ព្រះ​អង្គ​ដង​កើ​នៅ​តែ​ជាទី​គោរព​បូជា​និង​បន់ស្រន់​ដ៏​ស័ក្តិ​សិទ្ធ​

ដោយ​ ៖ កាំង សុធា ថ្ងៃទី 27 កុម្ភះ 2012ម៉ោង 16:00:11

​ទោះបី​ជឿ​ឬ​មិន​ជឿ​ ពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​រូប​នៅ​តែ​ត្រូវការ​ឱ្យ​ព្រះ​អង្គ​ជួយ ​។​ ការ​ចង់ឱ្យ​ជួយ​នេះ​បាន​​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​ស្រទាប់​តែង​មាន​វត្ដ​មាននៅ​ពីមុខ​​អ​សន​របស់​ព្រះ​អង្គ​មិន​ដែល​អាក់ខាន​ឡើយ​ ។​

​ព្រះ​អង្គ​ដង​កើ​ ដែល​មាន​ទីតាំង​ទល់មុខ​ព្រះ​បរម​​រាជវាំង​ តែងតែ​ញាំ​ង​មនុស្ស​គ្រប់​វណ្ណៈ​ក្នុង​សង្គម​ទៅ​ពឹង​ពរក​ព្រះ​អង្គ​ ដូច​យ៉ាង​កាល​ពេល​ថ្មីៗ​នេះ​មាន​មនុស្ស​ទាំង​ក្រុម​ទៅ​រក​ព្រះ​អង្គ​ ។​

​លោក​ វន​ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ​បាន​ថ្លែង​ថា​ ក្រុម​លោក​មក​ទី​នេះ​គឺ​ដើម្បី​បួងសួង​ដល់​វត្ថុ​​ស័​ក្កិ​សិទ្ធិ​នៃ​ព្រះ​អង្គ​ដង​កើ​ ដើម្បី​ឱ្យ​ជួយ​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ស្ថា​​ប័ន​ទាំងអស់​ឱ្យ​ជួយ​ទប់ស្កាត់​ដល់​បណ្ដា​ក្រុមហ៊ុន​ជា​ច្រើន​ ដែល​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយ​យ៉ាង​ពេញទំហឹង​ ដី​សហ​គម​ព្រៃ​​ឡង់​ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ខេត្ដ​បួន​នៃ​ប្រទេស​កម្ពុជា​នោះ​ ។​ ពួក​គេ​​គិត​ថា​ ព្រៃ​ឡង់​គឺជា​ព្រៃ​ដែល​សំបូ​រណ៍​និង​ពោរពេញ​ទៅ​ដោយ​រុក្ខជាតិ​ដែល​ជួយ​ផ្គត់ផ្គង់​ដល់​បរិស្ថាន​ខ្មែរ​យ៉ាង​សំខាន់​មិន​អាច​កាត់​ផ្ដាច់​បាន​ឡើយ​ ។​ មិនតែប៉ុណ្ណោះ​ ព្រៃ​ឡង់​​នេះ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ​ជា​ព្រៃ​ដែល​ធំ​ជាង​​គេ​លំដាប់​ទី​ពីរ​នៅ​អាស៊ី​ទៀត​ផង​ ។​ ប្រសិនបើ​កាប់​បំផ្លាញ​​វា​ជា​បន្ដ​ទៀត​នោះ​ វា​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​ហា​នី​ភ័យ​យ៉ាង​ខ្លាំង​ពី​ការ​ប្រែប្រួល​នៃ​អាកាសធាតុ​ ។​

​លោក​បាន​បន់ស្រន់​ចំពោះ​ព្រះ​អង្គ​ថា​ សូម​ឱ្យ​បារមី​ព្រះ​អង្គ​ដង​កើ​ ជូ​យ​ថែរក្សា​ព្រៃ​ឡង់​ជា​ព្រៃ​មរតក​ខ្មែរ​ឱ្យ​បាន​គង់វង្ស​ជា​យូរអង្វែង​ សូម​ព្រះ​អង្គ​ជួយ​ដល់​ព្រៃ​ឡង់​ ពីព្រោះ​ព្រៃ​នេះ​សម្រាប់​កម្ពុជា​ជា​ព្រៃ​​ដែល​មាន​សារសំខាន់​ជួយ​ការពារ​បរិស្ថាន​ធម្មជាតិ​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​ភូមិ​បឹង​កក់​ក៏​បាន​បន់ព្រះ​អង្គ​ដង​កើ​ឱ្យ​ជួយ​ការពារ​ផ្ទះសម្បែង​របស់​គាត់​ដែរ​ ក្នុង​ខណៈ​ពួក​អ្នក​ភូមិ​គ្មាន​ជម្រើស​​ណា​ផ្សេង​ទៀត​នោះ​ ។​

"សូម​ព្រះ​អង្គ​ជួយ​ សូម​ឱ្យ​អ្នក​ពាក់ព័ន្ធ​នឹង​អំពើអាក្រក់​ កេង​ប្រវ័ញ្ច​សូម​ឱ្យ​តែ​រលាយៗ​ ហើយ​សូម​ឱ្យ​កូនចៅ​មាន​សេចក្ដីសុខ​។​ ​ប្រ​សិន​ព្រះ​អង្គជា​វត្ថុ​ស័ក្ដិសិទ្ធិ​ពិតមែន​សូម​ឱ្យ​អ្នកមាន​ពាក់ព័ន្ធ​នឹង​គំនិតអាក្រក់​ទាំង​ប៉ុន្មាន​សូម​ឱ្យ​រលាយ​" ។​ ​

បារមី​ព្រះ​អង្គ​ដង​កើ​ បាន​ជះ​ឥទ្ធិពល​លើ​ប្រជាជន​ដែល​រស់នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​អ្នកមាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ ។​ ការ​បន់ស្រន់​សូម​សេចក្ដីសុខ​បំបាត់​នូវ​ទុក្ខ​កង្វល់​ បាន​ធ្វើ​ឱ្យ​ទី​សំ​​ណា​ក់​របស់​ព្រះ​អង្គ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​មហាវិថី​ព្រះ​ស៊ី​សុវត្ថិ ខាងកើត​ព្រះ​បរមរាជវាំង​ ដែល​តែងតែ​ពោរពេញ​ទៅ​ដោយ​ផ្សែង​ធូប​ និង​ភាព​អ៊ូរ​អរ​នៅ​រសៀល​ថ្ងៃសីល​ក៏​ដូច​ជា​ថ្ងៃ​ធម្មតា​ដែរ​។​

​លោក​ សុខ​ សឿ​ន​ អ្នក​ថែទាំ​ព្រះ​អង្គ​ដង​កើ​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​ខ្មែរ​យើង​ជា​ទឹកដី​មួយ​ដែល​បង្កប់​នូវ​រឿង​អាថ៌​កំបាំង​យ៉ាងច្រើន​ ហើយ​តាម​មតិ​របស់​លោក​យល់​ថា​ជា​អង្គ​ម្ចាស់​ទឹកដី​​នគរ​គោក​ធ្លក​ ហើយ​ព្រះ​អង្គ​មក​គង់នៅ​ទី​នេះ​ដើម្បី​សម្លឹង​មើល​​ព្រះពុទ្ធ​មួយ​អង្គ​ដែល​អណ្ដែត​ពី​នគរ​លង្កា​បូ​រី​ មក​លិច​នៅ​ទី​នេះ​ ​ព្រម​ជាមួយនឹង​ក្រពើ​ស​មួយគូ​ផង​ ។​ ដូច្នេះ​បានជា​នៅ​ពេល​ប្រណាំង​ទូក​ម្ដងៗ​ ពេល​ដែល​ទូក​អុំ​ពីលើ​ព្រះ​អង្គ​ត្រូវ​បារមី​ក្រពើ​ធ្វើ​ឱ្យ​លិច​​ទូក​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ ។​

​លោក​ សុខ​ សឿ​ន​ បន្ដ​ទៀត​ថា​ ចំពោះ​ដីដុះ​មុខ​វាំង​ពីរ​កន្លែង​​នោះ​ គឺជា​សំពៅ​របស់​ស្ដេច​មួយ​អង្គ​ធ្វើ​ដំណើរ​ទៅ​អង្គរ​បូ​រី​ត្រូវ​លិច​​នៅ​ទី​នេះ​ ។​ ដី​ទាំង​ពីរ​កន្លែង​នេះ​ មិនមែន​ធ្វើ​ឱ្យ​ស្ទះ​ផ្លូវទឹក​នោះ​ទេ​ ​កាលណា​បើ​ផុស​ចេញ​មក​លើ​ដូច​ជា​កោះ​ ហើយ​គឺជា​ប្រផ្នូល​ថា​ ​នគរ​គោក​ធ្លក​ជិត​នឹង​ដល់​ទីប​ព្ចា​ប់​ ។​ ហើយ​នគរ​នឹង​កើតហេតុ​ការណ៍​គ្រប់យ៉ាង​ ។​ នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ មានការ​កសាង​ជា​ប្រា​​សាទ​មួយ​ដើម្បី​ឧទ្ទិស​បន់ស្រន់​នៅ​លើ​ដី​ដែល​ផុស​ឡើង​ តែ​ត្រូវ​គេ​​កម្ទេច​ចោល​ ។​ ដូច្នេះ​រឿងរ៉ាវ​កាន់តែ​ពិបាក​ឡើងៗ​ក្នុង​នគរ​យើង​​នេះ​ ។​ ក្រោយមក​មាន​ជា​ទឹក​គួ​ច​ទៅ​លើ​ទីនោះ​ដែល​ជា​ប្រផ្នូល​ឱ្យ​​ខ្មែរ​យើង​ដឹង​ ។​ ហើយ​បើ​គិត​ថា​ដី​ដែល​ផុស​មក​កកស្ទះ​ផ្លូវទឹក​ បើ​ចង់​បូម​យក​កោះ​នោះ​ចេញ​សាក​មើលទៅ​ដឹង​ហើយ​ ។​

​គួរ​រំលឹក​ថា​ ព្រះ​អង្គ​ដង​កើ​នេះ​ ត្រូវ​បាន​បំផ្លាញ​ម្ដង​រួច​មក​ហើយ​​ក្នុង​ជំនាន់​ប៉ុ​ល​ពត​ ពី​ឆ្នាំ​ ១៩៧៨-១៩៧៩​ ។​ តែ​ដោយសារ​បុព្វ​ហេតុ​នៃ​ជំនឿ​របស់​ប្រជាជន​ គណៈកម្មការ​កសាង​មួយ​ក៏​ត្រូវ​បាន​​បង្កើត​ឡើង​ ហើយ​ចាប់​ដំណើរការ​សាងសង់​ពី​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​១៩៩១​ ហើយ​កសាង​ស្រេច​ជា​ស្ថាពរ​ និង​ប្រារឰ​ពិធី​សម្ពោធ​​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​ ១៩៩១​។​

​លោក​អ៊ំ​ ហាក់​ ស៊ុន​ អ្នក​ទៅ​បន់ស្រន់​ម្នាក់​បាន​មាន​ប្រសាសន៍​ថា​ ថ្ងៃសីល​មាន​ប្រជាជន​ច្រើន​ណាស់​រហូត​ដល់​រាប់​ពាន់​នាក់​មក​​ទី​នេះ​ ពីព្រោះ​គេ​មាន​ជំនឿ​លើ​ស្នាដៃ​របស់​ព្រះ​អង្គ​ដែល​តែងតែ​ជួយ​ថែរក្សា​កូនចៅ​រហូត​មក​ ។​ លោក​អ៊ំ​មាន​ប្រសាសន៍​បន្ដ​ថា​ “​ខ្ញុំ​​ជឿជាក់​លើ​ការ​បន់ស្រន់​ ព្រោះ​ប៉ុន្មាន​ថ្ងៃមុន​មាន​ជំងឺ​ស្រី​ម្នាក់​ក្រោយ​​ពី​ការ​បន់ស្រន់​បាន​ប៉ុន្មាន​ថ្ងៃ​ គាត់​ក៏​បាន​យក​របស់របរ​ជា​សំណែន​​ដូច​ជា​ ដូង​ ផ្កា​ ទាន​ធូប​ មក​ថ្វាយ​ ហើយ​បាន​ប្រាប់​ថា​ កូន​គាត់​បាន​​ជា​សះស្បើយ​ហើយ​”​ ។​

​ឯ​លោក​ ប្រាក់​ និមល​ សន្ដិសុខ​ប្រចាំ​អាស្រម​បាន​លើក​ឡើង​​ថា​ “​ខ្ញុំ​ពិបាក​ណាស់​នៅ​រៀងរាល់ថ្ងៃ​សីល​ ពីព្រោះ​ថ្ងៃសីល​ខ្លះ​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ ។​ អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​គឺ​ក្មេង​សុំទាន​ដែល​តែង​​បង្ក​ភាព​រញ៉េរញ៉ៃ​” ​។​

​លោក​ ហេង​ សំអាត​ ជា​អ្នកលក់​ចាប​បាន​មាន​ប្រសាសន៍​ថា​ ប្រជាជន​ទិញ​ចាប​លែង​ព្រោះ​ពួក​គេ​យក​ចាប​ជា​និមិត្ដរូប​ ពួក​គេ​​សូម​ឱ្យ​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​រសាត់​បាត់​ចេញពី​ចិត្ដ​របស់​គេ​ ដូច​​ចាប​ដែល​ហោះ​ចេញពី​ទ្រុង​អឹង​ចឹ​ង​ដែរ​ ។​ ខ្លះ​ក៏​សូម​ឱ្យ​ចាប​នោះ​ហោះ​ទៅ​ទាំង​គូ​ដោយ​មិន​ចែកផ្លូវ​គ្នា​ ដែល​ពួក​គេ​តំណាង​ថា​ គូ​ជី​​វិត​របស់​ពួក​គេ​មាន​វាសនា​ល្អ​ដូច​សត្វ​ចាប​ដែរ​ ។​

​លោក​អ៊ំ​ ហាក់​ ស៊ុន​ អ្នក​ថែរក្សា​ប្រចាំ​នៅ​អាស្រម​ព្រះ​អង្គ​​ដង​កើ​ បាន​មាន​ប្រសាសន៍​ថា​ បារមី​របស់​ព្រះ​អង្គ​បាន​ជួយ​ដឹកនាំ​ចិត្ដ​ប្រជាជន​ឱ្យ​នឹកឃើញ​ និង​ចង់​ធ្វើ​អ្វី​ដែល​ល្អ​ដែល​ស្រប​ទៅ​នឹង​​ឃ្លា​របស់​ព្រះពុទ្ធ​ថា​ “​ធ្វើ​ល្អ​បាន​ល្អ​”​ យើង​ប្រព្រឹត្ដ​អំពើ​អ្វី​ យើង​នឹង​​ទទួលផល​នោះ​ដែរ​ ៕