ជីវិត​ស្រី​អភ័ព្វ​ក្រោម​ចង្កូម​ប្តី​អគតិ​

ដោយ​ ៖ សុផល|ថ្ងៃទី 27 កុម្ភះ 2012 ម៉ោង 14:07:28

ញាតិ​មិត្ដ​ក្នុងភូមិ​ផង​របង​ជាមួយ​អង្គុយ​ជុំ​គ្នា​ជា​វង់​តូច​ធំ​ក្នុង​ថ្ងៃ​បុណ្យសព​អ្នកស្រី​ ហុត​ សា​ម៉េ​ត​ ដំណាល​រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​ខោ្ល​ច​ចិត្ដ​នៃ​ជីវិត​ដ៏​សែន​អភ័ព្វ​របស់​គាត់​ ។​ មុន​ពេល​ផុតដង្ហើម​អ្នកស្រី​ត្រូវ​ប្ដី​វាយ​ធ្វើបាប​ ចុះ​ទៅ​មាន​ស្រី​ហើយ​រសាត់អណ្ដែត​គ្រប់​ច្រកល្ហក​ ត្រូវ​ប្ដី​បោះបង់​ចោល​ និង​បោកប្រាស់​យក​ប្លង់​ដី​-​ផ្ទះ​ដែល​ជា​ជម្រក​ចុង​ក្រោយ​របស់​ប្រពន្ធ​កូន​យក​ទៅ​បញ្ចាំ​ និង​លក់​គ្មាន​សល់ ​ហើយ​បោះបង់​ប្រពន្ធ​កូន​ឱ្យ​កំ​ព្រី​កំព្រា​រងារ​ក្នុង​ចិត្ដ​រហូត​អ្នកស្រី​ដាច់​ចិត្ដ​យក​កូន​ទៅ​អ្នក​ផ្សេង​ជួយ​ចិញ្ចឹម​ហើយ​ធ្វើ​ដំណើរ​ផ្សងព្រេង​តាម​ប្ដី​រហូត​​ព្រំដែន​ថៃ​ខ្មែរ​ ។​ ចុង​ក្រោយ​អ្នកស្រី​បាន​វិល​មក​ស្លាប់​ដោយសារ​លង់​ទឹក​ក្រោយ​ពេល​តាម​រក​ប្ដី​តែ​រក​មិនឃើញ​ ។​ ពេល​ស្លាប់​អ្នកស្រី​បន្សល់​ទុក​លុយ​តែ​ ២៤០០​រៀល​ ប៉ុណ្ណោះ​ទុក​ឱ្យ​កូន​ធ្វើបុណ្យ​ ។​

​អ្នកស្រី​ ហុត​ ពត​ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​សព​អ្នកស្រី ​ហុត​ សា​ម៉េ​ត​ បាន​រៀបរាប់​ប្រាប់​នគ​វត្ដថា បងស្រី​របស់ខ្ញុំ​តាំងពី​ពេល​បាន​ប្ដី​ឈ្មោះ​ ផូ​ សុផល​ នៅ​ឆ្នាំ​១៩៨៣​មក​ជីវិត​របស់​គាត់​សែន​ល្វីង​ជូរ​ចត់​ ។​ ប្ដី​របស់​គាត់​ចូល​ចិត្ដ​ដើរ​លេង​ផឹកស៊ី​ស្រី​ញី​អូន​បង​ មិន​គិតដល់​ទុក្ខ​លំបាក​ប្រពន្ធ​កូន​ឡើយ​ ថែម​ទាំង​មក​ដល់​ផ្ទះ​រករឿង​វាយ​ដំ​ច្រំ​ធាក់​ប្រពន្ធ​ឥត​ត្រា​ប្រណី​ មិន​ថា​ពេល​ប្រពន្ធ​មាន​ទម្ងន់​ ឬ​ប្រពន្ធ​កូនខ្ចី​អ្វី​នោះ​ឡើយ​ ។​ ក្រោយមក​ទៀត​ ប្ដី​របស់​គាត់​ទៅ​មាន​ស្រី​ថ្មី​ចុះ​ចោល​អ្នកស្រី​បាត់​ខណៈ​ដែល​បងស្រី​ សា​ម៉េ​ត​ មានកូន​ប្រុស​ពីរ​នាក់​ ។​

​បងស្រី​ សា​ម៉េ​ត​ ត្រូវ​រត់​មក​រស់នៅ​ជាមួយ​ម្ដាយបង្កើត​ឈ្មោះ​លោកយាយ​ សុំ​ ម៉ិច​ ហើយ​បន្ដិច​ក្រោយមក​ទៀត​លោកយាយ​ជា​ម្ដាយ​ ក៏​ទទួលមរណភាព​ចោល​បងស្រី​ និង​ចៅ​ឱ្យ​រស់នៅ​យ៉ាង​កណ្ដោចកណ្ដែង​តែ​បី​នាក់​ម្ដាយ​និង​កូន ​។​ ទោះ​មានការ​លំបាក​យ៉ាងណា​ក្ដី​ បងស្រី​ សា​ម៉េ​ត​ ខំប្រឹង​តស៊ូ​ចិញ្ចឹម​កូន​បាន​យ៉ាង​លំបាកលំបិន​បំផុត​ ។​

​ពីរ​ឆ្នាំ​ក្រោយ​ពី​មរណភាព​យាយ​ជា​ម្ដាយ​ ស្រាប់តែ​លេចមុខ​ សុផល​ ជា​ប្ដី​មក​ដល់​ផ្ទះ​ហើយ​រត់​ទៅ​អោប​ប្រពន្ធ​កូន​ទ្រហោយំ​និយាយ​រៀប​រាប់​សារភាព​ទោស​កំហុស​ដែល​ខ្លួន​បាន​វង្វេង​ធ្វើ​មក​លើ​ប្រពន្ធ​កូន​ហើយ​បាន​សន្យា​ថា​លែង​ធ្វើបាប​ប្រពន្ធ​កូន​ដូច​មុន​ទៀត​ហើយ​គេ​នឹង​ខំ​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​ឱ្យ​បាន​ល្អ​ប្រសើរ​ដូច​គេឯង​ សុំ​ឱ្យ​តែ​ប្រពន្ធ​អភ័យទោស​ឱ្យ​គេ​ម្ដង​ចុះ​ និង​សុំ​មូលគ្នា​វិញ​ ។​ ដោយ​ឃើញ​កាយ​វិការ​ស្លូត​ដូច​ពស់​ប្រ​លិ​ត​ដ៏​គួរ​ឱ្យ​អាណិត​ គួប​ផ្សំ​នឹង​ចិត្ដទន់​ជ្រាយ​ផង​បងស្រី​ជា​ប្រពន្ធ​ក៏​យល់ព្រម​មូលគ្នា​វិញ​ តែ​សូម​ឱ្យ​ដាច់ស្រេច​ជាមួយ​ប្រពន្ធចុង​ជា​មុន​សិន ​ហើយ​ប្ដី​ក៏​យល់​ព្រម​ធ្វើ​ឱ្យ​ដាច់ស្រេច​ជា​មួយ​ប្រពន្ធចុង​មែន ​។​

​អ្នកស្រី​​ ហុត​ ពត​ ជា​ប្អូនស្រី​បង្កើត​បន្ថែម​ថា​ ក្រោយ​ពី​ជួបជុំ​គ្នា​ ប្ដី​គាត់​កែ​ចរិត​ច្រើន​មែន​ គេ​ធ្វើ​ល្អជា​មួយ​បងស្រី​ខ្លាំង​ណាស់​មិន​ដែល​ចេញ​ទៅ​ស៊ីផឹក​ផ្ដេសផ្ដាស​ដូច​មុន​ទេ​ហើយ​ដូច​ជា​ស្រ​ឡាញ់​បងស្រី​ខ្លាំង​ណាស់​ ឯ​សម្ដី​ក៏​សុភាព​រាប​សា​គួរ​ឱ្យ​ជឿ​ទុកចិត្ដ​ដែរ ​។​ តែ​ចរិតលក្ខណៈ​ខាងលើ​នេះ​គឺជា​ល្បិច​បំភ័ន្ដ​ភ្នែក​បែប​កន្ទុយ​ខ្វៀន​ដើម្បី​បោក​គាត់​តែ​ប៉ុណ្ណោះ​ ។​ ពេល​បង​ស្រី​មាន​ទម្ងន់​កូនស្រី​ពៅ​ (​ផូ​ សុ​ភី​)​ បាន​៥​ខែ​ ស្រប​ពេល​ដែល​ឪពុកក្មេក​មាន​ជំងឺ​ ប្ដី​បងស្រី​ ឈ្មោះ​ ផូ​ សុផល​ បាន​បបួល​គាត់​ទៅ​មើល​និង​រក​គ្រូពេទ្យ​ជួយ​ព្យាបាល​ ។​

ពេល​នោះ​ប្ដី​ក៏​សុំ​យក​ប្លង់​ដី​ទៅ​បញ្ចាំ​ដើម្បី​យក​លុយ​ទៅ​សង​ថ្លៃ​ព្យាបាល​ជំងឺ​ ហើយ​គាត់​ក៏​ព្រម​ប្រគល់​ប្លង់​ដី​ឱ្យ​ប្ដី ​។​ បង់ការ​ប្រាក់​បាន​តែ​បី​ខែ​ ប្ដី​គាត់​ក៏​សុំ​បងស្រី​ទៅ​រក​ការងារ​ធ្វើ​នៅ​ព្រំដែន​កម្ពុជា​ថៃ​ដើម្បី​រក​លុយ​បំរុង​ទុក​សំរាលកូន​ និង​លស់​ប្លង់​ដី​យក​មក​វិញ​ ។​

​បងស្រី​ក៏​បាន​អនុញ្ញាតិ​ឱ្យ​ប្ដី​ទៅ​ ដើម្បី​ដោះស្រាយ​គ្រួសារ​ដែល​កំពុង​តែ​ជួប​នូវ​ផល​វិបាក​ ។​ លោក​ប្ដី​ក៏​បាន​យក​កូនប្រុស​ច្បង​ម្នាក់​ទៅ​ជាមួយ​ផង​ដែរ ​។​ តាំង​ពី​ពេល​នោះ​មក​ក៏​បាត់​ដំណឹង​ប្ដី​និង​កូន​សូន្យឈឹង​ ។​ ក្រោយ​សំរាលកូន​បាន​មួយ​ខែ​ទើប​បងស្រី​ដឹង​ថា​ប្ដី​បងស្រី​លួច​លក់​ដី​អស់​ ហើយ​រត់​ចោល​បងស្រី​បាត់​ទៅ​ហើយ​ ដោយសារ​តែ​ម្ចាស់​អ្នកទិញ​ដី​យក​ឯកសារ​លក់​ដី​មក​បង្ហាញ​បងស្រី​ ថែម​ទាំង​ឱ្យ​អ្នកស្រី​រុះរើ​ផ្ទះ​និង​ប្រគល់​ដី​ឱ្យ​គេ​ ។​

​គ្មាន​មធ្យោបាយ​អ្វី​ក្រៅពី​នេះ​ បងស្រី​ក៏​សំរេចចិត្ដ​លក់​ផ្ទះ​យក​លុយ​ដើម្បី​តាម​រក​ប្ដី​និង​កូន​ ។​ មុន​ពេល​មុន​ចេញដំណើរ​ បង​ស្រី​បានឱ្យ​កូនប្រុស​ទី​២​ទៅ​គ្រួសារ​មួយ​នៅ​ឃុំ​ពន្លៃ​ ស្រុក​បរិបូរណ៍​ ខេត្ដកំពង់ឆ្នាំង​ សល់​តែ​កូនស្រី​ពៅ​អាយុ​មួយ​ខែ​កន្លះ​ប៉ុណ្ណោះ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ជាមួយ​ម្ដាយ​ ។​ ដើរ​ស៊ើបដំណឹង​ពី​ប្ដី​បណ្ដើរ​រកស៊ី​លក់​ដូរ​កំ​ប៉ិច​កំប៉ុក​ផង​ អស់​រយៈពេល​បួន​ឆ្នាំ​ គ្មាន​បាន​ទទួល​ដំណឹង​អ្វី​បន្ដិច​សោះឡើយ​ ។​ ក្រោយ​មក​បងស្រី​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ប្អូនស្រី​បង្កើត​នៅ​ភូមិ​ជ័យ​ឧត្ដម​ ឃុំ​សំរោង​ធំ​ ស្រុក​កៀន​ស្វាយ​ ។​

​ហុត​ ពត​ បញ្ជាក់​ថា​ កាល​ណោះ​ប្រហែល​ឆ្នាំ​២០០៣​ បង​និង​ក្មួយ​ស្រី​អាយុ​ប្រហែល​៥​ឆ្នាំ​បាន​មក​ដល់​ផ្ទះ​បងស្រី​ ។​ ដោយ​អស់​ទី​ពឹង​ផង​នោះ​ បងស្រី​ ហុត​ សា​ម៉េ​ត​ ក៏​បាន​ស្នាក់​នៅ​ជាមួយ​ប្អូន ​។​ ពេល​នោះ​បងស្រី​ត្រូវ​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​ដើរ​បេះ​ត្រកួន​ ដក​ព្រលឹត​ និង​រក​ត្រី​លក់​បន្ដិចបន្ដួច​សំរាប់​ដោះ​ស្រាយ​បញ្ហា​ក្រពះ​ ។​ ជីវិត​ចុង​ក្រោយ​បងស្រី​ ហុត​ សា​ម៉េ​ត​  បាន​ស្លាប់​ដោយសារ​លង់ទឹក​ព្រែក​តាកែវ​នៅ​ពេល​គាត់​ចុះ​ទៅ​ងូតទឹក​នៅ​ពេល​យប់​ម៉ោង​ប្រហែល​២០.១៥​នាទី​ ថ្ងៃ​ទី​២០.១១.២០១១​ ។​ បើ​តាម​កា​រស​ន្និ​ដ្នា​ន​របស់​សមត្ថកិច្ច​ស្រុក​ថា​ប្រហែលជា​គាត់​រអិល​ជើង​ហើយ​គ្មាន​អ្នក​ណា​បានឃើញ​ ។​

​លុះ​ភ្លឺ​ស្រាងៗ​ទើប​គេ​ប្រទះ​ឃើញ​ស្បែក​ជើង​និង​អាវ​ ក្នុង​ហោប៉ៅ​មាន​លុយ​២៤០០​រៀល​ នៅ​កន្លែង​កំពង់ទឹក​ ទើប​បងប្អូន​ដឹង​ថា​ បងស្រី​ សា​ ម៉េ​ត​ ហៅ​ ប៉ុក​ ពិតជា​ធ្លាក់ទឹក​ព្រែក​ ហើយ​ក៏​ទៅ​ផ្ដល់​ដំណឹង​ទៅ​សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​ដែល​ប្រចាំ​ការ​នៅ​ឃុំ​សំរោង​ធំ​ ។​ បងប្អូន​ញាតិ​មិត្ដ​ជិតខាង​នាំ​គ្នា​ស្រង់​សព​យក​មក​ខ្ទម​របស់​គាត់​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ មានកូន​ស្រី​តែ​ម្នាក់​គត់​ដែល​នៅ​រស់​ឈ្មោះ​ ផូ​ សុ​ភី​ អាយុ​១៣​ឆ្នាំ​ត្រូវ​បន្ដ​ការ​តស៊ូ​យ៉ាង​កណ្ដោចកណ្ដែង​ក្នុង​ពិភពលោក​ដ៏​អាប់អួរ​នេះ​ ដោយ​គ្មាន​អ្វី​ជាទី​ពឹង​ពំនាក់​ឡើយ​ ។​ កុមារី​ ផូ​ សុ​ភី​ បាន​យំសោក​បោក​ខ្លួន​ដោយ​រៀបរាប់​ពី​ទុក្ខសោក​អំពី​ជីវិត​ថា មួយ​ជីវិត​នេះ​ខ្ញុំ​មិន​ដែល​ស្គាល់​ឪពុក​សូ​ម្បី​តែ​បន្ដិច​ក៏​គ្មាន​ដែរ​ រស់នៅ​តែ​ជាមួយ​ម្ដាយ​តែ​ម្នាក់​គត់​ឥឡូវ​គាត់​ស្លាប់​ចោល​ខ្ញុំ​ហើយ​ តើ​ឱ្យ​ខ្ញុំ​ទីពឹង​អ្នក​ណា​?​ ​លោក​អើយ​មេត្ដា​ជួយ​ខ្ញុំ​ផង​ ជួយ​ធ្វើបុណ្យ​ម្ដាយ​ខ្ញុំ​ផង ​។​ ក្ដី​សោកសង្រេង​ និង​ភាព​ក្រី​ក្រទាំង​អស់នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​បានឃើញ​ហេតុ​ការណ៍​ខាងលើ​សឹង​មិន​អាច​ទប់ទឹក​ភ្នែក​បាន​ឡើយ​ ។​ ដោយ​ជ្រាប​នូវ​ហេតុការណ៍​ខាងលើ​នេះ​លោកស្រី​ ប៊ុត​ វ​ណ្ណា​ មេឃុំ​សំរោង​បាន​ឱ្យ​សហការី​របស់​លោកស្រី​យក​ជំនួយ​ឧបត្ថម្ភ​មក​ជូន​គ្រួសារ​រង​គ្រោះ​មាន​អង្ករ​២៥​គីឡូ​ មី​១​កេស​ប្រាក់​៥​ម៉ឺន​រៀល​ ។​ ចំណែកឯ​ចៅអធិការ​ស្ដីទី​វត្ដ​ជ័យ​ឧត្ដម​ ឧបត្ថម្ភ​អង្ករ​៥០​គីឡូ​ សម្ភារៈ​មួយ​ចំនួន​ និង​ប្រាក់​៥​ម៉ឺន​រៀល​ និ​​ង​ប្រជា​សប្បុរស​ស្រី​ប្រុស​ជា​ច្រើន​បាន​នាក់​ចូលរួម​ឧបត្ថម្ភ​បាន​ប្រាក់​ជាង​១​លាន​រៀល​ ។​

​បងស្រី​ ហុត​ ពត​ ត្រូវជា​ប្អូនបង្កើត​របស់​សព​អ្នកស្រី​ ហុត​ សា​ម៉េ​ត​ មាន​សេចក្ដី​រំភើប​ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកមាន​ចិត្ដ​ សប្បុរសធម៌​ដែល​នៅ​ជុំវិញ​ខ្លួន​ជា​ពន្លឹក​ ៕