ឆិកា ឆ្នាំ២០១១ មានទារក៣បានកើតមកមិនគ្រប់លក្ខណៈផ្ទួនៗគ្នាក្នុងត្រកូលគ្រួសារកសិករក្នុងខេត្ដផ្សេងគ្នា។
- នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ ទារក១រូបបានកើតមកមានលក្ខណៈក្បាលធំប្លែកខុសពីទារកឯទៀត និងមានម្រាមដៃ និងជើងរហូតដល់ទៅ២៣ កើតនៅក្នុងគ្រួសារក្រីក្រមួយនៅឯមន្ទីរពេទ្យបង្អែកខេត្ដកំពង់ឆ្នាំង ។ ទារកនេះបានកើតមកដោយក្រុមវេជ្ជបណ្ឌិតធ្វើការវះកាត់ពីផ្ទៃរបស់ម្ដាយ ។
អ្នកស្រី ហួន សុខហួយ អាយុ២៤ឆ្នាំ និងលោក សន ធី អាយុ២៩ឆ្នាំ រស់នៅភូមិចំបក់ប្រសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ជាឪពុកម្ដាយទារកមានម្រាមជើងម្រាមដៃចំនួន២៣ បានឱ្យដឹងថា កូនគាត់ដែលកើតមកខុសប្លែកពីទារកឯទៀត ព្រោះពពោះបានត្រឹមតែ៧ខែ១០ថ្ងៃប៉ុណ្ណោះ ។ លោក សន ធី បានបន្ដទៀតថា កូនគាត់ដែលកើតមកមានក្បាលធំ ម្រាម២៣ ជាកូនទី៤ ក្នុងគ្រួសារ ប៉ុន្ដែខុសប្លែកពីកូនមុនៗដែលមានលក្ខណៈគ្រប់គ្រាន់ដូចក្មេងឯទៀត តែកូនក្រោយនេះប្រពន្ធគាត់ឈឺពោះឆ្លងទន្លេត្រឹមតែរយៈពេលនៃការពពោះ៧ខែ១០ថ្ងៃប៉ុណ្ណោះ ។ លោកបានបន្ដថា កាលពីកូនមុនៗបានកើតនៅត្រឹមមណ្ឌលសុខភាពស្រុក ប៉ុន្ដែសម្រាប់កូនទី៤នេះ គាត់ចាំបាច់ត្រូវតែបញ្ជូនមកឆ្លងទន្លេនៅមន្ទីរពេទ្យខេត្ដ ព្រោះវាបានធ្វើទុក្ខខុសប្លែកពីកូនមុនៗ ។
លោក សន ធី ឪពុកទារកបានឱ្យដឹងថា ទារកមានម្រាមដៃឆ្វេងចំនួន៦ ម្រាមដៃខាងស្ដាំ៥ ម្រាមជើងឆ្វេងស្ដាំម្ខាង៦ ។ ពេទ្យឆ្មបបានឱ្យដឹងដែរថា ទារកកើតមកមិនគ្រប់ខែហើយមានក្បាលធំ ម្រាមដៃម្រាមជើងលើសទារកដទៃនេះ មានសុខភាពដូចជាទារកឯទៀត ហើយពេលនេះកំពុងដាក់ចិញ្ចឹមក្នុងកែវបញ្ចូលអុកស៊ីសែន ។
- សូមបញ្ជាក់ថា ទារកកើតមកមានកាយសម្បទាខុសប្លែកពីទារកឯទៀតនោះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១ ក៏កើតមាននៅឯខេត្ដកំពតដែរ គឺទារិកា១រូបកើតមកមានសំណុំខួរក្បាល តែគ្មានលលាដ៍ក្បាលគ្របខួរទេ ហើយក្រុមគ្រូពេទ្យក៏បានវះកាត់បង្កើតដូចជាទារកក្បាលធំ ម្រាម២៣ដែរ ។ ក្រោយកើត ក្រុមគ្រូពេទ្យបានឱ្យដឹងថា ទារកមានសុខភាពធម្មតាបើកភ្នែករវាសដៃរវាសជើងដូចទារកឯទៀត ទាស់ត្រង់ពុំមានលលាដ៍ក្បាលរឹងគ្របពីលើខួរក្បាលរបស់គេ។
លោកវេជ្ជបណ្ឌិតដែលជួយសង្គ្រោះម្ដាយទារិកាពេលប្រសូតដោយវះកាត់បានឱ្យដឹងថា ទារិកានេះក្រោយពីវះកាត់ គឺគេបានបៅទឹកដោះគោជាធម្មតា ហើយប្រសិនបើទៅថ្ងៃខាងមុខក្រុមគ្រួសាថែរក្សាដោយប្រយ័ត្នប្រយែងនៅលើគម្របខួរក្បាលមានសាច់ទន់ៗគេក៏អាចរស់រានមានជីវិតដូចទារិកាឯទៀតដែរ ។
លោក យន់ សុផា អាយុ២៧ឆ្នាំ ត្រូវជាឪពុករបស់ទារិការស់នៅភូមិព្រៃសំណាងក្រោម ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្ដកំពត បានមានប្រសាសន៍ថា ទារិកាដែលកើតមកនេះគឺជាកូនទី២ ហើយកូនស្រីទី១ អាយុ៣ឆ្នាំ មានលក្ខណៈដូចជាក្មេងស្រីឯទៀតដែរ ។ លោកបានបន្ដទៀតថា ប្រពន្ធរបស់គាត់ឈ្មោះ លឿត ឡា អាយុ២៨ឆ្នាំ មិនអាចសម្រាលនៅឯស្រុកកំណើតដោយឆ្មបធម្មតាបានទេ ព្រោះប្រពន្ធរបស់គាត់បានឈឺពោះអស់រយៈពេល២ថ្ងៃគិតមកដល់ថ្ងៃសម្រាល ទើបគាត់សម្រេចចិត្ដបញ្ជូនមកសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្ដ ។ លោកបានបញ្ជាក់ថា ប្រពន្ធរបស់គាត់ឈឺពោះជាច្រើនម៉ោង ហើយឆ្មបនៅឯស្រុកកំណើតមិនអាចជួយបង្កើតបានទើបឆ្មបនៅទីនោះជំរុញឱ្យលោកបញ្ជូនមកមន្ទីរពេទ្យខេត្ដតែម្ដង ។
- ដោយឡែកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ នៅភូមិព្រៃមូល ឃុំព្រៃទទឹង ស្រុកមេសាង ខេត្ដព្រៃវែង កូនភ្លោះចម្លែកកើតមកទ្រូងជាប់គ្នា ក៏បានប្រសូតនៅក្នុងត្រកូលកសិករផងដែរ ។ ក្រោយពីទារកកើតមកទ្រូងជាប់គ្នា លោក អាន ឃន់ អាយុ២៥ឆ្នាំ និងអ្នកស្រី បោ្លក រ៉ាំ អាយុ ២៨ឆ្នាំ ត្រូវជាឪពុកម្ដាយទារក ក៏បានប្រញាប់ប្រញាល់ស្វែងរកកិច្ចអន្ដរាគមន៍បញ្ជូនកូនរបស់គាត់មករកក្រុមវេជ្ជបណ្ឌិតជំនាញវះកាត់បំបែកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។
មិនមានការបញ្ជាក់អំពីករណីនាំឱ្យទារិកាកើតមកមានខួរក្បាលតែគ្មានលលាដ៍ក្បាលយ៉ាងណានោះទេ ក៏ប៉ុន្ដែបើយោងតាមអ្នក វិទ្យាសាស្ដ្រផ្នែកពេទ្យបានអះអាងថា ទារកដែលកើតមកបែបនេះអាចបណ្ដាលមកពីស្ដ្រីជាម្ដាយពេលមានគភ៌បានប្រើប្រាស់ឱសថ មិនត្រឹមត្រូវទើបធ្វើឱ្យទារកកើតមកមិនគ្រប់អវយវៈឬកាយសម្បទាមិនគ្រប់លក្ខណៈដូចមនុស្សទូទៅ ៕
