កូន​គោ​ចម្លែក​​កើតមក​មាន​ស្រកា​​ដូច​ក្រពើ​

ដោយ​ ៖ យឹម សុថាន ថ្ងៃទី 27 កុម្ភះ 2012ម៉ោង 13:02:36

​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​នៅ​ភូមិ​សាលារៀន​ជា​ច្រើន​គ្រួសារ​​មានការ​ភ្ញាក់ផ្អើល​ និង​ចោមរោម​មើល​កូន​គោ​ឈ្មោល​១​ក្បាល​ ខុស​​ប្លែក​ពី​កូន​គោ​ដទៃ​ទៀត​ ខណៈ​ដែល​កើតមក​មាន​ស្រកា​ ហើយ​ស្រកា​នោះ​មាន​សណ្ឋាន​ដូច​សត្វ​ក្រពើ​ ។​

​ស្ដ្រី​ឈ្មោះ​ សុខ​ វ​ណ្ណា​ អាយុ​៤២​ឆ្នាំ​ ដែល​ត្រូវជា​ម្ចាស់​គោ​ចម្លែក​​រស់នៅ​ក្នុងភូមិ​សាលារៀន​ ឃុំ​បា​សាក់​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ដ​ស្វាយ​​រៀង​ បានឱ្យ​នគរវត្ដ​ដឹង​ថា​ កូន​គោ​ចម្លែក​នេះ​បាន​កើត​កាលពី​វេលា​​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១១​ ក្នុង​ក្រោល​​ក្បែរ​ផ្ទះ​ ។​ ក្រោយ​ពេល​បង្កើតកូន​រួច​ មេគោ​បាន​ផ្អើល​យ៉ាង​ខ្លាំង​​ស្ទុះ​កញ្ជ្រោល​ពេញ​ក្រោល​រហូត​ដល់​ដាច់​ខ្សែ​កន្លុះ​ បោល​ចេញពី​ក្នុង​​ក្រោល​យ៉ាង​លឿន​ស្លេវ​ដូច​ជា​វា​ឃើញ​ខ្មោច​ ឬ​វត្ថុ​ចម្លែក​ ទៅ​សំងំ​​នៅ​ក្រោយ​គុម្ព​ចេក​យ៉ាង​ត្រហេបត្រហប​ បណ្ដាល​ឱ្យ​មានការ​ភ្ញាក់​​ផ្អើល​ដល់​រូប​គាត់​និង​ក្រុម​គ្រួសារ​ទាំងអស់​គ្នា​ ។​

​ស្ដ្រី​ឈ្មោះ​ សុខ​ វ​ណ្ណា​ បន្ដ​ទៀត​ថា​ ខណៈនោះ​ប្ដី​គាត់​បាន​លើក​កូន​គោ​ដែល​មាន​ស្បែក​មាន​សណ្ឋាន​ដូច​ស្រកា​សត្វ​ក្រពើ​មក​ក្រៅ​​មើល​ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​និង​ងឿងឆ្ងល់​ជា​ខ្លាំង​គ្រា​ដែល​កូន​​គោ​១​ក្បាល​នេះ​មាន​លក្ខណៈ​ស្ងួត​ មាន​ស្រកា​ពុំ​មាន​សំណើម​ប្រឡាក់​​ឈាម​ទឹកភ្លោះ​ឡើយ​ ។​ ខណៈនោះ​ប្ដី​របស់​គាត់​បាន​ដាក់​កូន​គោ​ឱ្យ​វា​​ឈរ​ រួច​បាន​ស្រែកហៅ​ក្រុម​គ្រួសារ​បើកភ្លើង​មើល​កូន​គោ​ឈ្មោល​១​ក្បាល​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​កូន​គោ​ធម្មតា​មាន​ពណ៌​ខ្មៅ​ ភ្នែក​ខ្មៅក្រឹប​ ។​ ក្រោយ​កើត​បាន​រយៈពេល​ជាង​២​ម៉ោង​ ស្រាប់តែ​ត្រូវ​ខ្យល់​ធ្វើ​ឱ្យ​ស្ងួត​ស្រកា​ បណ្ដាល​ឱ្យ​កូន​គោ​នោះ​ចាប់ផ្ដើម​ទន់​ខ្លួន​​ដេក​ល្ហិតល្ហៃ​ គ្រានោះ​រូប​គាត់​បាន​ហៅ​ប្ដី​ទៅ​ចាប់​មេគោ​ទាញ​យក​ឱ្យ​កូន​គោ​បៅ​ ប៉ុន្ដែ​មេគោ​វា​ផ្អើល​ទៅ​ក្បែរ​មិន​បាន​ឡើយ​ ។​ រហូត​ដល់​​ម៉ោង​១១​ព្រឹក​ ស្រាប់តែ​កូន​គោ​ឈ្មោល​ចម្លែក​នោះ​ដេក​ងើប​លែង​រួច​ ​ហើយ​ស្រកា​របស់​វា​ចេះ​តែ​ក្រៀម​បែក​ក្រហែង​តាំងពី​ក្បាល​រហូត​​ដល់​កន្ទុយ​និង​ជើង​ទាំង​៤​ត្រឹម​ជង្គង់​ ប៉ុន្ដែ​ត្រឹម​ជង្គង់​ចុះ​ទៅ​ក្រោម​មាន​សណ្ឋាន​ដូច​គោ​ធម្មតា​ ។​

​ស្ដ្រី​ម្ចាស់​គោ​បន្ដ​ទៀត​ថា​ លុះ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ រូប​គាត់​និង​​ប្ដី​ក៏​បាន​សាកល្បង​យក​ទឹក​មក​លាប​លើ​ស្រកា​កូន​គោ​ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​វា​មាន​កម្លាំង​ឡើង​វិញ​ ឃើញ​ដូច្នេះ​រូប​គាត់​ក៏​​បាន​ទាញ​យក​ក្រមា​ជ្រលក់​ទឹក​យក​មក​រុំ​ រួច​បញ្ចុក​ទឹកដោះគោ​ឱ្យ​វា​​បៅ​ រហូត​មក​ដល់​ម៉ោង​១៤​រសៀល​ ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១១​ នេះ​ ​ទើប​កូន​គោ​១​ក្បាល​នេះ​មាន​កម្លាំង​ដូច​ធម្មតា​ឡើង​វិញ​ ប៉ុន្ដែ​វា​មិន​​អាច​ឈរ​បាន​នៅឡើយ​ទេ​ ហើយ​ក៏​បន្ដ​ឱ្យ​វា​នៅ​ដេក​ត្រាំ​ក្រមា​ជ្រលក់​​ទឹក​ឱ្យ​សើម​ដដែល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កូន​គោ​១​ក្បាល​នេះ​មាន​សម្បុរ​ខ្មៅ​ និង​​កន្លែង​ខ្លះ​ឃើញ​មាន​រោមគោ​ដុះ​នៅ​ក្រោម​ស្រកា​ដូច​ជា​សក់​មនុស្ស​ ស្រកា​ពណ៌​ខ្មៅ​ ក្នុង​ក្រអូមមាត់​មាន​ដុះ​ពន្លក​ធ្មេញ​ក្រោម​ចំនួន​៤​ ។​ កូន​គោ​នេះ​បាន​កើត​គ្រប់​ខែ​ដូច​ធម្មតា​ ។​ នេះ​គឺជា​កូន​ទី​៣​របស់​មេគោ​១​ក្បាល​ខាងលើ​នេះ​ ។​ អ្វី​ដែល​ធ្វើ​ឱ្យ​ចាប់អារម្មណ៍​នោះ​ គឺ​កូន​គោ​ ១​ក្បាល​នេះ​ត្រូវការ​ទឹក​ដើម្បី​ផ្សើម​ស្រកា​ ទើប​វា​អាចរ​ស់បាន​ ។​ គ្រា​​នោះ​ដែរ​ក៏​មាន​ព្រះសង្ឃ​ជា​ច្រើន​អង្គ​បាន​និមន្ដ​ទៅ​ពិនិត្យ​ និង​ប្រជា​​ពលរដ្ឋ​រាប់រយ​នាក់​មានការ​ងឿងឆ្ងល់​ថា​តើ​កូន​គោ​ចម្លែក​មាន​ស្រកា​ដូច​សត្វ​ក្រពើ​នេះ​អាចរ​ស់បាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៅ​ ?​ ។​ តែ​តាម​​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា​ កូន​គោ​ចម្លែក​មួយ​ក្បាល​នេះ​បាន​​ងាប់​នៅ​មួយ​ថ្ងៃ​ក្រោយមក​ ៕