
កូនគោចម្លែកកើតមកមានស្រកាដូចក្រពើ
ដោយ ៖ យឹម សុថាន ថ្ងៃទី 27 កុម្ភះ 2012ម៉ោង 13:02:36
ប្រជាពលរដ្ឋមានទីលំនៅនៅភូមិសាលារៀនជាច្រើនគ្រួសារមានការភ្ញាក់ផ្អើល និងចោមរោមមើលកូនគោឈ្មោល១ក្បាល ខុសប្លែកពីកូនគោដទៃទៀត ខណៈដែលកើតមកមានស្រកា ហើយស្រកានោះមានសណ្ឋានដូចសត្វក្រពើ ។
ស្ដ្រីឈ្មោះ សុខ វណ្ណា អាយុ៤២ឆ្នាំ ដែលត្រូវជាម្ចាស់គោចម្លែករស់នៅក្នុងភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង បានឱ្យនគរវត្ដដឹងថា កូនគោចម្លែកនេះបានកើតកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១១ ក្នុងក្រោលក្បែរផ្ទះ ។ ក្រោយពេលបង្កើតកូនរួច មេគោបានផ្អើលយ៉ាងខ្លាំងស្ទុះកញ្ជ្រោលពេញក្រោលរហូតដល់ដាច់ខ្សែកន្លុះ បោលចេញពីក្នុងក្រោលយ៉ាងលឿនស្លេវដូចជាវាឃើញខ្មោច ឬវត្ថុចម្លែក ទៅសំងំនៅក្រោយគុម្ពចេកយ៉ាងត្រហេបត្រហប បណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់រូបគាត់និងក្រុមគ្រួសារទាំងអស់គ្នា ។
ស្ដ្រីឈ្មោះ សុខ វណ្ណា បន្ដទៀតថា ខណៈនោះប្ដីគាត់បានលើកកូនគោដែលមានស្បែកមានសណ្ឋានដូចស្រកាសត្វក្រពើមកក្រៅមើល ស្រាប់តែមានការភ្ញាក់ផ្អើលនិងងឿងឆ្ងល់ជាខ្លាំងគ្រាដែលកូនគោ១ក្បាលនេះមានលក្ខណៈស្ងួត មានស្រកាពុំមានសំណើមប្រឡាក់ឈាមទឹកភ្លោះឡើយ ។ ខណៈនោះប្ដីរបស់គាត់បានដាក់កូនគោឱ្យវាឈរ រួចបានស្រែកហៅក្រុមគ្រួសារបើកភ្លើងមើលកូនគោឈ្មោល១ក្បាលដែលមានលក្ខណៈខុសប្លែកពីកូនគោធម្មតាមានពណ៌ខ្មៅ ភ្នែកខ្មៅក្រឹប ។ ក្រោយកើតបានរយៈពេលជាង២ម៉ោង ស្រាប់តែត្រូវខ្យល់ធ្វើឱ្យស្ងួតស្រកា បណ្ដាលឱ្យកូនគោនោះចាប់ផ្ដើមទន់ខ្លួនដេកល្ហិតល្ហៃ គ្រានោះរូបគាត់បានហៅប្ដីទៅចាប់មេគោទាញយកឱ្យកូនគោបៅ ប៉ុន្ដែមេគោវាផ្អើលទៅក្បែរមិនបានឡើយ ។ រហូតដល់ម៉ោង១១ព្រឹក ស្រាប់តែកូនគោឈ្មោលចម្លែកនោះដេកងើបលែងរួច ហើយស្រការបស់វាចេះតែក្រៀមបែកក្រហែងតាំងពីក្បាលរហូតដល់កន្ទុយនិងជើងទាំង៤ត្រឹមជង្គង់ ប៉ុន្ដែត្រឹមជង្គង់ចុះទៅក្រោមមានសណ្ឋានដូចគោធម្មតា ។
ស្ដ្រីម្ចាស់គោបន្ដទៀតថា លុះវេលាម៉ោង១២ថ្ងៃត្រង់ រូបគាត់និងប្ដីក៏បានសាកល្បងយកទឹកមកលាបលើស្រកាកូនគោ មួយសន្ទុះក្រោយមកស្រាប់តែវាមានកម្លាំងឡើងវិញ ឃើញដូច្នេះរូបគាត់ក៏បានទាញយកក្រមាជ្រលក់ទឹកយកមករុំ រួចបញ្ចុកទឹកដោះគោឱ្យវាបៅ រហូតមកដល់ម៉ោង១៤រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១១ នេះ ទើបកូនគោ១ក្បាលនេះមានកម្លាំងដូចធម្មតាឡើងវិញ ប៉ុន្ដែវាមិនអាចឈរបាននៅឡើយទេ ហើយក៏បន្ដឱ្យវានៅដេកត្រាំក្រមាជ្រលក់ទឹកឱ្យសើមដដែល។
គួរបញ្ជាក់ផងដែរថា កូនគោ១ក្បាលនេះមានសម្បុរខ្មៅ និងកន្លែងខ្លះឃើញមានរោមគោដុះនៅក្រោមស្រកាដូចជាសក់មនុស្ស ស្រកាពណ៌ខ្មៅ ក្នុងក្រអូមមាត់មានដុះពន្លកធ្មេញក្រោមចំនួន៤ ។ កូនគោនេះបានកើតគ្រប់ខែដូចធម្មតា ។ នេះគឺជាកូនទី៣របស់មេគោ១ក្បាលខាងលើនេះ ។ អ្វីដែលធ្វើឱ្យចាប់អារម្មណ៍នោះ គឺកូនគោ ១ក្បាលនេះត្រូវការទឹកដើម្បីផ្សើមស្រកា ទើបវាអាចរស់បាន ។ គ្រានោះដែរក៏មានព្រះសង្ឃជាច្រើនអង្គបាននិមន្ដទៅពិនិត្យ និងប្រជាពលរដ្ឋរាប់រយនាក់មានការងឿងឆ្ងល់ថាតើកូនគោចម្លែកមានស្រកាដូចសត្វក្រពើនេះអាចរស់បានរយៈពេលប៉ុន្មានថ្ងៃទៅ ? ។ តែតាមព័ត៌មានចុងក្រោយបានឱ្យដឹងថា កូនគោចម្លែកមួយក្បាលនេះបានងាប់នៅមួយថ្ងៃក្រោយមក ៕
