
កំពូលតារាភាពយន្តល្បីល្បាញក្នុងទសវត្សរ៍៦០និង៧០ ទិត្យ វជ្ជរ៉ាដានី
ដោយ ៖ ជំនិត និង ច័ន្ទបូរ ថ្ងៃទី 27 កុម្ភះ 2012ម៉ោង 16:30:04
ជាតារាឯកភាពយន្ដដ៏មានឈ្មោះល្បីនាអំឡុងចុងទសវត្សរ៍ទី៦០និងដើមសតវត្សរ៍ទី៧០ ដែលបានធ្វើឱ្យគេដិតដក់ក្នុងអារម្មណ៍ខ្លាំងគឺ លើរង្វង់ភក្ដ្រដ៏ស្រស់ផូរផង់ រង្វះមាត់ញញឹមដ៏មានមន្ដស្នេហ៍ ថ្ពាល់ខួចទាំងសងខាងគួរឱ្យស្រឡាញ់ ។ អំពីកាយវិការសម្ដែងវិញគឺរស់រវើកសមរម្យហាក់គ្មានទើសទាស់កន្លែងណាមួយឡើយ ។ នោះគឺជាអំណោយផលពីធម្មជាតិអ្នកស្រី វិជ្ជរ៉ាដានី មានកម្ពស់ត្រឹមតែ១,៥០ម៉ែត្រ ប៉ុណ្ណោះ តែរាងដ៏តូចទាបទ្រនាប់របស់អ្នកស្រីមានកម្លាំងអូសទាញយ៉ាងចម្លែកផ្សំនឹងទឹកមុខដ៏មានមន្ដស្នេហ៍ទៀតនោះអ្នកស្រីបានវាយផ្ដាច់តារាឯទៀតនាសម័យ លន់ នល់ ។
បើនិយាយពី វិជ្ជរ៉ាដានី ធ្វើឱ្យគេនឹកឃើញដល់ខ្សែភាពយន្ដរឿង “ចំប៉ាមាស” រឿង “ទិព្វសូដាចន្ទ” រឿង “ពេលដែលត្រូវយំ” រឿង “ត្រពាំងពាយ” ជាដើម។ រឿងដែលអ្នកស្រីសម្ដែងមានរាប់រយរឿង ហើយភាគច្រើនសុទ្ធតែជារឿងដែលទទួលការនិយមចូលចិត្ដពីទស្សនិកជនយ៉ាងខ្លាំងក្លា ។ អ្នកស្រីថតរឿងបានច្រើនជាងគេទាំងអស់ក្នុងចំណោមតួឯកកុនខ្មែរនាសម័យនោះ ។ អ្វីដែលធ្វើឱ្យគេកាន់តែដិតអារម្មណ៍ទៅទៀត គឺទេពកោសល្យសម្ដែងរបស់អ្នកស្រីគឺមិនរីងស្ងួតឡើយ ល្បិចសម្ដែងខ្ពស់ ហើយមិនធ្វើឱ្យលំបាក ដល់អ្នកដឹកនាំឡើយ ។ មិនត្រឹមតែសម្ដែងភាពយន្ដទេអ្នកស្រីនៅបានច្រៀងចម្រៀងកុនដោយខ្លួនឯងទៀតផង ។
អ្នកស្រីទិត្យវិជ្ជរ៉ាដានី កើតនៅឆ្នាំ១៩៤៨ នៅទីក្រុងភ្នំពេញ ។ នាងជាផ្លែផ្កានៃសេចក្ដីស្នេហាដ៏ប្ដូរផ្ដាច់មួយរបស់លោក សារឹម និងនាង អុក ស៊ន ។ លោក សារឹម ជាកូនអ្នកមានម្នាក់ដែលពោរពេញដោយអនាគតភ្លឺស្វាងត្រចះត្រចង់ ។ លុះលោករៀនចប់មហាវិទ្យាល័យនៅក្រុងភ្នំពេញ ឪពុកម្ដាយបានតម្រូវឱ្យលោកទៅរៀនបន្ដនៅប្រទេសបារាំង ។ លោកបានឃ្លាតពីភរិយាក្រៅច្បាប់ដោយចិត្ដអាឡោះអាល័យ ហើយបានសន្យានឹងនាងថា បីឆ្នាំក្រោយលោកនឹងវិលត្រឡប់មកវិញ ។ ពីមួយថ្ងៃទៅមួយថ្ងៃផ្លាស់ប្ដូរវេនគ្នាជាលំដាប់ខែក្លាយជាឆ្នាំ ។ បីឆ្នាំដែលបានសន្យាក៏កន្លងហួសទៅ ទោះបីជាអ្នកស្រី អុក ស៊ន ប្រសូតនាង វិជ្ជរ៉ា ដានី បានអាយុ៤-៥ឆ្នាំហើយ ក៏នៅតែមិនទាន់ឃើញរូបលោកសារឹមវិលត្រឡប់មកវិញទៀត ។ ទីបំផុតអ្នកស្រី អុក ស៊ន ក៏បានសម្រេចចិត្ដរៀបការជាមួយលោក សាន ទិត ជាទាហានសង្គមរាស្ដ្រនិយមតាមការណែនាំរបស់ឪពុកម្ដាយនាង ។ លោក សាន ទិត ជាបុរសពោះម៉ាយមានកូន២នាក់ ។ លោកស្រឡាញ់ថ្នាក់ថ្នមនិងថែថួននាង វិជ្ជរ៉ាដានី ដូចជាកូនបង្កើតរបស់លោកយ៉ាងដូច្នោះដែរ ។ អ្នក ស្រី វិជ្ជរ៉ាដានី មានប្អូនពីរនាក់ក្រោយទៀត គឺនាង វិជ្ជរ៉ារង្សី និងប្អូនប្រុស អ័រគីដេ ។ នាង វិជ្ជរ៉ារង្សី ហៅ ស្រីពៅ ក៏ជាតារាថ្មីម្នាក់ ទៀតដែរ តែថតបានពីរ-បីរឿងដែរតែមិនទាន់បានបញ្ចាំងផងទទួលស្រុកទេសផ្លាស់ប្ដូរនយោបាយនាងក៏ត្រូវស្លាប់ក្នុងជំនាន់ប៉ុលពត ទៅ ។ អ្នកស្រី វិជ្ជរ៉ាដានី រៀនដល់ថ្នាក់ទី៣ទំនើបនៅវិទ្យាល័យយុគន្ធរ ហើយមានស្វាមីនៅឆ្នាំ១៩៦៧ ក៏ឈប់រៀនទៅ ។ ស្វាមីរបស់អ្នកស្រីជាសាស្ដ្រាចារ្យនៅខេត្ដកំពង់ឆ្នាំង ឈ្មោះ ប្រាក់ ប៊ុនថៃ ។ នៅពេលដែលអ្នកស្រីមានផ្ទៃពោះកូនដំបូងបាន៣ខែ មានចាងហ្វាងផលិតកម្មមួយបានមកស្នើឱ្យអ្នកស្រីសាកល្បងថតកុន ។ ចរិតរបស់អ្នកស្រី វិជ្ជរ៉ាដានី គត់មត់ណាស់ អ្នកស្រីមិនសូវចេះតុបតែងខ្លួន ក្រោយមកពីថតផ្លាស់សំពត់អាវនៅផ្ទះ ធម្មតាចូលចិត្ដនិយាយលេងញ៉ោះជាមួយក្មេងៗឱ្យយំនោះគឺគាត់សប្បាយចិត្ដណាស់ ។ អ្នកស្រី វិជ្ជរ៉ាដានី ជាមនុស្សចិត្ដល្អ មានធម៌សប្បុរសសណ្ដោសប្រណី បងប្អូនខាងម្ដាយគាត់មានចំនួន១២នាក់ គាត់ប្រមូលយកមកចិញ្ចឹមទាំងអស់ ។ អ្នកស្រីមិនប្រកាន់ខ្លួន មិនរើសម្ហូបចំណី មានអីញ៉ាំហ្នឹង ជាពិសសអ្នកស្រីចូលចិត្ដម្ហូបខ្មែរ ។ បើនៅផ្ទះជាញឹកញាប់គឺត្រូវធ្វើប្រហុកអន្លក់ទឹកគ្រឿងបន្លែគ្រប់មុខនោះគឺត្រូវចិត្ដគាត់ហើយ ។ អ្នកស្រី វិជ្ជរ៉ាដានី ជាមនុស្សស្រឡាញ់បងប្អូន ចិត្ដធន់ តែក៏ចូលចិត្ដធ្វើឫកម្ញិកម្ញ៉ក់ឱ្យគេស្រឡាញ់ដែរ ។ គាត់ចិញ្ចឹមម្ដាយមីង ម្ដាយធំមិនរើសមុខ ពេលព្រឹកឡើងដឹងតែបើកលុយទៅផ្សារនិងចេញទៅថតកុន បើមកពីថតអផ្សុកអ្នកសី្រលេងវាយតងកម្សាន្ដក្នុងគ្រួសារ កម្រចេញបង្ហាញខ្លួននៅទីសាធារណៈណាស់ ។ មិនត្រឹមតែបងប្អូននៅក្នុងគ្រួសារទេដែលស្រឡាញ់អ្នកស្រី សូម្បីតែទស្សនិកជនកម្ពុជាទាំងអស់សុទ្ធតែស្រឡាញ់ និងចូលចិត្ដរឿងដែលអ្នកស្រីសម្ដែង ។ មូលហេតុដែលធ្វើឱ្យគេស្គាល់អ្នកស្រី គឺនៅពេលអ្នកស្រីទៅថតរូបនៅក្នុងហាងជាមួយនឹងស្វាមីអ្នកស្រីនៅហាងថតរូបកំពង់ឆ្នាំង ។ ហាងថតរូបនោះក៏បានសុំរូបថតអ្នកស្រីដាក់តាំងលំអហាង ។ ចាងហ្វាងកុនបានឃើញក៏ចាប់អារម្មណ៍ ហើយក៏ស៊ើបសួររហូតដល់បានរកឃើញអ្នកស្រី ។ ដើមឡើយស្វាមីនិងគ្រួសារមិនឱ្យអ្នកស្រីទៅថតកុនឡើយ តែដោយសារនៅពេលរៀបមង្គលការរបស់អ្នកស្រីបានអញ្ជើញភ្ញៀវចូលរួមចំនួន១០០តុ ។ លុះដល់ថ្ងៃនោះជាសំណាងអាក្រក់ភ្លៀង ធ្លាក់ដូចគេចាក់ទឹកមង្គលការ អ្នកស្រីគ្មានភ្ញៀវត្រូវខាតលិចលង់ ។ ក្រោយមកថៅកែកុនក៏បានមកជួបហើយព្រមព្រៀងថា ឱ្យតែអ្នកស្រីព្រមទៅថតកុនឱ្យគេ គេនឹងចេញប្រាក់សងបំណុលពេលរៀបការរបស់អ្នកស្រី ។ ដោយហេតុផលនោះហើយ ទើបស្វាមីអ្នកស្រី និងឪពុកម្ដាយក្មេកសុខចិត្ដយល់ព្រមឱ្យអ្នកស្រីទៅថតកុន ដោយកំណត់ថា ថតតែមួយរឿងរួចបំណុលហើយឈប់ ។ រឿងដំបូងដែលអ្នក្រសីសម្ដែងគឺរឿង “លោហិតវាសនា” ដែលមាន ជា យុទ្ធថន និង ណុប ណែម ជាតួឯកប្រុស ។ គឺអ្នកស្រីចេញថតទាំងទម្ងន់កូនក្នុងពោះ៣ខែ ។ មិនមែនចប់មួយរឿងឈប់ថតឯណា ពេលថតចប់មួយរឿងអ្នកស្រីត្រូវបានទស្សនិកជនគាំទ្រយ៉ាងសន្ធឹកសន្ធាប់ ថៅកែផ្សេងៗមកកុងត្រាថតជាបន្ដបន្ទាប់ ។ ឪពុកម្ដាយក្មេកអ្នកស្រីខឹងណាស់ដែលឃើញកូនប្រសារថតឈុតមួយត្រង់ត្រូវគេលើកស្បែកជើងកែងចោតវ៉ៃអ្នកស្រី (តាមសាច់រឿង) គាត់និយាយថាមុខមាត់ប៉ុណ្ណឹង ប្ដីជាសាស្ដ្រាចារ្យម្នាក់នឹងគេដែរចាំបាច់អីទៅធ្វើជាតួឱ្យគេវ៉ៃនឹងស្បែកជើង ? ដោយការមិនយល់ព្រមនេះហើយបានជាមានរឿងកើតក្ដីក្ដាំលែងលះគ្នារវាងអ្នកស្រី និងលោកប្រាក់ ប៊ុនថៃ ជាស្វាមី ។ ពេលនោះ លោក ប៉ិច សាលឿន ពាក់សក្ដិ២ខាងក្រុមតន្ដ្រីយោធាភិរម្យស្គាល់អ្នកស្រីតាមរយៈថតកុនបានជួយរត់ការអ្នកស្រីលុបអេតាស៊ីវិល ។ លុះចប់សព្វគ្រប់ក៏ដណ្ដឹងការជាមួយអ្នកស្រីតែម្ដង ។ កូនប្រុសដែលអ្នកស្រីមានជាមួយប្ដីមុនឈ្មោះ នី ណូរ៉ា ឯកូនជាមួយលោក ប៉ិច សាលឿន ឈ្មោះ ប៉ិច ដានីញែល ។ យើងមិនមានព័ត៌មានគ្រប់គ្រាន់ពីជំនាន់ ក្រោយរបស់អ្នកស្រីទេ ៕
